ក្រុមហ៊ុនកម្ពុជាឈ្នះការប្រកួតប្រជែងលំដាប់ពិភពលោកផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ
- 2017-03-11 04:47:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនកម្ពុជាឈ្នះការប្រកួតប្រជែងលំដាប់ពិភពលោកផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ
ចន្លោះមិនឃើញ
កាលពីថ្ងៃទី៤ មីនា ២០១៧ ក្រុមហ៊ុន មរកត ថេកណូឡូជី ត្រូវបានជ្រើសរើសដោយក្រុមហ៊ុន StartupBootCamp នៅសិង្ហបុរី។ មាន ២៥០០ ក្រុមហ៊ុនពីបណ្តាប្រទេសជាង ៤០ ទូទាំងពិភពលោកចូលរួមក្នុងការប្រកួតនេះ។ វគ្គជម្រុះដំបូង មានតែ ៤៥០ ក្រុមហ៊ុនប៉ុណ្ណោះ ជាប់ ហើយជម្រុះលើកទី២ នៅសល់ត្រឹម ២០ ក្រុមហ៊ុន ដែលត្រូវបានអញ្ជើញទៅសិង្ហបុរី ដើម្បីធ្វើបទបង្ហាញពីក្រុមហ៊ុនរបស់ខ្លួន។ ចុងក្រោយ ១២ ក្រុមហ៊ុនដែលទទួលបានជយលាភី ត្រូវចូលរួមកម្មវិធី FinTech StartUp BootCamp Accelerator Program នៅសិង្ហបុរី ៦ ខែ ជាមួយទឹកប្រាក់ ២៥០០០ ដុល្លារសិង្ហបុរី។
កម្មវិធីនេះ ផ្ដោតលើការជ្រើសរើសក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុទើបបង្កើតថ្មី (FinTech) ដែលមានគុណភាព បទដ្ឋាន និងសក្តានុពលខ្ពស់។
StartUpBootCamp ជាក្រុមហ៊ុនលំដាប់ពិភពលោកបង្កើតឡើងនៅប្រទេសដាណឺម៉ាក ហើយបើកសាខានៅសិង្ហបុរី កាលពី ២ ឆ្នាំមុន។ StartUp BootCamp ផ្តោតសំខាន់លើការជួយបង្វឹក និងជំរុញដល់ក្រុមហ៊ុនទើបបង្កើតថ្មី ឲ្យមានលទ្ធភាព និងសមត្ថភាព ក្នុងការពង្រីកអាជីវកម្មខ្លួន។
ជាមោទនភាពសម្រាប់កម្ពុជា មរកត ថេកណូឡូជី ក្រុមហ៊ុនក្នុងស្រុកនាំមុខគេមួយខាងផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ ទទួលបានជ័យជម្នះក្នុងការប្រកួតប្រជែងនេះ។
"កម្មវិធីនេះនឹងជួយជ្រោមជ្រែង និងបង្ហាត់បង្ហាញ មរកត ឲ្យក្លាយទៅជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក"។ នេះបើតាមលោក ឃួន សុភ័ទ្ទ អគ្គនាយកក្រុមហ៊ុន មរកត ថេកណូឡូជី។
សិង្ហបុរី ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងជាកន្លែងដែលអាចជួយ មរកត តភ្ជាប់ទៅបណ្ដាញវិនិយោគទុន និងទីផ្សារផ្សេងៗទៀតក្នុងតំបន់ និងពិភពលោក។ ឆាប់ៗនេះ បុគ្គលិករបស់ក្រុមហ៊ុន មរកត នឹងផ្លាស់ប្ដូរទៅធ្វើការនៅសិង្ហបុរី។ ពួកគេនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកបង្ហាត់បង្ហាញ និងដៃគូវិនិយោគដើម្បីសម្រេចបានគោលដៅពួកគេ។
មរកត ថេកណូឡូជី ដែលបង្កើតឡើងកាលពីពាក់កណ្ដាលឆ្នាំ២០១៤ គឺជាក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធគ្រប់គ្រងប្រាក់កម្ចី និងបញ្ញើ (Core-Banking System) នៅកម្ពុជា។ ក្រុមហ៊ុននេះ មានអតិថិជន ២១ ស្ថាប័នដែលកំពុងប្រើប្រាស់ប្រព័ន្ធនេះ ក្នុងនោះមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ៩ ក្រុមហ៊ុនភតិសន្យា ២ និងប្រតិបត្តិករឥណទានជនបទ ១០។
សម្រាប់ព័ត៌មានបន្ថែម សូមចូលផេកហ្វេសប៊ុក Morakot Technology ឬវិបសាយ [www.morakot.it(http://www.morakot.it/) ៕