ភព​ពុធកៀកព្រះអាទិត្យ​កម្តៅ​ឡើង​ខ្ពស់ ៤២៧ អង្សា​សេ ឆ្ងាយ​ដាច់​​ភព​ផែនដី

  • 2017-03-21 08:15:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​​​​​​​​ដោយ​សារ​តែ​ភព​ខ្លះ​​ស្ថិត​នៅ​ឆ្ងាយ​ និង ​ខ្លះ​នៅ​កៀក​​ដុំ​ភ្លើង​ព្រះ​អាទិត្យ​ហេតុ​នេះ​ធ្វើ​ឲ្យ​ស្រទាប់​ខាង​ក្រៅ​របស់​ភព​មាន​សីតុណ្ហភាព​ត្រជាក់​ ឬ ក្ដៅ​ទៅ​តាម​ហ្នឹង​ដែរ។ ខាង​ក្រោម​នេះ​បង្ហាញ​ពី​សីតុណ្ហភាព​ភព​ទាំង​ ៩ រាប់​​ចាប់​ពី​ភព​ដែល​កៀក​ព្រះអាទិត្យ​ជាង​គេ៖

​១. ភព​​ពុធ

ជា​ភព​នៅ​ក្បែរ​ព្រះអាទិត្យ​ជាង​គេ​ ហេតុ​នេះ​ក៏​ជា​ភព​ដែល​មាន​សីតុណ្ហភាព​ក្ដៅ​​ខ្លាំង​មួយ​ដែរ។ យ៉ាងណាក្ដី​​ដោយ​សារ​ភព​ពុធ​មិន​មាន​បរិយាកាស​​ហើយ​ថែម​ទាំង​មាន​ល្បឿន​រង្វិល​យឺត​ទៀត​នោះ​​ទើប​ធ្វើ​ឲ្យ​សីតុណ្ហភាព​​ខុស​គ្នា​ខ្លាំង​ទៅ​តាម​តំបន់​មួយ។ ផ្នែក​ដែល​បែរ​ចំ​ព្រះអាទិត្យ​ជាង​​គេ​អាច​មាន​សីតុណ្ហភាព​ឡើង​ដល់​ ៤២៧ អង្សា​សេ។​ ចំណែក​ផ្នែក​ងងឹត​វិញ​សីតុណ្ហភាព​អាច​ធ្លាក់​ដល់​ -១៨០ អង្សា​សេ។

២. ភព​​សុក្រ

​​ត្បិត​ថា​ជា​ភព​​​​នៅ​ក្បែរ​ព្រះអាទិត្យ​លំដាប់​ទី​ពីរ​ ប៉ុន្តែ​ជា​ភព​ដែល​មាន​សីតុណ្ហភាព​ក្ដៅ​ជាង​គេ​បង្អស់​ក្នុង​ចំណោម​ភព​ទាំង​ ៩ ដោយ​ជា​មធ្យម​សីតុណ្ហភាព​អាច​មាន​ដល់​ ៤៦២។ នេះ​ក៏​ដោយ​សារ​​​ភព​សុក្រ​​មាន​បរិយាកាស​ដ៏​ក្រាស់ ដែល​មាន​​ដោយ​ពពក​ផ្ទុក​សារធាតុ​កាបូន​ឌីអុកស៊ីត​និង​អាស៊ីត​ស៊ុលផួរិច។ ឧស្ម័ន​ពីរ​នេះ​បង្កើត​បាន​ជា​បាតុភូត​ផ្ទះ​បៃតង​ដ៏​ខ្លាំង​ក្លា​ដែល​ឃុំ​​កម្ដៅ​ព្រះអាទិត្យ​ទុក​ ធ្វើ​ឲ្យ​ផ្ទៃ​ខាង​ក្រៅ​របស់​ភព​នេះ​ឡើង​កម្ដៅ​ខ្លាំង។

៣. ភព​ផែនដី​

សីតុណ្ហភាព​ជា​មធ្យម​លើ​ភព​ផែនដី​គឺ​ ១៦ អង្សា​សេ​ ប៉ុន្តែ​សីតុណ្ហភាព​​ជុំវិញ​ភព​អាច​ប្រែ​ប្រួល​តាម​ពេល​វេលា, ទឹក​សមុទ្រ, ខ្យល់​ និង ស្ថានភាព​ធាតុអាកាស។ តំបន់​ដែល​មាន​សីតុណ្ហភាព​ត្រជាក់​ជាង​គេ​លើ​ផែនដី​គឺ​​នៅ​ទ្វីប​អង់តាកទិច​ដែល​មាន​ -៨៩,២ អង្សា​សេ​ ឯ​តំបន់​ក្ដៅ​ជាង​គឺ​វាល​ខ្សាច់​ប្រទេស​អ៊ីរ៉ង់​កម្ដៅ​ឡើង​ដល់​ ៧០,៧ អង្សា​សេ។

៤. ភព​អង្គារ

សីតុណ្ហភាព​ជា​មធ្យម​របស់​ភព​អង្គារ​គឺ​មាន​ត្រឹម​ -៦០ អង្សា​សេ ប៉ុន្តែ​ភព​ក្រហម​នេះ​ក៏​មាន​ការ​ប្រែ​ប្រួល​​ខ្លះៗ​ដោយ​នៅ​រដូវ​ត្រជាក់​​សីតុណ្ហភាព​​នៅ​តំបន់​ប៉ូល​សីតុណ្ហភាព​អាច​ចុះ​ដល់​ -១២៥ អង្សា​សេ។ នៅ​រដូវ​ក្ដៅ​វិញ​សីតុណ្ហភាព​អាច​ឡើង​ដល់​ ២០ អង្សា​សេ​នៅ​តំបន់​អេក្វាទ័រ​ ប៉ុន្តែ​ពេល​យប់​អាច​ចុះ​ត្រជាក់​ដល់​ -៧៣ អង្សា​សេ។

៥. ភព​ព្រហស្បតិ៍​

​​​​​​​​​​​ដោយ​សារ​តែ​ភព​ព្រហស្បតិ៍​សម្បូរ​ដោយ​ឧស្ម័ន​ហេតុ​នេះ​​ស្រទាប់​រឹង​ផ្នែក​ខាង​ក្រៅ​ឡើយ ដូច​នេះ​មិន​មាន​សីតុណ្ហភាព​ស្រទាប់​​ខាង​ក្រៅ។ ប៉ុន្តែ​តាម​ការ​វាស់​សីតុណ្ហភាព​ពី​​​ពពក​​ខ្ពស់​ៗ​​របស់​ភព​ព្រហស្បតិ៍​បាន​បង្ហាញ​ពី​សីតុណ្ហភាព​ -១៤៥ អង្សា​សេ។

៦. ភព​សៅរ៍​

ដោយ​សារ​នៅ​ឆ្ងាយ​ពី​ព្រះ​អាទិត្យ​ ហេតុ​នេះ​ភព​សៅរ៍​ជា​ភព​​​សម្បូរ​ដោយ​ឧស្ម័ន​ត្រជាក់​មួយ។ ពពក​នៃ​ភព​នេះ​មាន​បី​ស្រទាប់​ដោយ​ស្រទាប់​ទី​មួយ​​មាន​ដោយ​ទឹកកក​អាម៉ូញ៉ាក់​មាន​សីតុណ្ហភាព​ចន្លោះ​ពី​ -១៧៣ អង្សា​សេ ទៅ​ -១១៣ អង្សា​សេ។ ស្រទាប់​ទី​ពីរ​​មាន​ផ្ទុក​ទឹកកក​សើម​មាន​សីតុណ្ហភាព​ពី​ -៨៨ អង្សា​សេ ទៅ​ -៣ អង្សា​សេ។ ចំណែក​ស្រទាប់​ក្រោម​គេ​មាន​សីតុណ្ហភាព​​ធ្លាក់​ចុះ​ដល់​ ៥៧ អង្សា​សេ។

៧. ភព​អ៊ុយរ៉ានុស​

​​​​​​​អ៊ុយរ៉ានុស​ជា​ភព​ត្រជាក់​ជាង​គេ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​​ដោយ​មាន​កំណត់​ត្រា​សីតុណ្ហភាព​ត្រជាក់​បំផុត​ដល់​ -២១៨ អង្សា​សេ។

៨. ភព​ណិបទូន​

ក៏​ជា​ភព​មួយ​ក្នុង​ចំណោម​ភព​ត្រជាក់​ជាង​គេ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ដោយ​សីតុណ្ហភាព​ជា​មធ្យម​គឺ​ -២១៤ អង្សា​សេ។

​៩. ភព​ភ្លុយតុង​

​ពេល​ដែល​ភព​ភ្លុយតុង​មាន​សីតុណ្ហភាព​ក្ដៅ​បំផុត​គឺ​​នៅ​ពេល​​វា​ស្ថិត​នៅ​ជិត​ព្រះអាទិត្យ​​បំផុត​​ដោយ​សីតុណ្ហភាព​អាច​នៅ​ត្រឹម​​ -២២៣ អង្សា​សេ ហើយ​​ពេល​ដែល​ត្រជាក់​បំផុត​សីតុណ្ហភាព​អាច​ធ្លាក់​ដល់​ -២៣៣ អង្សា​សេ៕​​​​

ប្រភព៖ Space   ប្រែ​សម្រួល៖ សុខហេង