តារា​ចម្រៀង គង់ សុធារិទ្ធ នាំ​ដៃគូ​ចម្រៀង ទស្សនា​សារមន្ទីរ​តាំង​យន្តហោះប្រធានាធិបតី USA

  • 2017-05-20 02:17:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក គង់ សុធារិទ្ធ រួម​ជា​មួយ​តារា​ចម្រៀង​ស្រី​ម្នាក់​ទៀត​គឺ​កញ្ញា ទៀង មុំ​សុធាវី បាន​ទៅ​ទស្សនា​សារមន្ទីរ​មួយ​នៅ​​សហរដ្ឋ​អាមេរិក​ ជា​ទី​ដែល​លោក និង​ដៃគូ បាន​ឡើងជិះ​យន្តហោះ​១គ្រឿង​របស់​ប្រធានាធិបតី​អាមេរិក លោក ចន ខេនឌី ដែល​ត្រូវ​បាន​គេ​យក​តាំង​នៅ​ទី​នោះ។

តាម​ការ​ឲ្យ​ដឹង​ពី​លោក គង់ សុធារិទ្ធ នៅ​ក្នុង​សារមន្ទីរ United States Air Force ដែល​លោក​បាន​ទៅ​ទស្សនានោះ មាន​ការ​ដាក់​តាំង​យន្តហោះ​ច្រើន​គ្រឿង ពោល​គឺ​តាំង​ពី​ការ​ចាប់​​ផ្ដើម​​ការ​បង្កើត​យន្តហោះ​​ធាក់​កង់​ឈើ​ដំបូង រហូត​មក​ដល់​​សម័យ​ទំនើប។

ជា​មួយ​គ្នា​នោះ យន្តហោះ​របស់​ប្រធានាធិបតី​មួយ​ចំនួន​ធំ របស់​សហរដ្ឋ​អាមេរិក​​ត្រូវ​បាន​រដ្ឋាភិបាល​យក​មក​តាំង​​បង្ហាញ​នៅ​សារមន្ទីរ​នេះ​​ផង​ដែរ ប៉ុន្តែ​មិន​គ្រប់​ប្រធានាធិបតី​ទាំង​អស់​នោះ​​ទេ។ លោក​បាន​ប្រាប់​ថា ចំពោះ​យន្តហោះ​ដែល​លោក​បាន​ថត​​​ណោះ គឺ​ជា​យន្តហោះ​​របស់​លោក ចន ខេនឌី ប្រធានាធិបតី​ទី​៣៥​របស់​សហរដ្ឋ​អាមេរិក ដែល​ត្រូវ​បាន​គេ​យក​មក​ដាក់​តាំង​ក្នុង​ឆ្នាំ១៩៩៨។

នេះ​បើ​តាម​សរសេរ​បង្ហាញ​​លើ​ស្លាក​សញ្ញា​សំគាល់។ លោក​ថា ក្រៅ​ពី​យន្តហោះ​ជា​ច្រើន​គ្រឿង សារមន្ទីរ​United States Air Force នៃ​ទី​ក្រុង ខូឡំបើស ​រដ្ឋ អូហាយូ ខាង​​លើ​នេះ ក៏​មាន​ការ​ដាក់​តាំង​បង្ហាញ​នៅ​​អាវុធ​ទំនើប​ៗ​ជា​ច្រើន ដូច​ជា​កាំជ្រួច មីស៊ីល ជា​ដើម។

តាម​ការ​បញ្ជាក់​របស់​ប្រភព​ដដែល ការ​ចូល​ទៅ​ទស្សនា​​សារមន្ទីរ ​United States Air Force​នេះ រដ្ឋាភិបាល​អាមេរិក​មិន​តម្រូវ​ឲ្យ​បង់​ប្រាក់​ឡើយ គឺ​គ្រប់​ជាតិ​សាស្ត្រ​ទាំង​អស់​បើក​ឲ្យ​ចូល​ទស្សនា​ដោយ​សេរី។ ក្នុង​ដំណើរ​ទៅ​ច្រៀង​លើ​ទឹក​ដី​អាមេរិក តាំង​ពី​ដើម​ខែ មីនា ឆ្នាំ ២០១៧ លោក គង់ សុធារិទ្ធ និង​កញ្ញា ទៀង មុំសុធារី បាន​ទៅ​ទស្សនា​​នៅ​រមណីយដ្ឋាន​ជា​ច្រើន។ អ្នក​ទាំង​២​គ្រោង​នឹង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ចុង ខែ មិថុនា ខាង​មុន​នេះ៕

អត្ថបទ៖ ស៊ុនហួត

អត្ថបទថ្មី