រ៉ាំបូសុខ​ចិត្ត​ថត​មិន​យក​​ប្រាក់​ខែ ឲ្យ​តែ​បាន​ចូល​រួម​សម្ដែង​ក្នុង​​ពិភព​រឿង​​ Marvel

  • 2017-04-27 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​​Sylvester Stallone នឹង​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ក្នុង​ពិភព​រឿង​របស់ Marvel នៅ​ក្នុង​រឿង​​ Guardians of the Galaxy Vol.2 ដែល​សម្ដែង​ជា​តួ​អង្គ Stakar។

លោក​ពិត​ជា​ពេញ​ចិត្ត​នូវ​ខ្សែ​រឿង​នេះ​យ៉ាង​ខ្លាំង​ ដល់​ថ្នាក់​មិន​ចង់​បាន​លុយ​ថ្លៃ​ថត​ ដើម្បី​ឲ្យ​តែ​បាន​ចូល​សម្ដែង​។ តារា​រូប​នេះ​យល់​ថា​ ពិភព​រឿង​វីរបុរស​ (Super Heroes) គឺ​ពេញ​និយម​យ៉ាង​ខ្លាំង​ចំពោះ​មនុស្ស​ជំនាន់​នេះ​។

បើ​តាម​ប្រភព​របស់ Inside the Magicតារា​សម្ដែង​វ័យ​ ៧១ ឆ្នាំ​រូប​នេះ​បាន​និយាយ​ក្នុង​សន្និសីទ​​រឿង GOTG Vol.2 ថា៖ "តាំង​ពី​ចាប់​ផ្ដើម​អាជីព​សម្ដែង​ ខ្ញុំ​តែង​តែ​ចាប់​អារម្មណ៍​រឿង​ប្រភេទ​ព្រេង​និទាន​។ ដូច​ជា​រឿង​ "Hero with a Thousand Faces " ជា​ដើម។ នៅ​ពេល​ដែល​ខ្ញុំ​ចាប់​ផ្ដើម​ថត​រឿង​​ Rambo ខ្ញុំ​ចាប់​ផ្ដើម​យល់​ថា​ អ្វីៗ​តែង​តែ​មាន​ការ​ផ្លាស់​ប្ដូរ។ មនុស្ស​ជំនាន់​នីមួយៗ ​តែង​តែ​រក​អ្វី​ដែល​ជា​ចំណុច​សម្គាល់​របស់​ខ្លួន​ មិន​ថា​ជា​វីរជន​ប្រចាំ​ជំនាន់​ ឫ​ក៏​​រឿង​ព្រេង​ប្រចាំ​ជំនាន់​នោះ​ទេ​។ ហើយ​ចំពោះ​រឿង​​ទាំង​ឡាយ​របស់ Marvel គឺ​ជា​ព្រេង​និទាន​ពេញ​និយម​​សម្រាប់​ជំនាន់​នេះ ហើយ​ក៏​អាច​សម្រាប់​ជំនាន់​ក្រោយ​ផង​ដែរ។ នៅ​ពេល​ដែល​លោក Kevin បាន​អញ្ជើញ​ខ្ញុំ​មក​ទីនេះ ខ្ញុំ​បាន​និយាយ​ថា​ 'វា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​ ព្រោះ​ខ្ញុំ​មិន​ដែល​ធ្លាប់​ថត​រឿង​ប្រភេទ​នេះ​ទេ​ ធ្លាប់​តែ​ថត​រឿង​ធម្មតាៗ។ ប៉ុន្តែ​រឿង​នេះ​គឺ​​ស្ថិត​នៅ​លើ​អវកាស​ទាំង​ស្រុង​ ដែល​លោក James និង​ស្ថាបនិក​របស់​​ Marvel បាន​បង្កើត​ពិភព​មួយ​ ដែល​ដាច់​ដោយ​ឡែក​និង​ខុស​ប្លែក​ពី​ពិភព​​លោក​ធម្មតា​។' ដូច្នេះ​ហើយ​ទើប​​ខ្ញុំ​បាន​និយាយ​ថា​៖ 'បាន​ ចាំ​ខ្ញុំ​សាក​ស្វែង​យល់​ពី​វា ចូល​រួម​សម្ដែង​ក៏​ដូច​ជា​ពិចារណា​អំពី​រឿង​​នេះ​និង​ប្រមើល​មើល​តើ​អនាគត​នឹង​ទៅ​ជា​បែប​ណា។' បន្ទាប់​មក​ខ្ញុំ​ក៏​ចូល​ចិត្ត​ខ្លាំង​​ ដោយ​សុខ​ចិត្ត​ចាក​ចេញ​ពី​ផ្ទះ​ចោល​កូន​ស្រី​ទាំង​៣របស់​ខ្ញុំ​ ព្រម​ទាំង​ដល់​ថ្នាក់​សុខ​ចិត្ត​ថត​ឲ្យ​ហ្វ្រី​ៗ​មិន​យក​លុយ​ទៀត​ផង។"

នេះ​បាន​បង្ហាញ​ថា​លោក​ Stallone នឹង​បង្ហាញ​ខ្លួន​ក្នុង​រឿង​ថ្មីៗ​ តទៅ​មុខ​ទៀត​របស់​បណ្ដា​រឿង​របស់​ Marvel ទៅ​ថ្ងៃ​អនាគត​ផង​ដែរ។៕​​​​

ប្រភព៖ epicstream   ប្រែ​សម្រួល៖ ធារ៉ូ