​ដឹង​សកម្មភាព​ចុង​ក្រោយ​របស់​លោកតា​ ជ័យ​ ប៊ុនឈឿ​ រឹត​តែ​ធ្វើ​ឲ្យ​អ្នក​កីឡា​ខ្លោច​ចិត្ត​...

  • 2017-05-12 03:08:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​លោក​​ព្រឹទ្ធាចារ្យ​អាជ្ញា​កណ្តាល​ដ៏​ល្បី​ល្បាញ​ក្នុង​ពិភព​ប្រដាល់​គុន​ខ្មែរ​ ជ័យ ប៊ុនឈឿ​ បាន​ទទួល​មរណភាព​កាល​ពី​យប់​មិញ​​ក្នុង​វ័យ​៧២​ឆ្នាំ​នៅ​​​ផ្ទះ​របស់​លោក​​​​ឯ​​ខេត្ត​បាត់​ដំបង​ បន្ទាប់​ពី​អាការៈ​ជំងឺ​មហារីក​សាច់​ដុំ​ជើង​បាន​​ធ្វើ​ទុក្ខ​ខ្លាំង​​​ឡើង​វិញ​ ​ក្រោយ​ជា​សះ​ស្បើយ​ម្តង​ហើយ​កាល​ពី​ដើម​ឆ្នាំ​២០១៦។

អាការៈ​ជំងឺ​ធ្វើ​ទុក្ខ​ឡើង​វិញ​​កាល​ពី​ចុង​​ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ​ ​​​ក្រុម​គ្រួសារ​លោក​គ្រូ​​គ្មាន​លទ្ធភាព​ដើម្បី​​នាំ​យក​ទៅ​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​​​ឡើយ។ លោក​គ្រូ​បាន​​ដេក​ឈឺ​លើ​កន្ទេល​ក្នុង​ផ្ទះ​ដើរ​ក៏​មិន​រួច​ ឈរ​ក៏​មិន​បាន​ សូម្បី​តែ​អង្គុយ​ក៏​មិន​កើត។ ​អស់​រយៈ​ពេល​ជា​ច្រើន​​ខែ​ពោល​គឺ​តាំង​ពី​​ចុង​ឆ្នាំ​២០១៦​មក​ ​អារម្មណ៍​របស់​លោក​គ្រូ​មិន​បាន​គិត​ទៅ​ណា​ឆ្ងាយ​ក្រៅ​ពី​រង្វង់​​កីឡា​ប្រដាល់​គុន​ខ្មែរ​ឡើយ។

ក្រុម​ការងារ​ Sabay បាន​ទៅ​សួរ​សុខ​ទុក្ខ​លោក​គ្រូ​ ជ័យ ប៊ុនឈឿ​ នៅ​ផ្ទះ​របស់​លោក​ក្នុង​​ខេត្ត​បាត់ដំបង​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ។ លោក​គ្រូ​បាន​រៀបរាប់​​​ទាំង​អួល​ដើម​ក​ថា រាល់​ថ្ងៃ​នេះ​លោក​គ្រូ​ពិត​ជា​នឹក​សង្វៀន​ប្រដាល់​ខ្លាំង​ណាស់។ លោក​គ្រូ​ចង់​ឃើញ​សង្វៀន​ប្រដាល់​គុន​ខ្មែរ​រាល់​ថ្ងៃ​សម្រាប់​ជីវិត​ចុង​ក្រោយ។ ​ពេល​លោក​គ្រូ​ឈឺ​ដេក​លើ​កន្ទេល​ដែល​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​បាន​ លោក​គ្រូ​​បើក​​មើល​កម្មវិធី​ប្រដាល់​រាល់​ថ្ងៃ។ រាល់​ពេល​ដែល​កម្មវិធី​ប្រដាល់​​នៅ​តាម​កញ្ចក់​ទូរទស្សន៍​មិន​ថា​ផ្សាយ​ផ្ទាល់​ ​ឬ​ចាក់​ផ្សាយ​ឡើង​វិញ ​ថ្ងៃ​ចុង​សប្តាហ៍​ ឬ​ក៏​​ថ្ងៃ​ធម្មតា​ឡើយ​​ឲ្យ​តែ​មាន​កម្មវិធី​ប្រដាល់​ លោក​គ្រូ​តែង​តែ​បើក​មើល​រហូត​ដោយ​មិន​ឲ្យ​​កូន​ចៅ​ណា​ម្នាក់​បើក​មើល​កម្មវិធី​​អ្វី​​ផ្សេង​ឡើយ។

 អ្នក​ស្រី​ ឈឿ សុធារី ​កូន​ស្រី​​ទី២​របស់​លោក​ព្រឹទ្ធាចារ្យ ​ជ័យ ប៊ុន​ឈឿ​ បាន​បញ្ជាក់​ថា ឪពុក​របស់​គាត់​ពេល​ធ្លាក់​ខ្លួន​​ឈឺ​ដើរ​ទៅ​ណា​មិន​រួច​ហើយ​ក៏​ដោយ ក៏​អារម្មណ៍​របស់​គាត់​ដិត​ដាម​ជាប់​នឹង​កីឡា​ប្រដាល់​គ្រប់​​វិនាទី។ ឪពុក​របស់​គាត់​ពិត​ជា​នឹក​សង្វៀន​ប្រដាល់​ខ្លាំង​ណាស់។ ដូច្នេះ​ហើយ​ទើប​ក្រោយ​ជា​សះ​ស្បើយ​ម្តង​កាល​ពី​ដើម​ឆ្នាំ​២០១៦​ គាត់​សុខ​ចិត្ត​ចូល​ធ្វើ​អាជ្ញា​កណ្តាល​សា​ថ្មី​ ប៉ុន្តែ​អាការៈ​ជំងឺ​បាន​រើ​ឡើង​វិញ​ហើយ​ក៏​ឈប់​តែ​ម្តង។

លោក​គ្រូ ជ័យ ប៊ុនឈឿ និង​ភរិយា

​ដើម​​ឆ្នាំ​​២០១៦​ លោក​តា​ ជ័យ ប៊ុនឈឿ​ បាន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខ្មែរ-សូវៀត​ដែល​​មាន​លោក​ជំទាវ​ ហ៊ុន ម៉ាណា​​ ចេញ​ថ្លៃ​ព្យាបាល​រហូត​ដល់​ជា​សះ​ស្បើយ។ ក្រោយ​ជា​សះ​ស្បើយ​លោក​គ្រូ​ក៏​បាន​វិល​ត្រឡប់​មក​ធ្វើ​អាជ្ញា​កណ្តាល​ម្តង​ទៀត​ ហើយ​បាន​មួយ​រយៈ​ពេល​ខ្លី​ក៏​បាន​ឈប់​សម្រាក។ នៅ​ចុង​ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ​អាការៈ​ជំងឺ​​ក៏​បាន​ចាប់​ធ្វើ​ទុក្ខ​ឡើង​វិញ​​ដោយ​អាការៈ​ធ្ងន់ធ្ងរ​ជាង​​លើក​មុន​រហូត​ទទួល​មរណភាព​នៅ​យប់​ថ្ងៃ​ទី​១១​ ឈាន​ចូល​ថ្ងៃ​ទី​១២​ ខែ​ឧសភា ឆ្នាំ​២០១៧​ក្នុង​វ័យ​៧២​ឆ្នាំ៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី