Ranieri ​ជា​បេក្ខភាព ​អាច​នឹង​ឡើង​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​ថៃ

  • 2017-04-04 04:49:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Claudio Ranieri ​អតីត​អ្នកចាត់ការ​ក្រុម​ Leicester City ​​​គឺជា​​បេក្ខភាព​មួយ​រូប​ ក្នុង​ចំណោម​បេក្ខភាព​ច្រើន​នាក់​ទៀត​ ដែល​អាច​នឹង​ឡើង​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​ថៃ ​​ជំនួស​តំណែង​លោក​ Kiatisuk Senamuang ​ដែល​បាន​លាលែង​ពី​តំណែង​ កាល​​សប្ដាហ៍​មុន។

វីរបុរស​​ថៃ ​Senamuang ​ឈ្មោះ​ក្រៅ​ Zico ​​បាន​លាលែង​ពី​តំណែង​​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ កាល​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ បន្ទាប់​ពី​​៧​ប្រកួត​នៅ​​វគ្គ​ជម្រុះ​​ជុំ​ទី​៣​ World Cup 2018 ​ចាញ់​៦​ប្រកួត ​និង​ចុង​ក្រោយ​ចាញ់​​ជប៉ុន​​ ៤-០ ​ទៀត។

លោក​ Ranieri ​ធ្លាប់​ដឹក​នាំ​ក្រុម​​ជម្រើស​ជាតិ​ក្រិក​ និង​ធ្លាប់​ដឹក​នាំ​ក្រុម​ Chelsea។ ជា​ពិសេស​លោក​ បាន​ដឹក​នាំ​ Leicester ​ឲ្យ​​លើក​ពាន​ Premier League ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ កាល​ពី​រដូវ​​កាល​មុន ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។ បុរស​វ័យ​៦៥​ឆ្នាំ​រូប​នេះ​ ក៏​ធ្លាប់​ដឹក​នាំ​ក្រុម​ Leicester ​មក​លេង​មិត្តភាព​ទល់​នឹង​ជម្រើស​ជាតិ​ថៃ ​កាល​​ឆ្នាំ​មុន​ផង​ដែរ ​មុន​ពេល​ត្រូវ​ក្លឹប​បណ្តេញ​ចេញ​ពី​តំណែង ​​កាល​ខែ​កុម្ភៈ ​ដោយសារ​ដឹក​នាំ​ក្រុម​ពុំ​បាន​ល្អ​ រដូវ​កាល​នេះ។

ក្រៅ​ពី​ Ranieri ​​​​សហព័ន្ធ​បាល់ទាត់​ថៃ ​​កំពុង​ពិចារណា​​ចង់​បាន​លោក​​ Alejandro Sabella ​អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ ដែល​ជួយ​ឲ្យ​អាហ្សង់ទីន​ ឡើង​ដល់​ផ្តាច់ព្រ័ត្រ​ World Cup 2014, អតីត​គ្រូ​បង្វឹក​ជប៉ុន​ Takeshi Okada, អតីត​គ្រូ​បង្វឹក​ U-23 ជប៉ុន​ Makoto Teguramori, អតីត​គ្រូ​បង្វឹក​ចាម៉ៃកា Winfried Schäfer ​(ធ្លាប់​ដឹក​នាំ​ថៃ​ពី​មុន​ដែរ), លោក​ Totchtawan Sripan ​អ្នកចាត់ការ​ក្រុម​ Muangthong United ​និង​ Dragan Talajić ​អតីត​អ្នកចាត់ការ​ក្រុម​ Muangthong ​ផង​ដែរ៕

ប្រភព៖ ESPN FC   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

អត្ថបទពេញនិយម