ចាន់ រតនា វ៉ៃមិន​រាថយ​ដើម្បី​ប្រទេស គ្រួសារ ​និង​ក្បាច់​​គុន​បុរាណ​ខ្មែរ

  • 2017-04-21 02:25:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​វាយ​ក្នុង​ទ្រុង​កម្ពុជា ចាន់ រតនា ​នឹង​ត្រូវ​តតាំង​ជាមួយ​ជើង​ខ្លាំង​ចិន​ Xie Bin ​នៅ​ល្ងាច​នេះ​ហើយ ​ក្នុង​ការ​ប្រកួត​ ONE Championship : KINGS OF DESTINY ​នៅ​ទីក្រុង​ Manila ​ប្រទេស​ហ្វីលីពីន។

មុន​ការ​ប្រកួត​ចាប់​ផ្ដើម​នេះ​ដែរ ​វិបសាយ​បរទេស​ជា​ច្រើន​បាន​ចាប់​អារម្មណ៍​ទៅ​លើ​សមត្ថភាព​របស់ រតនា ​ដែល​ជា​ជើង​ខ្លាំង​មួយ​រូប​របស់​កម្ពុជា ​កើត​ចេញ​ពី​អ្នក​ប្រដាល់​គុន​បុរាណ​ខ្មែរ។ ពួកគេ​បាន​សរសេរ​ដាក់​ចំណង​ជើង​ធំ​ៗ​ថា ​ចាន់ រតនា ​ឡើង​ប្រកួត​លើក​នេះ​គឺ​ដើម្បី​ប្រទេស គ្រួសារ ​និង​បង្ហាញ​ពី​ក្បាច់​គុន​បុរាណ​ខ្មែរ ​ឱ្យ​បរទេស​បាន​ឃើញ។

រូបកាលប្រកួតមុន

ក្នុង​នោះ​ទៀត​សោត ​កីឡាករ​បទ​ពិសោធន៍​ពេញ​ខ្លួន​របស់​កម្ពុជា​ខាង​លើ​ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ដែរ​ថា​៖ “ខ្ញុំ​ពិត​ជា​ចង់​បង្ហាញ​អ្នក​រាល់​គ្នា​ពី​វប្បធម៌​ដ៏​រុងរឿង​របស់​ខ្ញុំ ​និង​សង្គ្រាម​ស៊ីវិល​សម្រាប់​ប្រជាជន​អស់​ជា​ច្រើន។ ឥឡូវ​នេះ​ប្រទេស​របស់​ខ្ញុំ​មាន​សន្តិភាព​ហើយ សង្គ្រាម​គឺ​ជា​អតីត​កាល ​ហើយ​ខ្ញុំ​ចង់​ប្រាប់​អ្នក​ថា​កម្ពុជា​នឹង​ខ្លាំង​ម្ដង​ទៀត”។

រូបកាលប្រកួតមុន

ចាន់​ រតនា​ ធ្លាប់​បាន​ប្រកួត​ប្រដាល់​សេរី​បាន​រហូត​ដល់​៩០​ដង​ក្នុង​នោះ​ក៏​មាន​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ផង​ដែរ។ ក្រៅ​ពី​សាង​កេរ្តិ៍​ឈ្មោះ​ល្បី​លើ​សង្វៀន​ប្រដាល់​សេរី​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ កីឡាករ​រូប​នេះ​បាន​ឃ្លាត​ឆ្ងាយ​ពី​ប្រដាល់​សេរី​ ប៉ុន្តែ​​បែរ​ជា​លេច​មុខ​ប្រកួត​ក្នុង​ស្ថាប័ន​អន្តរជាតិ​ One Championship កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០១៤។ ដោយ​គិត​មក​ដល់​ពេល​នេះ ​រូបគេ​បាន​ឡើង​សង្វៀន​ប្រកួត​បាន​៥​ដង​មក​ហើយ។

កីឡាករ​រូប​នេះ ឧស្សាហ៍​បាន​ប្រើ​ស្នៀត​ប្រយុទ្ធ​ពិសេស​ៗ​ដើម្បី​សម្លាប់​ដៃ​គូ​ដែល​ជា​ចំណុច​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​គាំទ្រ​ក៏​ដូច​ជា​អ្នក​រៀប​ចំ​កម្មវិធី​ប្រកួត។ ​មូលហេតុ​ដែល ​រតនា ​សំបូរ​ក្បាច់​ពិសេស​ៗ ព្រោះ​គេ​ជា​កីឡាករ​ប្រដាល់​សេរី​មួយ​រូប​ដែល​មាន​ប្រភព​ដើម​ចេញ​ពី​ក្បាច់​គុន​បុរាណ​ខ្មែរ​គឺ​យុទ្ធ​​ក្រម​​ខម​ដែល​មាន​មូលដ្ឋាន​គ្រឹះ​វាយ​​លុក​លើ​ដៃ​គូ​ទាំង​ផ្នែក​លើ​ និង​ក្រោម។ ឪពុក​របស់​របស់​គេ​គឺ​លោក ចាន់ ប៊ុនធឿន​ ជា​គ្រូ​បង្ហាត់​ប្រដាល់​សេរី​ និង​យុទ្ធ​ក្រម​​ខម​ដែល​បាន​ផ្ដល់​ឱកាស​ដល់​ ចាន់ រតនា​បាន​ហ្វឹកហាត់៕

ប្រភព៖ Asiaone   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម
អត្ថបទថ្មី