អាជ្ញាកណ្ដាលកម្រទទួលបានការសរសើរ តែផលវិបាកទាំងនេះ មហាជនកម្រដឹង
- 2017-03-30 03:18:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជ្ញាកណ្ដាលកម្រទទួលបានការសរសើរ តែផលវិបាកទាំងនេះ មហាជនកម្រដឹង
ចន្លោះមិនឃើញ
អាជ្ញាកណ្តាលបាល់ទាត់ដើរតួនាទីដ៏សំខាន់មួយនៅក្នុងវិស័យកីឡាបាល់ទាត់ ប៉ុន្តែជារឿងៗពួកគេមិនសូវទទួលបានការកោតសរសើរពីមហាជនប៉ុន្មានឡើយ។ ផ្ទុយពីការកោតសរសើរ និងលើកទឹកចិត្ត អាជ្ញាកណ្តាលបាល់ទាត់តែងតែទទួលរងការរិះគន់ផ្សេងៗ ហើយពួកគាត់ក៏មានផលលំបាកខ្លាំងដែរ។ លោក ទុយ វិច្ឆិកា ប្រធានការិយាល័យអាជ្ញាកណ្ដាលរបស់សហព័ន្ធបាល់ទាត់កម្ពុជា (FFC) បង្ហើបពីផលវិបាករបស់អាជ្ញាកណ្ដាលកម្ពុជា។
ត្រូវការហ្វឹកហាត់ខ្លាំង ៣ដងយ៉ាងតិចក្នុងមួយសប្ដាហ៍ ប៉ុន្តែគ្មានចំណូលពេលហ្វឹកហាត់
គ្មានប្រាក់កម្រៃទទួលបាន៥០ដុល្លារក្នុងមួយប្រកួត
ត្រូវធ្វើការងារផ្សេង ឬប្រកបការងារបន្ថែម ដើម្បីចិញ្ចឹមគ្រួសារ
រងការរិះគន់សឹងគ្រប់ការប្រកួត
ប្រធានការិយាល័យអាជ្ញាកណ្ដាល របស់សហព័ន្ធបាល់ទាត់កម្ពុជារូបនេះបានឲ្យដឹងថា អាជ្ញាកណ្ដាលកម្ពុជាមានផលវិបាកមួយចំនួន ដែលជាទូទៅអ្នកទស្សនាកម្របានដឹងពីពួកគាត់។ សព្វថ្ងៃគ្រប់អាជ្ញាកណ្ដាលទាំងអស់ត្រូវហ្វឹកហាត់ឲ្យបានគ្រប់គ្រាន់ជៀសវាងការរត់រមួលក្រពើពេលកំពុងប្រកួត ហើយការហ្វឹកហាត់របស់អាជ្ញាកណ្ដាលគ្មានចំណូល ឬប្រាក់ខែដូចកីឡាករឡើយ។
លោក ទុយ វិច្ឆិកា បន្ថែមថា លើសពីនេះទៀត ពិបាករកអ្នកស្រលាញ់អាជីពនេះមកធ្វើការមែនទែន ពីព្រោះប្រាក់ចំណូលតិច ហើយតែងរងការរិះគន់ពេលកាត់ក្ដីមិនបានល្អ។ បន្ថែមលើសពីនេះទាមទារឲ្យមានសមត្ថភាពច្រើនមុខ ទាំងភាសាបរទេស កាយសម្បទាខ្ពស់ល្អ និងមានភាពទៀងត្រង់មិនស៊ីសំណូក។
បច្ចុប្បន្នអាជ្ញាកណ្ដាលដែលបញ្ជាការប្រកួតក្របខ័ណ្ឌលីគកំពូលកម្ពុជាមាន១០រូបប៉ុណ្ណោះគឺលោក ជី សាមឌី, ឃួន វិរៈ, ស៊ាំង សុភ័គ, ថោង ច័ន្ទកិត្យា, អឿន សំរឹទ្ធ, ជួប ស៊ីពិសាល, ប្រាក់ ព្រហស្បវិសា, រតនា សុយុទ្ធត្រា និង២នាក់ទៀតដែលកម្រិតកាត់ក្តីនៅទាបគឺលោក រិទ្ធ វីណូតា និង ស ជួបវាសនា ៕