គម្រោងផ្ទះ​ចូលនិវត្តន៍​មានតម្លៃវិនិយោគ​៥០០លានដុល្លារ​នៅលើភ្នំគីរីរម្យ​ ​កំពុង​ស្រូប​ទាញ​ទេសចរ​ជប៉ុន​មក​កម្ពុជា

  • 2017-06-09 07:41:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ​ម្រោង​ផ្ទះ​ចូល​និវត្តន៍​ដែល​ស្ថិត​ក្នុង​គោល​នយោបាយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ ​របស់​ក្រសួង ទេសចរណ៍​​ និង​បាន​ដាក់​ចេញ​ជា​ផ្លូវការ ក្នុង​នោះ​ក្រុមហ៊ុន​វិនិយោគ​ពី​ប្រទេស​ជប៉ុន បាន ទទួល ដី សម្បទាន​សរុប ២ពាន់ហិកតា​នៅ​រមណីយដ្ឋាន​គីរីរម្យ ​ខេត្ត​កំពង់ស្ពឺ ពី​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​សាង​សង់​ផ្ទះ​ឲ្យ​ភ្ញៀវ​ទេសចរ​ចូលនិវត្តន៍ បាន​បោះ​ទុន​ដំណាក់​កាល​ដំបូង​ចំនួន​ប្រមាណ​ជា ៥០០​លាន​ដុល្លារ​អាមេរិក និង​កំពុង​ស្រូប​ទាញ​ទេសចរ​ជប៉ុន​មក​កម្ពុជា​យ៉ាង​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់។

តំណាង​ក្រុមហ៊ុន A2A Town Cambodia ពី​ប្រទេស​ជប៉ុន លោក ហ៊ិន សុជាតិ បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​ បាន និង​កំពុង​អភិវឌ្ឍ​គម្រោង​សាងសង់​ផ្ទះ​ស្នាក់​នៅ​រយៈ​ពេល​យូរ (ឬផ្ទះទី២ Second Home/Tourist Residence) ប្រភេទ​សាមញ្ញ និង​ប្រភេទ​ប្រណិត​សម្រាប់​ផ្ដល់​ដល់​ទេសចរ​គ្រប់​ប្រភេទ​ សម្រាប់​ទាំង​ទេសចរ​ដែល​មាន​កម្រិត​ចំណាយ​ខ្ពស់ និង​មធ្យម ពិសេស​ទេសចរ​ចូល​និវត្តន៍។

លោក សុជាតិ បាន​ថ្លែង​ថា៖ « បន្ទាប់​ក្រុម​ហ៊ុន​ប្រកាស​ជួល​បន្តរ​លំនៅឋាន​សម្រាប់​ភ្ញៀវ​ទេសចរ​ចូល​និវត្តន៍​កាល​ពី​ឆ្នាំ​កន្លង​ទៅ យើង​ទទួល​បាន​ការ​ជួល​បន្ត​​ពី​ភ្ញៀវ​ទេសចរ​ជា​ច្រើន​ពី​ប្រទេស​ជប៉ុន ដែល​មាន​រហូតដល់ ៦០ភាគរយនៃភ្ញៀវសរុប ខណៈ​ភ្ញៀវ​ក្នុង​ស្រុក​មាន​ប្រមាណ ២០ភាគរយ ទៅ​៤០​ភាគ​រយ​»។

« អ្វី​ដែល​ជា​ចំណុច​ពិសេស​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ច្រើន​មក​កាន់​តំបន់​នេះ គឺ​ដោយ​សារ​ទីតាំង​ស្នាក់នៅ​ មាន​សភាព​ស្ងប់ស្ងាត់ លក្ខណៈ​ធម្មជាតិ ជា​តំបន់​ដែល​សម្បូរ​ដោយ​ដើម​ស្រល់​ដែល​ច្រើន​ជាង​គេ​បំផុត​នៅ​កម្ពុជា​ស្រប​ជាមួយ​និង​អាកាស​ធាតុ​ដ៏​ស្រស់​បំព្រង​នៃ​តំបន់​ធម្មជាតិ​គិរីរម្យ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​លើ​កំពូល​ដែល​នៅ​ជិត​រាជធានី​ភ្នំពេញ មិន​តែ​ប៉ុណ្ណោះ​គឺ​ភ្ញៀវ​អាច​ជួល​ត្រឡប់​មក​ក្រុមហ៊ុន​ពេល​មិន​ស្នាក់នៅ»។ លោក សុជាតិ បញ្ជាក់​បន្ថែម។

​​​គួរ​ជម្រាប​ដែរ​ថា កន្លង​មក ក្រសួង​ទេសចរណ៍ បាន​ធ្វើ​ការ​សិក្សា ភ្ញៀវ​ទេសចរ​វ័យ​ចំណាស់​ទាំង​នោះ ភាគ​ច្រើន​មក​ពី​ប្រទេស​ចិន កូរ៉េ ជប៉ុន និង​តំបន់​អឺរ៉ុប ហើយ​ភាគ​ច្រើន​ពួកគេ​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការ​ចំណាយ​លំហែ​កម្សាន្ត ដើម្បី​សុខភាព​បន្ទាប់​ពី​ពួកគេ​បាន​ចូល​និវត្តន៍​ពី​ការងារ។

តាម​ការ​សិក្សា​បង្ហាញ​ថា ភ្ញៀវ​ទេសចរ​ប្រភេទ​នេះ និយម​ចូលចិត្ត​រស់​នៅ​ទី​កន្លែង​ដែល​ស្ងប់ស្ងាត់​ដើម្បី​សម្រាក​កាយ ពោល​ដូចជា​តំបន់​ភ្នំ កោះ និង​សមុទ្រ ព្រោះ​វា​ទី​កន្លែង​មាន​ខ្យល់​អាកាស​បរិសុទ្ធ​តាម​បែប​ធម្មជាតិ​ ដែល​អម​ជាមួយ​រុក្ខជាតិ​បៃតង។ លើស​ពី​នេះ​ទៀត ពួក​គេ​ក៏​អាច​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​តាម​តំបន់​ជនបទ ឬ​នៅ​តាម​ស្រុក​នានា ដែល​ស្ថិត​ជាប់​តំបន់​ទេសចរណ៍​នោះ តាមរយៈ​ការ​ជិះកង់ និង​ថ្មើរ​ជើង​បាន​ផង​ដែរ៕

អត្ថបទ​៖ ស៊ិន សាវ៉េត

អត្ថបទថ្មី