ឈិត សុជាតា ប្រកាស​ថា នាង​លែង​ជា​មនុស្ស​ក្នុង​សង្គម​សិល្បៈ​ទៀត​ហើយ!

  • 2017-03-21 05:21:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយិកា​ក្រុមហ៊ុន អេស ធី អេ ធួរ អ្នក​នាង ឈិត សុជាតា បាន​ឆ្លើយ​ប្រាប់ Sabay ថា ចាប់​ពី​ពេល​នេះ ត​ទៅ​នាង​នឹង​ឈប់​ពី​សិល្បៈ​រហូត​ហើយ។

នៅ​មុន​នេះ​បន្តិច តារា​សម្ដែង ឈិត សុជាតា ដែល​ស្ងប់ស្ងាត់​ការងារ​សិល្បៈ បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​តាម​រយៈ​ការ​បញ្ចេញ​ឲ្យ​ដឹង​ពី​ការ​ដែល​នាង​សម្រាល​បាន​កូន​ភ្លោះ​នៅ​ប្រទេស​ថៃ ខណៈ​កន្លង​មក ប្រិយមិត្ត​មិន​ទាន់​ដឹង​ពី​រឿង​នាង​មាន​ស្វាមី ធ្វើ​ឲ្យ​ប្រិយមិត្ត​ចង់​ដឹង​នរណា​ជា​ស្វាមី​នាង។

បញ្ហា​នេះ អ្នកនាង បាន​ឆ្លើយ​ប្រាប់ Sabay ថា អ្នក​នាង ពិត​ជា​មាន​ស្វាមី​មែន ដោយ​ស្វាមី​រូប​នោះ ជា​មន្ត្រី​រាជការ​ផង ជា​ពាណិជ្ជករ​ផង។ បែប​នេះ​ក្ដី អ្នកនាង សុំ​មិន​​អធិប្បាយ​លម្អិត​ពី​ឪពុក​របស់​កូន​ភ្លោះនាង តែ​ជំនួស​ដោយ​ការ​ប្រាប់​ថា អ្នក​នាង​លែង​ជា​មនុស្ស​ក្នុង​សង្គម​សិល្បៈ​ទៀត​ហើយ។

“អធ្យាស្រ័យ ដោយ​សារ​ខ្ញុំ​បាន​លា​លែង​ពី​ការងារ​សិល្បៈ​ហើយ ដូច្នេះ​មិន​ចាំ​បាច់​ផ្ដល់​បទ​សម្ភាសន៍​រឿង​ផ្ទៃ​ក្នុង​ឯកជន​ទៀត​ទេ។ អ្វី​ដែល​ខ្ញុំ​ចង់​ប្រាប់​មហាជន​អោយ​ដឹង គឺ​អតីត​អ្នក​សិល្បៈ​ម្នាក់​នេះ មាន​ប្ដី មាន​កូន បាន​សាង​គ្រួសារ​ពេញ​លេញ​១​ហើយ”។ ឈិត សុជាតា ថ្លែង។

អតីត​សិល្បការិនី​មក​ពី​ខេត្ត​តាកែវ​រូប​នេះ បញ្ជាក់​ទៀត​ថា ១០០% គឺ​នាង​ចេញ​ពី​សិល្បៈ​ហើយ ហើយ​នេះ​ជា​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​អ្នក​នាង​ផ្ទាល់ ដោយ​មិន​មាន​ពាក់​ព័ន្ធ​នឹង​ស្វាមី​ឡើយ ព្រោះ​ពេល​នេះ​អ្នក​នាង​មាន​ក្រុម​គ្រួសារ ដែល​មាន​ទាំង​ស្វាមី និង​កូន​ភ្លោះ​ទៀត។ ដូច្នេះ​ការ​សម្រេច​ចិត្ត​ចោល​អាជីព​ដែល​ធ្លាប់​​យឹត​យោង​ខ្លួន​មួយ​នេះ គឺ​ដើម្បី​យក​ពេល​មក​មើល​ថែ​គ្រួសារ។

សុជាតា និង​កូន​ភ្លោះ(រូបថត៖ហ្វេសប៊ុក សុជាតា)

ក្រៅ​អាជីព​សិល្បៈ​ដែល​នាង​មាន​ជំនាញ សម្ដែង ពិធីការិនី និង​បង្ហាញ​ម៉ូដ ឈិត សុជាតា ត្រូវ​បាន​គេ​ដឹង​ថា មាន​ក្រុមហ៊ុន​ទេសចរណ៍​ផ្ទាល់​ខ្លួន​មួយ​ដែរ ដែល​បាន​បើក​ដំណើរ​ការ​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ។ ដូច្នេះ​ហើយ ក្រៅ​ពី​ការ​សម្រេច​​ចិត្ត​ចាក​ចេញ​ពី​សិល្បៈ​ដើម្បី​យក​ពេល​វេលា​ផ្ដល់​ឲ្យ​គ្រួសារ អ្នកនាង ក៏​ត្រូវ​ការ​ពេល​ដើម្បី​យក​ចិត្ត​ទុក​ដាក់​លើ​ជំនួញ​ផ្ទាល់​ខ្លួន​មួយ​នេះ​ដែរ៕

អត្ថបទ៖ ស៊ុនហួត