យុវវ័យចូលចិត្តរាំបទញាក់ ជាងបទចង្វាក់ប្រពៃណី?
- 2017-04-06 08:05:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវវ័យចូលចិត្តរាំបទញាក់ ជាងបទចង្វាក់ប្រពៃណី?
ចន្លោះមិនឃើញ
មនុស្សជាច្រើនគិតថា ការរាំគ្រាន់តែជាការកម្សាន្តរបស់ពួកគេប៉ុណ្ណោះ តែតាមការពិតវាហាក់ដូចជាសិល្បៈម្យ៉ាងដែលមានក្បួនខ្នាតរៀនត្រឹមត្រូវ។ ពេលខ្លះការរាំអាចជាការបង្ហាញនូវវប្បធម៌របស់ប្រទេសមួយ។ កម្ពុជាជាប្រទេសមានក្បាច់រាំដ៏សម្បូរបែបដូចជារាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ និងឡាំលាវជាដើម។
បច្ចុប្បន្នពេលបុណ្យភ្ជុំបិណ្ឌចូលឆ្នាំ និងពិធីជប់លៀង ឫមង្គលការ យើងសង្កេតឃើញថាថ្វីដ្បិតតែក្បាច់រាំប្រពៃណីខ្មែរនៅតែមានភាពពេញនិយមយ៉ាងណាក៏ដោយ ប៉ុន្តែយុវជនមួយចំនួននៅមិនទាន់ចូលចិត្តចង្វាក់បែបយឺតៗនេះទេ។ ផ្ទុយទៅវិញយុវវ័យមួយចំនួនចូលចិត្តរាំបែបញាក់កន្ត្រាក់ញ័រញាក់។
មិនថាក្នុងឱកាស ឬកម្មវិធីណានោះទេយើងចាប់អារម្មណ៍ឃើញថា នៅពេលដែលតន្ត្រីចាប់បន្លឺបទញាក់ ឬកន្ត្រាក់ យុវជនជាច្រើនបាននាំគ្នាឡើងរាំយ៉ាងគគ្រឹកគគ្រេងប៉ុន្តែបើបទរាំវង់ ជាពិសេសចង្វាក់ក្បាច់មិនសូវមានអ្នកចូលរាំអ៊ូអរឡើយ។
យុវជន ឈិន សុផានិត មានអាយុ២៣ឆ្នាំ ជាអ្នកបញ្ចូលបទភ្លេងទូស័ព្ទនៅម្ដុំវត្តសន្សំកុសល បានប្រាប់ឲ្យដឹងថា៖ «មិនថាជាពិធីអ្វីនោះទេពេលឮបទញាក់ខ្ញុំ និងមិត្តភ័ក្ដិបាននាំគ្នាឡើងរាំយ៉ាងគគ្រឹកគគ្រេង ប៉ុន្តែនៅពេលគេប្ដូរមកចាក់បទរាំវង់ ជាពិសេសចង្វាក់ក្បាច់ គឺពួកខ្ញុំមិនសូវចូលរាំនោះទេ ណាមួយពួកខ្ញុំក៏មិនសូវជាចេះបទចង្វាក់រាំវង់ឫក្បាច់ដែរ។
ផានិត បន្តថា ទោះបីជាពួកខ្ញុំមិនចូលចិត្តរាំចង្វាក់ប្រពៃណីយ៉ាងណាក៏ដោយ តែពេលខ្លះចេះឫមិនចេះក៏ពួកខ្ញុំក៏បានចូលរាំលេងកម្សាន្តដែរ តាមបទមួយចំនួនដូចជា បទកន្ទ្រឹម លាំលាវ សារ៉ាវាន់ ព្រោះទោះបីជាមិនសូវចេះរាំ តែស្រឡាញ់ការរាំរបស់ខ្មែរណាស់ ដោយក្បាច់រាំនីមួយៗមានក្បួនខ្នាតត្រឹមត្រូវដែលខុសពីការរាំរបស់ប្រទេសដទៃ។
លោក គឹម រ៉ាយុទ្ធ រស់នៅស្រុកអរិយក្សត្រ ខេត្តកណ្ដាល ដែលជាអ្នកប្រកបរបរជួលធុងបាស់ និងជាអ្នកចាក់ចម្រៀងផងនោះ បានឲ្យដឹងថា ពេលឱកាសបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌចូលមកដល់ អ្នកស្រុកតែងតែមកជួលធុងបាស់ខ្ញុំទៅចាក់រាំលេងកម្សាន្តជួបជុំជាមួយបងប្អូនញាតិមិត្ត និងអ្នកស្រុកភូមិជិតឆ្ងាយយ៉ាងសប្បាយរីករាយ។
លោក រ៉ាយុទ្ធ បានបន្តថា តាមការកត់សម្គាល់របស់ខ្ញុំ ពេលដែលខ្ញុំចាក់បទរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ និង ឡាំលាវ មិនសូវមានយុវវ័យនាំគ្នាចូលរាំនោះទេ បើបទកន្ទ្រឹមគឺមានយុវវ័យយើងគាត់ចូលរាំច្រើនដែរ តែនៅពេលខ្ញុំប្ដូរមកចាក់បទញាក់ៗ គឺយុវវ័យយើងភាគច្រើនគាត់បាននាំគ្នាចូលរាំយ៉ាងគគ្រឹកគគ្រេងខុសពីពេលចាក់បទចង្វាក់ប្រពៃណី៕