ប្រពន្ធ អេ ភូថង ជួយពេទ្យគន្ធបុប្ផាជាទឹកចិត្តក្នុងនាមជាខ្មែរដូចគ្នា
- 2017-06-05 02:38:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រពន្ធ អេ ភូថង ជួយពេទ្យគន្ធបុប្ផាជាទឹកចិត្តក្នុងនាមជាខ្មែរដូចគ្នា
ចន្លោះមិនឃើញ
អ្នកស្រី សាំង សុម៉ាលី ដែលជាភរិយាអតីតអធិរាជកែងឆេះជង្គង់ហោះ អេ ភូថង ថាការប្រកួតរបស់ប្ដីអ្នកស្រីដែលប្រមូលថវិកាបានមួយចំនួននេះយកទៅជួយមន្ទីរពេទ្យគន្ធបុប្ផាជាបំណងប្ដីនិងជាទឹកចិត្តរបស់ក្រុមគ្រួសារទាំងមូលផងដែរ។
អ្នកស្រី សាំង សុម៉ាលី បានឲ្យដឹងកាលពីម្សិលមិញនេះថា សប្បាយចិត្តដែលប្ដីប្រកួតឈ្នះកីឡាករថៃ សាកសីក្តិលេក ដែលជាការប្រកួតសំខាន់ ហើយដើម្បីបានប្រាក់ទៅជួយមន្ទីរពេទ្យនេះជាបំណងធំរបស់ប្ដីដែលធ្លាប់ប្រាប់កន្លងមក។
ចៅក្រុមប្រដាល់រូបនេះបន្ថែមទៀតថា ក្រុមគ្រួសារអ្នកស្រីក៏មិនមានជីវភាពធូរធារណាស់ណានោះទេ តែអ្នកស្រីក៏ដូចជាប្ដីមានការងារជាប្រចាំខែតាមសង្វៀនប្រដាល់ដូចនេះប្រាក់ចំណូលអាចផ្គត់ផ្គង់គ្រួសារបាន។ អ្នកស្រីមើលឃើញថា ប្រជាជនដែលមកពីជនបទនាំកូនមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា មានការលំបាកខ្លាំងបើទោះជាត្រូវចាំប៉ុន្មានថ្ងៃដើម្បីចូលព្យាបាលក៏ត្រូវទ្រាំដែរព្រោះមិនមានលុយទៅព្យាបាលកន្លែងផ្សេង។
«អ្នកខ្លះនាំកូនមកព្យាបាលទាំងខ្លួនមិនមានលុយទិញអ្វីហូបក៏មានដែរ ខ្ញុំអត់មែនតែក្រុមគ្រួសារខ្ញុំអាចរកបានលុយបានប្រចាំខែ តែនេះគ្នាអត់ហើយ មិនអាចរកបានទៀត» សម្ដីអ្នកស្រី សាំង សុម៉ាលី
ម្ដាយ អេ យ៉ានុត បន្តថា នេះជាទឹកចិត្តក្នុងនាមជាខ្មែរ នៅពេលឃើញខ្មែរដូចគ្នាមានការលំបាកចេះជួយគ្នាមិនតិចជួយតាមតិចមានច្រើនជួយតាមច្រើន ហើយអ្នកស្រីនៅតែបន្តលើកទឹកចិត្តប្ដីនិងរួមចំណែកជួយសង្គមទៅតាមលទ្ធភាពជាបន្តទៀត។
អ្នកស្រី សាំង សុម៉ាលីជាប្រពន្ធរបស់អតីតកីឡាករ អេ ភូថង បច្ចុប្បន្នអ្នកស្រីជាមន្ត្រីសហព័ន្ធគុនខ្មែរបម្រើការនៅសង្វៀនបាយ័ន។ កាលពីម្សិលមិញនេះអ្នកស្រីរួមនិងកូនៗទាំងអស់បានមកលើកទឹកចិត្តប្ដីអ្នកស្រីប្រកួតមិត្តភាពជាមួយកីឡាករថៃ សាកសីក្តិលេក នៅសង្វៀនទូរទស្សន៍ PNN៕