ស៊ី​ម៉ាក់ ​រំពឹង​អាច​គេច​ផុត​តំបន់​កាត់​ចោល ទោះ​ឆ្នាំ​នេះ​ក្រុម​ខ្លាំង​ច្រើន​ក៏​ដោយ

  • 2017-03-16 03:00:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ​ហៅ​កាត់ ស៊ីម៉ាក់ ​មាន​ក្ដី​រំពឹង​ខ្ពស់​ថា​នឹង​អាច​គេច​ផុត​ពី​តំបន់​កាត់​ចោល​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​ឆ្នាំ​នេះ បើ​ទោះ​ជា​ពួកគេ​ចាប់​ផ្ដើម​រដូវ​កាល​មិន​ទាន់​បាន​ល្អ​ខ្លាំង​ក៏​ដោយ។

លោក កែវ សារិន ​គ្រូ​បង្វឹក​ក្រុម​ស៊ីម៉ាក់ ​បាន​បង្ហើប​ថា​ក្រុម​របស់​លោក​កំពុង​តែ​មាន​បញ្ហា​បន្តិចបន្តួច​ជាមួយ​កីឡាករ​បរទេស ដោយសារ​តែ​ពួកគេ​មិន​ទាន់​យល់​ច្បាស់​ពី​ក្បួន​លេង​និង​អ្វី​ដែល​លោក​ចង់​បាន។ យ៉ាងណាមិញ ​អ្វី​គ្រប់​យ៉ាង​នឹង​ត្រលប់​មក​ជា​ល្អ​វិញ ​ក្រោយ​ពី​ធ្វើ​ការ​ហ្វឹកហាត់​ប៉ុន្មាន​សប្ដាហ៍​ទៀត។ លោក បន្ត​ថា​នៅ​រដូវ​កាល​នេះ ​ក្រុម​ទាំង​១២​នៅ​លីគ​កម្ពុជា សុទ្ធ​តែ​បាន​ត្រៀម​ខ្លួន​យ៉ាង​ល្អ ​និង​មាន​កីឡាករ​ល្អ​ៗ​ច្រើន​ជា​ពិសេស​បរទេស​តែ​ម្ដង។ ដោយ​នេះ​អាច​បញ្ជាក់​ថា​ក្រុម​ទាំង​អស់ ​មិន​អាច​មើល​ស្រាល​បាន​ឡើយ ពោល​គឺ​ក្រុម​ខ្លាំង​មិន​ប្រាកដ​ថា​ឈ្នះ​ក្រុម​ខ្សោយ​ ១០០​%​នោះ​ទេ។

លោក កែវ សារិន ​គ្រូ​បង្វឹក​ក្រុម​ស៊ីម៉ាក់

ទន្ទឹម​គ្នា​នេះ​ដែរ ​លោក កែវ សារិន ​បាន​បញ្ជាក់​ថា​ក្រុម​របស់​លោក​នឹង​មិន​កសាង​ប្រវត្តិ​ដដែល​ដូច​ឆ្នាំ​មុន​នោះ​ទេ ​ពោល​គឺ​ឆ្នាំ​នេះ​ធ្វើ​យ៉ាង​ណា​ឱ្យ​បាន​គេច​ផុត​តំបន់​កាត់​ចោល ធ្លាក់​ទៅ​លេង​លីគ​ទី​២។ ខណៈ​ដែល​តាម​គម្រោង ​ប្រធាន​ក្លឹប​នឹង​ស្វែង​រក​កីឡាករ​បរទេស​បន្ថែម​ទៀត​នៅ​ជើង​ទី​២ ដើម្បី​បំពេញ​ចំណុច​ខ្វះ​ខាត​ក្នុង​ក្រុម​។

ស៊ីម៉ាក់ ​ឆ្លង​កាត់​៤​ប្រកួត​កន្លង​មក​នេះ ​ទើប​តែ​ទទួល​បាន​២​ពិន្ទុ​ប៉ុណ្ណោះ ​ដោយ​ស្មើ​២​និង​ចាញ់​២​ប្រកួត។ ២​ប្រកួត​ដែល​ពួកគេ​ស្មើ​នោះ គឺ​ស្មើ​ប៉ូលិស ១-១ ​និង​ស្មើ​ Cambodian Tiger ១-១៕

អត្ថបទ៖ មុន្នីរម្យ