​សប្ដាហ៍​នេះ សំ វ៉ាន់ដេត សង្ឃឹម​​ឈ្នះ​ទ័ព​​​រហូត​៧០​%​​​ក្រោម​​ហេតុ​ផល​...​

  • 2017-04-21 01:29:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក សំ វ៉ាន់​ដេត​ គ្រូ​បង្វឹក​​ក្រុម​បាល់ទាត់ព្រះខ័នរាជ​​ស្វាយរៀង​​លើក​ឡើង​ថា ​ក្រុម​របស់​លោក​មាន​ក្ដី​រំពឹង​ឈ្នះ​ទៅ​លើ​ក្រុម​ក្រសួង​ការពារ​ជាតិ​​ (ទ័ព​) រហូត​​៧០​%​ នៃ​ជំនួប​ចុង​សប្ដាហ៍​នេះ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា ​ដោយ​​លើក​ហេតុ​ផល​​កែប្រែ​ចំណុច​ខ្វះខាត​​បាន​រួចរាល់។

លោក សំ វ៉ាន់​ដេត

​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង​​បាន​បរាជ័យ​ជាប់​ៗ​គ្នា​ក្នុង​ជំនួប​​ប៉ះ​ទ័ព​៤​​​លើក​ចុង​ក្រោយ។ ​ប៉ុន្តែ​នា​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៧ នេះ​ក្រុម​ទាំង​ពីរ នឹង​ប៉ះ​គ្នា​ក្នុង​ជំនួប​ជើង​ទី​១ នៃ​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​៨​​​​នៅ​ទីលាន​ស្តាត​ចាស់​​វេលា​ម៉ោង៦​:០០​នាទីល្ងាច។

​ទាក់​ទង​នឹង​ប្រកួត​នេះ​​គ្រូ​បង្វឹក​​ខាង​លើ​​បាន​ឲ្យ​ដឹង​ថា ​ហេតុ​ផល​ដែល​លោក​គិត​ថា​អាច​ឈ្នះ​ទ័ព​គឺ​ចំណុច​ខ្វះខាត​ដែល​លោក​មើល​ឃើញ​ធ្លាប់​ចាញ់​ទ័ព​កន្លង​មក​ត្រូវ​បាន​កែប្រែ​រួច​រាល់​ទាំង​ស្រុង។ ​ប៉ុន្តែ​ទោះ​ជា​​បែប​នេះ​ក្ដី​​លោក​​នៅ​តែ​ប្រាប់​កូន​ក្រុម ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​គ្រប់​ពេល​វេលា​ក្នុង​កំឡុង​ប្រកួត​ ដើម្បី​បិទ​កីឡាករ​របស់​ម្ចាស់​ផ្ទះ​មិន​ឲ្យ​ទាត់​បញ្ចូល​ទី​​ក្រុម​ខ្លួន។

​លោក​លើក​ឡើង​ទៀត​ថា ប្រកួត​ខាង​មុខ​នេះ​មាន​បញ្ហា​តិច​តួច​​ដោយ​សារ​ការ​អវត្តមាន​​ខ្សែ​ការពារ រស់ គង់​សម្រេច ​និង​ខ្សែ​បម្រើ​ សំអឿន ពិដោរ។ ​ជំនួប​នេះ​ជា​ការ​ប្រកួត​ដ៏​សំខាន់​បំផុត ដែល​ធ្វើ​ឲ្យ​លោក​ត្រូវ​តែ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​​ដល់​កម្រិត​ខ្ពស់​មួយ​ ដើម្បី​ប្រជែង​យក​៣​ពិន្ទុ​ពី​ទ័ព​ឲ្យ​បាន។

ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង​

​​ព្រះ​ខ័ន​រាជ​ស្វាយរៀង​​ ប្រកួត​៧​លើក​នៃ​ក្របខណ្ឌ​លីគ​កំពូល​កម្ពុជា​មិន​ទាន់​ចាញ់​នោះ​ទេ​ ដោយ​ពួក​គេ​ឈ្នះ​៦​លើក និង​ស្មើ​​មួយ​លើក​។ បច្ចុប្បន្ន​​​​​ក្រុម​នេះ​កំពុង​ស្ថិត​នៅ​កំពូល​តារាង​លីក​កំពូល​កម្ពុជា​​​ដោយ​មាន​១៩​ពិន្ទុ​។

​ចំណែក​ក្រសួង​ការពារ​ជាតិ​ឆ្លង​កាត់​៧​ប្រកួត​កន្លង​មក​ ឈ្នះ​៥​​និង​ស្មើ​២​លើក​ពោល​គឺ ​មិន​ទាន់​​ស្គាល់​ពាក្យ​​បរាជ័យ​ដូច​គ្នា។ ​ក្រុម​​ដែល​មាន​​លោក ទេព ឡុង​រចនា ជា​គ្រូ​បង្វឹក​​​​កំពុង​ស្ថិត​នៅ​លេខ២​ដោយ​មាន​១៧​ពិន្ទុ៕

ក្រុម​ក្រសួង​ការពារ​ជាតិ

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​