សំបុត្រ​ចូល​រួម​ WWDC ថ្លៃ​ស្មើ​ iPhone 7 ពីរ​គ្រឿង​​ ចង់​ទិញ​ទាល់​ពឹង​លើ​សំណាង​ទៀត

  • 2017-06-05 03:13:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ច្រើន​ឆ្នាំ​មក​ហើយ​​សំបុត្រ​ចូល​រួម​ព្រឹត្តិការណ៍​ WWDC របស់​ Apple គឺ​មាន​ដាក់​លក់​សម្រាប់ Developer ដោយ​អាច​ទិញ​បាន​ដោយ​ងាយ​ស្រួល។ ប៉ុន្តែ​ចាប់​តាំង​ពី​​ប្រជាប្រិយភាព​នៃ​ព្រឹត្តិការណ៍​មាន​ការ​កើន​ឡើង​​ រួម​ទាំង​បញ្ហា​ទីតាំង​ផង​នោះ​ ការ​ទិញ​សំបុត្រ​ចូល​រួម​មិន​មែន​ជា​រឿង​ងាយ​ប៉ុន្មាន​ទេ។

សំបុត្រ​ WWDC ត្រូវ​បាន​លក់​អស់​គ្មាន​សល់​ជា​លើក​ដំបូង​នៅ​ឆ្នាំ​ ២០០៨ បន្ទាប់​មក​នៅ​ឆ្នាំ​ ២០១៣ សំបុត្រ​ចូល​រួម​ត្រូវ​បាន​លក់​អស់​ក្នុង​ពេល​ត្រឹម​ ២ នាទី​ដំបូង។ ចាប់​តាំង​ពី​ឆ្នាំ​ ២០១៤ មក​ Apple បាន​ប្រព័ន្ធ​ចាប់​ឆ្នោត​ផ្សង​សំណាង​ដើម្បី​មាន​ឱកាស​ទិញ​សំបុត្រ​ ហើយ​ក្រុមហ៊ុន​បាន​ប្រើ​ប្រព័ន្ធ​នេះ​ចាប់​តាំង​ពី​ពេល​នោះ។

នៅ​ក្នុង​ឆ្នាំ​ ២០១៧ សំបុត្រ​ចូល​រួម​ព្រឹត្តិការណ៍​ WWDC ត្រូវ​បាន​កំណត់​តម្លៃ​ត្រឹម​ ១ ៥៩៩ ហើយ​ Apple បាន​ចាប់​ផ្ដើម​ទទួល​យក​ពាក្យ​ចុះ​ឈ្មោះ​ទិញ​សំបុត្រ​ចាប់​ពី​ថ្ងៃ​ ២៧ ខែ​មីនា។ ការ​ចុះ​ឈ្មោះ​ទិញ​សំបុត្រ​បន្ត​ទទួល​យក​ដល់​ថ្ងៃ​ទី​ ៣១ ខែ​មីនា ក្រោយ​មក​ Apple ក៏​ចាប់​ផ្ដើម​ការ​ចាប់​ឆ្នោត។ Developer ដែល​​មាន​សំណាង​ឈ្នះ​បាន​សំបុត្រ​ នឹង​ទទួល​បាន​ការ​ផ្ដល់​ដំណឹង​ ហើយ​​ក្រុមហ៊ុន​នឹង​កាត់​លុយ​ពី​ក្រេដីត​កាត​របស់​ពួក​គេ​ភ្លាមៗ។

អ្នក​ចូល​រួម​ WWDC ឆ្នាំ​នេះ​ក៏​ទទួល​បាន​អាវ​ខោវប៊យ​​ម៉ាក​ Levis ដែល​រចនា​ជា​ពិសេស​ រួម​ជា​មួយ​ម្ជុល​ខ្ទាស់​​​ដែល​​មាន​ជា​ទង់ជាតិ​សម្រាប់​​ប្រទេស​នីមួយៗ​ផង​ដែរ។ បញ្ជាក់​ថា​ព្រឹត្តិការណ៍​ WWDC នឹង​ចាប់​ផ្ដើម​នៅ​យប់​ម៉ោង​ ១២ ថ្ងៃ​ចន្ទ​នេះ​ (ម៉ោង​នៅ​កម្ពុជា) ដែល​រំពឹង​ថា​នឹង​មាន​ការ​ប្រកាស​ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS, MacOS ជំនាន់​ថ្មី រួម​នឹង​ការ​ប្រកាស​ចេញ​ Macស៊េរី​ថ្មី​ផង​ដែរ៕​​​​​ ​​​

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម