រាជធានី​ភ្នំពេញ បង្ហាញ​លម្អិត​ក្នុង​សៀវភៅ​មួយ​ក្បាល​ដោយ​អ្នក​និពន្ធ​អាល្លឺម៉ង់

  • 2017-03-15 10:47:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជធានី​ភ្នំពេញ ដែល​ជា​បេះដូង​នៃ​ប្រទេស​កម្ពុជា ត្រូវ​បាន​រៀប​រាប់​លម្អិត​តាម​រយៈ​រូបភាព អម​ដោយ​សំណេរ​ខ្លីៗ​នៅ​ក្នុង​សៀវភៅ​មួយ​ក្បាល​កម្រាស់​ជាង ២០០​ទំព័រ រៀបរៀង​ដោយ​ការី​និពន្ធ​ជន​ជាតិ​អាល្លឺម៉ង់ Michael Waibel និង​សហការី​មួយ​ចំនួន​ទៀត ដែល​ត្រូវ​​ចំណាយ​ពេល​ប្រមាណ​មួយ​ឆ្នាំ​មក​ហើយ។

លោក Michael Waibel បាន​រំលឹក​ថា កាល​ពី​ឆ្នាំ​១៩៩៦ លោក​បាន​ធ្វើ​ដំណើរ​មក​កម្ពុជា​លើក​ដំបូង ហើយ​ឃើញ​ថា​ពេល​នោះ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​ភាព​ក្រីក្រ និង​គ្មាន​សុវត្ថិភាព​ឡើយ ប៉ុន្តែ ២១​ឆ្នាំ​ក្រោយ ប្រទេស​អាស៊ាន​មួយ​ប្រែ​មុខ​មាត់​យ៉ាង​ខ្លាំង ជា​ពិសេស​លើ​សំណង់​អគារ និង​របៀប​រស់​នៅ​ជា​ដើម។ ដូច​នេះ​ហើយ ទើប​លោក​មាន​គំនិត​បង្កើត​សៀវភៅ​នេះ​ឡើង ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​រីក​ចម្រើន​របស់​រាជធានី​ភ្នំពេញ។

បណ្ឌិត​ផ្នែក​ភូមិវិទ្យា​រូប​នេះ បាន​លើក​ឡើង​ដោយ​សង្ខេប​ថា សៀវភៅ “Phnom Penh Capital City" ចែក​ចេញ​ជា ៦​ផ្នែក​សំខាន់ៗ រៀប​រាប់​ពី​ទិដ្ឋភាព​ពី​ខាង​លើ​នៃ​ទី​ក្រុង​ភ្នំពេញ ការ​ផ្លាស់​ប្ដូរ​តាម​ពេល​វេលា ស្ថាបត្យកម្ម និង​លំនៅ​ឋាន ប្រជាជន​នៅ​ក្នុង​ទី​ក្រុង ដួង​ព្រលឹង​នៃ​ទី​ក្រុង និង​បណ្ដុំ​រូប​ភាព​តូច​ៗ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ ដែល​ផ្នែក​ទាំង​អស់​នេះ សុទ្ធតែ​ប្រមូល​ផ្ដុំ​ដោយ​រូប​ភាព​ពិសេសៗ ពី​អ្នក​ថត​រូប​ប្រមាណ ២០​នាក់។

លោក Michael Waibel ក៏​បាន​សរសើរ​ពី​ស្នាដៃ របស់​បិតា​ស្ថាបត្យកម្ម​ខ្មែរ លោកតា វណ្ណ ម៉ូលីវណ្ណ ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​​ឈាន​ដល់​ចំណុច​កំពូល​ក្នុង​វិស័យ​ស្ថាបត្យកម្ម និង​មាន​សំណង់​តំណាង​ជាតិ​ជា​ច្រើន​ក្នុង​រាជធានី​ភ្នំពេញ ហើយ​លោក​ក៏​សង្ឃឹម​ថា​នឹង​មាន​យុវជន​ជំនាន់​ក្រោយ​អាច​ធ្វើ​បាន​ដូច​នោះ​ម្ដង​ទៀត ដើម្បី​ជួយ​រាជធានី​ភ្នំពេញ​ឲ្យ​កាន់​តែ​រីក​ចម្រើន​ឡើង។

លោក Michael Waibel

ចំណែក​លោក Laurent Genet ប្រធាន​ក្រុមហ៊ុន Audi Cambodia ដែល​ជា​អ្នក​ឧបត្ថម្ភ​​ចំពោះ​ការ​បោះពុម្ព​សៀវភៅ​ខាង​លើ បាន​និយាយ​ថា ភ្នំពេញ​កំពុង​រីក​ចម្រើន​យ៉ាង​ខ្លាំង ហើយ​អគារ​ទំនើប​ៗ​ជា​ច្រើន​កំពុង​តែ​លេច​ខ្លួន​ឡើង​នៅ​រាជធានី​ភ្នំពេញ។ ដូច​នេះ លោក​ពិត​ជា​មាន​ភាព​រីករាយ​ដែល​បាន​ឧបត្ថម្ភ​ការ​បោះ​ពុម្ព​ផ្សាយ​សៀវភៅ​នេះ ហើយ​វា​​ក៏​មិន​មែន​ជា​លើក​ទី១ ដែរ ព្រោះ​ពី​មុន​មក​ក្រុមហ៊ុន Audi ធ្លាប់​ចូល​រួម​ពុម្ព​សៀវភៅ​បង្ហាញ​ទី​ក្រុង​នានា ដូច​ជា​នៅ​ប្រទេស​វៀតណាម​ជា​ដើម។

សៀវភៅ “Phnom Penh Capital City" នឹង​ត្រូវ​ដាក់​លក់​ឆាប់ៗ​នេះ នៅ​តាម​បណ្ណាគារ​នានា និង​តាម​តូប​លក់​សៀវភៅ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប៕

អត្ថបទ៖ គង់ វិសាល