មិន​ខុស​គ្រូ​ដទៃ ​សំ វ៉ាន់ដេត ​ក៏​បារម្ភ​ចំពោះ​ចង្វាក់​លេង​ល្អ​របស់ Booysen Shane ​ដែរ

  • 2017-03-17 03:55:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនួប​ធំ​ប្រចាំ​សប្ដាហ៍ ​ភ្នំពេញ​ក្រោន និង​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​នឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​ស្អែក​វេលា​ម៉ោង​៦​ល្ងាច​ហើយ ​នា​កីឡដ្ឋាន RSN ។

មុន​ការ​ប្រកួត​នោះ​ឈាន​ចូល​មក​ដល់​នេះ​ដែរ លោក សំ វ៉ាន់ដេត ​បាន​បញ្ជាក់​ប្រាប់ Sabay ​ថា​ក្រុម​របស់​លោក​មាន​កីឡាករ​ទទួល​បាន​កាត​លឿង​២​ដង​ម្នាក់ គឺ​នេន សុធារ័ត្ន ​ខណៈ​​ដែល​កីឡាករ ​រស់ គង់សម្រេច ​ក៏​មិន​ទាន់​ច្បាស់​ថា​បាន​លេង​ឬ​អត់​ដែរ។ ចំពោះ​ក្ដី​បារម្ភ​របស់​លោក​វិញ ​ក៏​មិន​ខុស​អ្វី​ពី​គ្រូ​ដទៃ​ទៀត​ដែរ ​ពោល​គឺ​ភ្នំពេញ​ក្រោន​មាន​កីឡាករ​ Shane Booysen ​ដែល​អាច​រក​គ្រាប់​បាល់​គ្រប់​ពេល​វេលា ​និង​តែងតែ​បង្កើត​ឱកាស​ជា​និច្ច។

“យើង​មើល​ឃើញ គាត់​ជា​ខ្សែ​ប្រយុទ្ធ​ម្នាក់ គាត់​កំពុង​តែ​មាន​ទម្រង់​លេង​ល្អ ​និង​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ។ Shane ​ជា​កីឡាករ​ម្នាក់​ដែល​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ​មិន​អាច​ប្រហែស​បាន​នោះ​ទេ”។ សម្ដី​លោក សំ វ៉ាន់ដេត។

ទាក់ទង​នឹង​ការ​ឡើង​ជើង​ខ្លាំង​របស់​ភ្នំពេញ​ក្រោន​វិញ ​គ្រូ​បង្វឹក​ខាង​លើ​មិន​ចាប់​អារម្មណ៍​នោះ​ទេ ​ព្រោះ​ក្រុម​របស់​លោក​ក៏​បាន​រៀប​ចំ​ខ្លួន​ដែរ ​ហើយ​ទាល់​តែ​ចូល​ប្រកួត​ចប់​៩០​នាទី​សិន ទើប​ដឹង​ថា​នរណា​ជា​អ្នក​ខ្លាំង​ជាង​នរណា។ គិត​ត្រឹម​សប្ដាហ៍​ទី​៤​នេះ ​ក្រុមទាំង​ពីរ​មាន​ពិន្ទុ ១០​ពិន្ទុ​ដូច​គ្នា ​ខណៈ​ដែល​គ្រាប់​បាល់​ចំណេញ​វិញ ​ក៏​មាន​ស្មើ​គ្នា​ដែរ ក្រោយ​ពី​៤​ប្រកួត ឈ្នះ​៣​និង​ស្មើ​១​ដូច​គ្នា៕​

អត្ថបទ៖ មុន្នីរម្យ