អបអរសាទរ! កូនខ្មែរច្នៃយន្តហោះដោយមើលយូធូប ល្បីដល់សារព័ត៌មានបរទេស
- 2017-06-03 02:40:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរសាទរ! កូនខ្មែរច្នៃយន្តហោះដោយមើលយូធូប ល្បីដល់សារព័ត៌មានបរទេស
ចន្លោះមិនឃើញ
អស់រយៈពេល ៣ឆ្នាំមកហើយ ជាងជួសជុលរថយន្តលោក ប៉ែន ឡុង បានចិញ្ចឹមចិត្តបន្តក្ដីស្រមៃចង់កែច្នៃយន្តហោះមួយគ្រឿង ដោយលោកបានចំណាយពេលច្រើនម៉ោងក្នុងមួយយប់ៗមើលវីដេអូតាមគេហទំព័រយូធូប (Youtube) របៀបផលិតយន្តហោះ បន្ទាប់ពីប្រពន្ធចូលគេងមុនបាត់។
លោក ប៉ែន ឡុង រស់នៅភូមិស្វាយចេក ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ លោកមានក្ដីសុបិនចង់បង្កើតយន្តហោះខ្លួនឯងតាំងពីនៅតូចអាយុ ៦ឆ្នាំ ពោលគឺតាំងពីឆ្នាំ១៩៩៣ ពេលនោះលោកបានរត់ក្នុងចម្ងាយរាប់គីឡូម៉ែត្រដើម្បីបានទៅដល់កន្លែងចុះចតយន្តហោះក្នុងខេត្តស្វាយរៀង។ ពេលលោករត់ទៅដល់ យន្តហោះនោះតាមពិតជាឧទ្ធម្ភាគចក្រ ហៀបនឹងហោះឡើងមួយគ្រឿង។
លោកបានប្រាប់សារព័ត៌មានប៊ីប៊ីស៊ី (BBC) ពីខេត្តស្វាយរៀងថា "ដំបូង ខ្ញុំវាយពាក្យថា «Jet» ឬមានន័យថា «យន្តហោះ» រួចខ្ញុំបានឃើញវីដេអូទាក់ទងនឹងយន្តហោះជាច្រើនដូចជា ការហោះឡើង ការចុះចត និងការផ្គុំម៉ាស៊ីនយន្តហោះជាដើម។ ខ្ញុំចាប់ផ្ដើមច្នៃយន្តហោះយ៉ាងស្ងាត់ស្ងៀមមិនឲ្យអ្នកដទៃដឹងឡើយ ព្រោះខ្លាចគេសើច ហើយជួនកាលត្រូវធ្វើពេលយប់ក៏មាន"។
លោករៀបរាប់បន្ថែមថា ការកែច្នៃរបស់លោក គឺយកគំរូតាមយន្តហោះជប៉ុនសម័យសង្គ្រាមលោកលើកទី ២ ប៉ុន្តែលោកត្រូវចំណាយពេលបង្កើតជិតមួយឆ្នាំហើយ។ ឯបន្ទប់អ្នកបើកបរ គឺលោកប្រើកៅអីជ័រកាត់ជើងប៉ុណ្ណោះ។ លោកប៉ាន់ប្រមាណថា ទឹកប្រាក់ត្រូវចំណាយនឹងមានចំនួនជាង ១ម៉ឺនដុល្លារ ហើយពេលនេះចំណាយអស់ជាង ៣០០០ដុល្លារហើយ។ "ខ្ញុំមិនដែលចំណាយរបស់ផ្សេងៗអស់ប៉ុណ្ណឹងទេ តែខ្ញុំក៏មិនស្ដាយក្រោយដែរ"។ លោកបន្ត។
លោកប៉ែន ឡុង ជាម្ចាស់យានដ្ឋានឈ្មោះ ជាងឡុង ធ្លាប់ប្រាប់ Sabay ថា លោកធ្លាប់បានបើកយន្តហោះនេះ នៅលើផ្លូវជាតិលេខ១ ដែរ ប៉ុន្តែមិនហ៊ានហោះឡើងឡើយ ព្រោះខ្លាចមានគ្រោះថ្នាក់ដល់អ្នកដំណើរ។ យន្តហោះលោកច្នៃនេះ ប្រើម៉ាស៊ីនមួយទាញកង្ហារខាងមុខ ដើម្បីឲ្យកម្លាំងខ្យល់ទាញយន្តហោះ មិនមែនប្រើម៉ាស៊ីនទាញកង់ឡើយ។
យន្តហោះធុនតូចដែលច្នៃដោយ ជាង ឡុង មានទម្ងន់ប្រមាណ ៤០០គីឡូក្រាម បណ្ដោយប្រវែង ៤,៧០ម៉ែត្រ និងស្លាបសរុប ៨ម៉ែត្រ ។ ចំណែកម៉ាស៊ីនយន្តហោះ មានកម្លាំង ៣៥សេស។ សូមទស្សនាវីដេអូរបស់ក្រុមការងារ Sabay បានចុះទៅផ្ដិតយកដល់គេហដ្ឋានលោកប៉ែន ឡុង កាលពីចុងឆ្នាំ ២០១៦ដូចខាងក្រោម៖