វិភាគ៖ ១​គ្រាប់​របស់​កម្ពុជា​យប់​មិញ​ជា​រឿង​សំណាង​ ឬ​យ៉ាង​ណា?

  • 2017-06-14 06:53:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​ខ្លាំង​អាហ្វហ្គានីស្ថាន​ដោយ​លទ្ធផល​ ១-០ នៃ​ការ​ប្រកួត​សន្សំ​ពិន្ទុ​ចុង​ក្រោយ​​ពូល C ក្នុង​ពាន​រង្វាន់​ AFC Asian Cup ។ ១​គ្រាប់​របស់​កម្ពុជា​កើត​ឡើង​​នាទី​ទី​៥៩​នៅ​ពេល​អ្នក​ចាំ​ទី​អាហ្វហ្គានីស្ថាន​ Ovays Azizi ទាត់​បាល់​បុក​ ប្រាក់ មុន្នីឧត្តម​ ហើយ​បាល់​លោត​ចូល​ទី​អាហ្វហ្គានីស្ថាន​ដែល​ធ្វើ​ឲ្យ​កម្ពុជា​នាំ​មុខ​១-០​ រហូត​ចប់​ការ​ប្រកួត។

ជុំ​វិញ​លទ្ធផល​នេះ​ អ្នក​គាំទ្រ​មួយ​ចំនួន​មើល​ឃើញ​ថា​ ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បង្ហាញ​ទម្រង់​លេង​ល្អ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ប៉ុន្តែ​​ការ​​រក​បាន​១​គ្រាប់​គឺ​ជា​​រឿង​​សំណាង​ ឬ​ជា​គ្រាប់​បាល់​ខ្មោច​ឲ្យ។ ​ទោះ​ជា​យ៉ាង​ណា​​ អ្នក​គាំទ្រ​មួយ​ចំនួន​ទៀត​​មើល​ឃើញ​ថា​ វា​មិន​មែន​ជា​រឿង​សំណាង​ ឬ​ខ្មោច​ឲ្យ​ឡើយ​ ប៉ុន្តែ​ជា​សមត្ថភាព​​របស់​ក្រុម​កម្ពុជា​ពិត​ៗ។

អ្នក​គាំទ្រ​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ ​ចាប់​ផ្តើម​ការ​ប្រកួត​តាំង​ពី​នាទី​ដំបូង​នៃ​វគ្គ​ទី​១​ ក្រុម​កម្ពុជា​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​នោះ​ការ​លេង​បាល់​ខ្លី​ និង​គ្រប់​គ្រង​បាល់​ដោយ​ទំនុក​ចិត្ត។ ការ​លេង​យល់​ចិត្ត​គ្នា​ក្នុង​ការ​បញ្ជូន​បាល់​ឲ្យ​ ប្រាក់​ មុន្នីឧត្តម​ នៅ​វគ្គ​ទី​១​ជា​​បច្ចេកទេស​សុទ្ធសាធ​ ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច។ ការ​ដាក់​សម្ពាធ​បន្ត​បន្ទាប់​​​ដែល​​​ធ្វើ​ឲ្យ​​កម្ពុជា​ទទួល​បាន​​ឱកាស​មាស​​ជា​ច្រើន​លើក​ក៏​មិន​មែន​ជា​រឿង​ចៃដន្យ​​ដែរ​។

ជាក់​ស្តែង​ចន្លោះ​នាទី​៥០​ទៅ​៦០​នៃ​វគ្គ​ទី​ពីរ​​ ក្រុម​កម្ពុជា​បាន​ដាក់​សម្ពាធ​​លើ​​ខ្សែ​ការពារ​អាហ្វហ្គានីស្ថាន​ដែល​បញ្ជូន​បាល់​ឲ្យ​អ្នក​ចាំ​ទី​របស់​ខ្លួន​។ អ្នក​ចាំ​ទី​រូប​នេះ​ទប់​បាល់​លក្ខណៈ​ធ្វេស​ប្រហែស​ដែល​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​កម្ពុជា​២​នាក់​រត់​ទៅ​ដណ្តើម​បាល់​ដែល​ជំរុញ​ឲ្យ​អ្នក​ចាំ​ទី​រូប​នេះ​សម្រេច​ទាត់​បាល់​ចេញ ប៉ុន្តែ​ជា​បុក​ ប្រាក់ មុន្នីឧត្តម​ ហើយ​បាល់​ក្រឡក​​ចូល​ទី​របស់​អាហ្វហ្គានីស្ថាន​តែ​ម្តង។ ចំណុច​នេះ​មាន​ន័យ​ថា​ ​ការ​ដាក់​សម្ពាធ​​ដោយ​បច្ចេកទេស​ដែល​​ធ្វើ​ឲ្យ​ក្រុម​កម្ពុជា​ទទួល​បាន​លទ្ធផល​ល្អ។

លោក ប្រាក់​ សុវណ្ណារ៉ា​ អតីត​គ្រូ​ជម្រើស​ជាតិ​កម្ពុជា​ និង​បឹងកេត​បាន​និយាយ​ថា​ បាល់​សំណាង​ដែល​កើត​ចេញ​ពី​ការ​រៀប​ចំ។ លោក​ពន្យល់​ថា​ ៖«ទោះ​បី​ជា​គ្រូ​​ល្បី​ៗ​លើ​លោក​ក៏​ដោយ​ ក៏​​និយាយ​ពី​សំណាង​ដែរ។ ប៉ុន្តែ​សំណាង​ហ្នឹង​កើត​ចេញ​ពី​ការ​រៀប​ចំ​ គឺ​មិន​មែន​កើត​ឡើង​​ដោយ​ឯក​ឯង​នោះ​ទេ។ គ្រាប់​បាល់​ម្សិល​មិញ​ហ្នឹង​គឺ​​យើង​ដឹង​ថា ជម្រើស​ជាតិ​ ពេល​គេ​បោះ​បាល់​មក​ក្រោម​ ខ្សែ​ប្រយុទ្ធ​យើង​ដាក់​សម្ពាធ​។ ការ​ដាក់​សម្ពាធ​ហ្នឹង​ហើយ​ដែល​ធ្វើ​ឲ្យ​កើត​ចេញ​ជា​​រឿង​សំណាង​។ រឿង​សំណាង​ហ្នឹង​ហើយ​កើត​ចេញ​ពី​ការ​រៀប​ចំ។

លោក​គ្រូ ប្រាក់ សុវណ្ណារ៉ា

លោក​ ប៉ែន ផាត អតីត​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ដ៏​ឆ្នើម​បាន​និយាយ​ថា ៖«យើង​លេង​ល្អ​​បាន​ជា​យើង​ឈ្នះ។ បើ​យើង​លេង​មិន​ល្អ​ទេ​ គឺ​ជា​យើង​គ្មាន​ឱកាស​ឈ្នះ​គេ​ដែរ។ អីចឹង​អ្វី​ៗ​វា​រួម​ផ្សំ​នឹង​សំណាង​ផង​ដែរ។ យើង​លេង​ល្អ​ហើយ​បាន​ជា​យើង​មាន​សំណាង។ ប៉ុន្តែ​​ក្រុម​ខ្លះ​លេង​ល្អ​ តែ​ក៏​អត់​សំណាង​ដែរ។ នេះ​ជា​​រឿង​ធម្មតា​​ក្នុង​កីឡា។ និយាយ​រួម​​គឺ​មិន​មែន​សំណាង​ទេ តែ​យើង​លេង​ល្អ​ទើប​ឈ្នះ»៕

លោក​គ្រូ ប៉ែន ផាត (ស្តាំ)

ព័ត៌មាន​ជា​ច្រើន​ពី​ក្រុម​ជម្រើស​ជាតិ

ចំនួន​អ្នក​គាំទ្រ​កម្ពុជា​យ៉ាង​កកកុញ​ ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​សារព័ត៌មាន​បរទេស​

ស្នាម​ញញឹម​​បិទ​មាត់​មិន​ជិត​ អ្នក​គាំទ្រ​កម្ពុជា​យប់​មិញ

ទិដ្ឋភាព​រំភើប​រីករាយ​ដ៏​កម្រ​ កម្ពុជា​ឈ្នះ​អាហ្វហ្គានីស្ថាន​

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី