ស្ថានភាព​ជំងឺ​របស់​តារាចម្រៀង សួស សង​វាចា មិន​ប្រសើ គ្មាន​ប្រាក់​សម្រាប់ធ្វើ​ចលនា​រាងកាយ​បន្ត​

  • 2017-06-11 05:58:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​មកដល់ពេលនេះ តារាចម្រៀង​លោក សួស សង​វាចា បាន​ធ្លាក់ខ្លួន​ជា​ជនពិការ និង​មិនអាច​ប្រកប​អាជីព​ចម្រៀង របស់ខ្លួន​បានឡើយ ខណៈពេល​ដែលមាន​ជំងឺ​ជិត​ពីរ​ឆ្នាំ​មកនេះ រស់នៅ​ដោយ​ពិការភាព​ពឹងផ្អែក​តែ​លើ​មុខរបរ​លក់​គ្រឿងទេស​បន្តិច​​បន្តួច​នៅក្នុង​ផ្ទះ​របស់​ប្រពន្ធ ធ្វើ​ឲ្យ​ជីវភាព​មានការ​ខ្វះខាត​រហូត​លោក មិនបាន​បន្តទៅ​ធ្វើ​ចលនា​រាងកាយ​នៅ​មន្ទីរពេទ្យ​បន្តទៀត ដោយ​គ្មាន​លទ្ធភាព​បង់ថ្លៃ​ពេទ្យ​។

​តារាចម្រៀង​ក្នុង​ទ​ស្សវត ទី​៩០​រូបនេះ បាន​ត្អូញត្អែរថា ដោយ​គ្មាន​មុខរបរ​អ្វី​ផ្សេង​ក្រៅពី​ប្រកប​អាជីព​ចម្រៀង​ដែល​ក្រុមគ្រួសារ​ទាំងមូល​​បាន​ពឹង​ផ្អែកលើ​លោក សម្រាប់​ផ្គត់ផ្គង់​សាលារៀន ម្ហូបអាហារ​ប្រចាំថ្ងៃ​របស់​គ្រួសារ ប៉ុន្តែ​ពេលនេះ​ការរស់នៅ​មាន​ភាព​ចុះថយ​ព្រោះ​​តែ​លោក ដែរ​ជា​បង្គោល​របស់​គ្រួ​សារបាន​ធ្លាក់ខ្លួន​ពិការ​ដោយសារ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល កាលពី​អំឡុង​ឆ្នាំ​២០១៥​។

​លោក សួស សង​វាចា បាន​ឲ្យ​ដឹងថា គិត​មកដល់ពេលនេះ​ស្ថានភាព​ជំងឺ​របស់លោក មិនទាន់បាន​ធូរស្រាល​នៅឡើយ​ទេ​ព្រោះតែ​ដៃ​​ខាងឆ្វេង​មិនអាច​កំរើក​លើកឡើង​លើ​បាន​ចំណែក​អាជីព​តែមួយ​ដែល​លោក​រំពឹងថា​នឹង​ជួយ​ឲ្យ​ក្រុមគ្រួសារ​មាន​ជីវភាព​ធូរធា​ដូច​មុន​​នោះ គឺ​ស្ថានភាព​រឹតតែ​លំបាក​បន្ថែមទៀត ព្រោះ​ក្រៅពី​មិនអាច​ប្រកបមុខរបរ ដើម្បី​ចិញ្ចឹមជីវិត​បាន​ហើយ​លោក​ត្រូវ​ចំណាយ​ទៅលើ​​ថ្នាំពេទ្យ​ដែល​លោក ត្រូវ​ចំណាយ​ជាប្រចាំ​ខែ ប្រមាណ​៥០០​ទៅ​៧០០ ដុល្លារ​អាមេរិក​។ លោក បញ្ជាក់ថា “​ពីមុន​ដោយសារ​មានលទ្ធភាព ព្រោះ​ទទួលបាន​អំណោយ​ពី​បងប្អូន​សប្បុរជន​ទាំងឡាយ ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក ខ្ញុំ​បាន​ទៅ​សម្រួល​សរសៃ ភាសា​ពេទ្យ​គេ​ថា (​ធ្វើ​ចលនា​) ដោយ​ក្នុង​មួយ​ម៉ោង​ត្រូវ​បង់​១៥​ដុល្លារ តែ​សព្វថ្ងៃនេះ​ខ្ញុំ​មិនបាន​ទៅធ្វើ​ទៀត​ទេ ព្រោះតែ​គ្មាន​លទ្ធភាព​”​។

​បន្ថែម​ពី​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល កាលពី​ជាង​ពីរ​ឆ្នាំមុន លោក​សួស សង​វាចា ក៏​នៅមាន​ជំងឺ​ទឹកនោមផ្អែម​កម្រិតធ្ងន់​ប​ន្ថែ​ម​​មួយ​មុខ​ទៀត​ដែរ ព្រោះ​ស្ថានភាព​ជំងឺ​ទឹកនោមផ្អែម​របស់លោក​នា​ពេលនេះ គឺ​ស្ថិតក្នុង​កម្រិត​មួយ​ដែល​ត្រូវ​ចាក់​ថ្នាំ​អាំង​សូ​លីន​ដើម្បី​ការពារ​។ បូ​ករូម​ទាំង​ជំងឺ​ដាច់​សរសៃឈាម​និង​ជំងឺ​ទឹកនោមផ្អែម បានធ្វើ​ឲ្យ​លោក​ត្រូវការ​ថវិកា ដើម្បី​បន្ត​ទិញ​ថ្នាំ​ទ្រទ្រង់​ជីវិត​បន្តទៀត​។

​ទាក់ទិន​ទៅនឹង​បញ្ហា​នេះ លោក​បាន​សម្តែង​អារម្មណ៍​សោកស្តាយ ដែល​ធ្លាក់ខ្លួន​ពិ​ការឈឺ​រហូតមកដល់​សព្វថ្ងៃនេះ​ធ្វើ​ឲ្យ​រក​ការងារ​មិន​​បានធ្វើ ចំណែក​ចំណូល​ត្រូវ​បាត់បង់​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​សូម្បីតែ​ទិញ​ថ្នាំ និង​ការធ្វើ​ចលនា បន្ថែម​ដើម្បី​ឲ្យ​ជំងឺ​សរសៃ​ទាញ​នោះ វិល​មករក​សភាព​ធ​ម្ម​តា​វិញ​បាន ។ លោក​បញ្ជាក់​បន្ថែមថា “​ខ្ញុំ​បាន​សាកល្បង​ហាត់​ច្រៀង​ជាប្រចាំ​ដែរ ប៉ុន្តែ​ច្រៀង​មិនបាន​ឆាប់​ហត់ ហើយ​ពេល​ស្រែក​អ៊ឺ​ន មិន​ពិ​រោះ​ភ្លៀវៗ ចំណែក​ខ្លួន​មួយ​ចំហៀង​នៅ​ទន់​មិនអាច​ធ្វើការ​បាន សូម្បីតែ​ដើរ​ក៏ត្រូវ​ដើរ​តិចៗ​យឺតៗ ” ។

​សូម​រំលឹកថា តារាចម្រៀង​សំនៀង​ស្រទន់​បទ​មនោសញ្ចេតនា លោក សួស សង​វាចា បាន​ដួល​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ដោយសារ​ជំងឺលើសឈាម ត្រូវបាន​ក្រុមគ្រួសារ​ដឹកបញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅក្នុង​មន្ទីរពេទ្យ​ជោ​រី ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​ក្រោយមក​​បន្ត​ការព្យាបាល​នៅ​ប្រទេស​វៀតណាម រយៈពេល​១២​ថ្ងៃ បានធ្វើ​ឲ្យ​អកា​រៈ​ជំងឺ​ធូរស្រាល​បន្តិច​ប៉ុន្តែ​រាងកាយ​មាន​សភាព​ទន់​មួយ​ចំហៀង​​ខ្លួន ចំណែក​ដៃ​ឆ្វេង​មិនអាច​លើក​បាន​រហូតដល់​បច្ចុប្បន្ន​៕

ប្រភព៖ រស្មីកម្ពុជា   ប្រែ​សម្រួល៖ សុខណា