"​ត្រុដិ" ​ របាំ​ប្រជាប្រិយ​​ ដេញ​គ្រោះ​ចង្រៃ​ និង​សុំ​ពរ​​សុភមង្គល​សម្រាប់​ឆ្នាំ​ថ្មី​

  • 2017-04-05 08:04:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាំ​ត្រុដិ​ ​ជា​របាំ​​ដ៏​​​មាន​ប្រជាប្រិយ​ ដែល​គេ​និយម​លេង​​​​ក្នុង​​ពេល​ចូល​​ឆ្នាំ​ខ្មែរ​​ដើម្បី​ប្រសិទ្ធិ​ សព្វ​សាធុការ​ជូន​ពរ​ដល់​អ្នក​ភូមិ អ្នក​ស្រុក​ និង​បណ្ដេញ​គ្រោះ​ចង្រៃ​ពី​ឆ្នាំ​ចាស់​ និង​នាំ​មក​នូវ​ភាព​សម្បូរ​សប្បាយ​​ សម្រាប់​ឆ្នាំ​ថ្មី​។

តាម​ឯកសារ​ស្ដី​ពី​របាំ​​ប្រជាប្រិយ​ខ្មែរ​របស់​ក្រុម​​​ជំនំ​​ទំនៀម​ទម្លាប់​​បាន​បញ្ជាក់​ថា "ត្រុដិ" ជា​ពាក្យ​ដើម​​មក​ពី​ភាសា​ សំស្ក្រឹត​​ ប្រែ​ថា ផ្ដាច់​ឬ​កាត់​ផ្ដាច់​ សំដៅ​ដល់​ការ​ផ្ដាច់​​ឆ្នាំ​ចាស់​ចូល​ទៅ​ឆ្នាំ​ថ្មី​។

តាម​រយៈ​ការ​​សំដែង​​របាំ​នេះ នៅ​ឱកាស​បុណ្យ​​ចូល​ឆ្នាំ​ នៅ​គ្រប់​ស្ថាប័ន​ ក្រុមហ៊ុន​ ឬ​នៅ​តាម​​ស្រុក​ភូមិ ប្រជាពលរដ្ឋ​ តែង​មាន​សេចក្ដី​សប្បាយ​រីក​រាយ​​ ព្រោះ​អ្នក​រាំ​របាំ​ត្រុដិ​បាន​ចូល​ទៅ​ដល់​មុខ​ផ្ទះ ក្រុមហ៊ុន ផ្ទាល់​ ស្រប​ពេល​ដែល​ពួក​គេ​មាន​ជំនឿ​ថា​ ក្នុង​ឆ្នាំ​ថ្មី​​សុភមង្គល​​ លាភសក្ការៈ នឹង​កើត​មាន​ឡើង​ក្នុង​ស្ថាប័ន ក្នុង​ស្រុក​ ភូមិ​របស់​ពួក​គេ​ជា​មិន​ខាន​។

ការ​សម្ដែង​របាំ​ត្រុដិ គឺ​មាន​​ការ​រៀប​ចំ​ជា​លក្ខណៈ​សាមញ្ញ ដោយ​គេ​ដង្ហែ​ជា​ក្បួន​ទៅ​មុខ ដោយ​មាន​អ្នក​​​កាន់​​ដង​ចន្ទោល ដែល​មាន​ការ​ចង​​​កំណាត់​​លម្អ និង​មាន​សិល្បករ​​ម្នាក់​ជា​អ្នក​រាំ​​នាំ​ផ្លូវ​។ គេ​អាច​ឃើញ​ពិធី​រាំ​នោះ គឺ​​ហាក់​ដូច​ជា​អ្នក​រាំ​ ឬ​អ្នក​ហែ​កំពុង​ជិះ​រទេះ​មួយ​​។ នៅ​ខាង​ចុង​នៃ​ដង​ចន្ទោល គឺ​មាន​​កូន​ថង់​​​​​​​​មួយ​សម្រាប់​រៃ​អង្គាស​ប្រាក់ ហើយ​អ្នក​ដែល​មក​ឈរ​​​មើល​ការ​រាំ​របាំ​ត្រុដិ​ នឹង​មាន​សទ្ធា​​ជ្រះ​ថ្លា​ ពួក​គេ​នឹង​ដាក់​ប្រាក់​​ក្នុង​ថង់​នោះ ព្រោះ​គេ​មាន​ជំនឿ​ថា​បុណ្យ​កុសល​​ ដែល​បាន​ដាក់​ទាន នឹង​ចម្លង​គ្រោះ​កាច​ចង្រៃ​នៃ​ឆ្នាំ​ចាស់​ទៅ​បាត់​អស់ ហើយ​​ចូល​ឆ្នាំ​ថ្មី​សិរី​សួស្ដី​សុភមង្គល នឹង​មក​ដល់​។ ​

ដោយ​ឡែក​ តាម​ទម្លាប់​​របស់​​​ប្រជាជន​ខ្មែរ​ក្រៅ​តែ​ពី​សម្ដែង​របាំ​នោះ​នៅ​​ឱកាស​បុណ្យ​ចូល​ឆ្នាំ​​​​ ជួន​កាល​គេ​លេង​​របាំ​​នោះ​ម្ដង​ៗ នៅ​ពេល​គេ​ប្រារព្ធ​ពិធី​បន់​ស្រន់​​សុំ​ទឹក​ភ្លៀង​ឲ្យ​ស្រោច​ស្រព​ពេញ​មួយ​ឆ្នាំ​ ​ទៅ​តាម​កន្លែង​ដែល​​មាន​ការ​រាំង​ស្ងួត​​ខ្វះ​ទឹក​ភ្លៀង​​រយៈ​ពេល​យូរ​​ផង​ដែរ​។

ផ្អែក ​លើ​ឯកសារ​នៃ​ការស្រាវជ្រាវ​របស់​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ​​ដដែល​​​ បាន​ លើក​ឡើង​ទៀត​​ថា ប្រវត្តិ​និង​ដើម​កំណើត​នៃ​របាំ​ត្រុដិ​គឺ​មាន​ប្រភព​ច្រើន ​ ក្នុង​នោះ​មាន​ប្រភព​បែប​រឿង​និទាន ប្រភព​បែប​ជំនឿ​អ្នកស្រុក​និង​ប្រភព​ អ្នក​ស្រាវជ្រាវ ។

ប៉ុន្តែ​បើ​ផ្អែក​​​ លើ​​​ឯកសារ​ខ្លះ​ទៀត​ថា ​ របាំ​ត្រុដិ ​មាន​ប្រវត្តិ​ចេញ​ពី​ជន​ជាតិ​ដើម​ភាគ​តិច​សំរ៉ែ តាំង​ពី​យូរយារ​​​ណាស់​មក​ហើយ។  ​វា​​ជា​មរតក​បន្ត​​ពី​​​​​ជំពូក​​​​ជនជាតិ​ដើម​ភាគ​តិច​​មួយ​នេះ ​​និង​​​​​​ជា​ចំណែក​មួយ​នៃ ​អារ្យធម៌​អំបូរ អូស្រ្តូអាស៊ី​យាង ដែល​​​បាន​ចាប់​​​កំណើត​នៅ​​ដែនដី​​​​​​ប្រទេស ​កម្ពុជា​សព្វ​ថ្ងៃ​ តាំង​ពី​​​បុរាណ​កាល​​​រាប់​​ពាន់​ឆ្នាំ​​មុន។ ​​​​​ប្រពៃណី វប្បធម៌​​​ដ៏​យូរលង់​​​​​ ក៏​នៅ​បន្ត​​​រហូត​ដល់​​សង្គម​សម័យ​នា​បច្ចុប្បន្ន​ របាំ​ ត្រុដិ តែង​ទទួល​ការ​ពេញ​និយម​​សម្ដែង​ក្នុង​កម្មវិធី​នានា​ពុន​ឆ្នាំ​​ថ្មី​ប្រពៃណី​ជាតិ​ចូល​មក​ដល់៕

អត្ថបទ៖ មាន រតនា

អត្ថបទថ្មី