មិត្ត​ភក្ដិ​កំពុង​រាប់អាន​សព្វថ្ងៃ​មាន​ ៦​យ៉ាង​នេះ បញ្ជាក់​ថា​គេ​ជា​មនុស្ស​ល្អ​បំផុត​ហើយ

  • 2017-06-16 03:54:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​សំខាន់​បំផុត ការ​រាប់​អាន​មិត្ត​ភក្ដិ ហើយ​មនុស្ស​គ្រប់​គ្នា​តែង​ប្រាថ្នា​ចង់​បាន​មិត្ត​ភាព​មួយ​ដ៏​យូរ​អង្វែង សេពគប់​ចំ​មនុស្ស​ត្រូវ​។ ដូច្នេះ​តើ​លក្ខណៈ​សម្បត្តិ​​ដូច​ម្ដេច​ខ្លះ ដែល​បញ្ជាក់​ថា មិត្ត​ភក្ដិ​កំពុង​សេពគប់​សព្វ​ថ្ងៃ​ជា​មិត្ត​ល្អ​បំផុត​? ​ខាង​ក្រោម​នេះ​ជា​ការ​ចែក​រំលែក​បទ​​ពិសោធន៍​ផ្ទាល់​ខ្លួន ពី​យុវវ័យ​មួយ​ចំនួន​ជុំវិញ​បញ្ហា​នេះ​។

១. ​តែង​នៅ​ក្បែរ​យើង​មិន​ថា​ស្ថានភាព​បែប​ណា

លី សុម៉ាវត្តី និស្សិត​ឆ្នាំ​ទី ៣ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ជំនាញ​អក្សរសាស្ត្រ​ខ្មែរ បាន​លើក​ឡើង​ថា៖ មិត្ត​ល្អ​ដ៏​ពិត​ប្រាកដ គឺ​ជា​មនុស្ស​ដែល​តែង​នៅ​ក្បែរ​យើង មិន​ថា​លំបាក​ សប្បាយ កើត​ទុក្ខ គឺ​មាន​វត្តមាន​គេ​គ្រប់​ពេល នៅ​ពី​ក្រោយ​ខ្នង​យើង ផ្ដល់​កម្លាំង​ចិត្ត ជា​ទីប្រឹក្សា​ដ៏​ល្អ​ម្នាក់​។ យុវតី​រូប​នេះ បន្ថែម​​ទៀត​ថា បើ​បាន​ជួប​មនុស្ស​បែប​នេះ​ហើយ គួរ​ថែរក្សា​មិត្ត​ភាព​ឱ្យ​បាន​យូរ​អង្វែង ព្រោះ​លើ​លោក​នេះ​មិន​មែន​ចេះ​តែ​សំណាង​ជួប​មនុស្ស​បែប​នេះ​រហូត​នោះ​ទេ​។

​​ ២. ​ព្រម​ទទួល​យក​ទាំង​ចំណុច​វិជ្ជមាន​និង​អវិជ្ជមាន

លី សុម៉ាវត្តី ដដែល​បាន​និយាយ​ទៀត​ថា៖ មនុស្ស​ខ្លះ​មើល​ឃើញ​តែ​ចំណុច​ល្អ​របស់​យើង តែ​ពេល​ដឹង​ពី​ចំណុច​ខ្វះ​ខាត​ណា​មួយ​របស់​យើង​ បែរ​ជា​កាត់​បន្ថយ​ភាព​ស្និទ្ធស្នាល ឬ​មាន​អារម្មណ៍​មិន​ល្អ​ចំពោះ​យើង​ទៅ​វិញ។ កញ្ញា លើក​ឡើង​ថា មនុស្ស​ម្នាក់​ៗ មិន​មែន​ល្អ​ឥត​ខ្ចោះ​នោះ​ទេ តែង​មាន​នេះ​ខ្វះ​នោះ តែ​បើ​មិត្ត​ភក្ដិ​ដែល​កំពុង​សេពគប់​ អាច​រាប់​អាន​ដោយ​មិន​ខ្វល់​ថា យើង​ជា​មនុស្ស​បែប​ណា នោះ​ហើយ​ជា​មិត្ត​ដ៏​ល្អ​បំផុត ហើយ​ត្រូវ​តប​ស្នង​នូវ​ទឹក​ចិត្ត​ដែល​គេ​មាន​ចំពោះ​ចំពោះ​យើង​ តាម​រយៈ​ធ្វើ​ជា​មិត្ត​ល្អ​បំផុត ចំពោះ​គេ​វិញ​ដូច​គ្នា។​

ចុចអាន៖ មក​មើល​ឯកសណ្ឋាន​ទទួល​សញ្ញាបត្រ​ស្អាតៗ​បំផុត​ នៅ​សាកលវិទ្យាល័យ​ល្បីៗ​កម្ពុជា

៣. ​មិន​បន្តុះ​បង្អាប់​តែ​តែង​កែ​តម្រូវ

​ចំពោះ ណារ៉ាក់ និស្សិត​ផ្នែក​ព័ត៌មាន​វិទ្យា​វិញ បាន​ប្រាប់​ថា កល្យាណ​មិត្ត​ គឺ​ជា​មិត្ត​ដែល​តែង​ប្រាប់​ពី​ចំណុច​ខ្វះ​ខាត និង​ជួយ​កែ​តម្រូវ ដើម្បី​ឱ្យ​ក្លាយ​ជា​បុគ្គល​ល្អ មាន​លក្ខណៈ​សម្បត្តិ​ប្រពៃ​។ ណារ៉ាក់ បន្ត​ថា ពេល​ខ្លះ​មនុស្ស​ម្នាក់ មិន​អាច​ដឹង​ថា ខ្លួន​ឯង​ធ្វើ​រឿង​អ្វី​មួយ​គប្បី ឬ​មិន​គប្បី​នោះ​ទេ​ហើយ​ក៏​មិន​បាន​ដឹង​ថា ខ្លួន​ឯង​មាន​ចំណុច​ខ្វះ​ខាត​អ្វី​ខ្លះ​នោះ​ដែរ។ ​ដូច្នេះ​ហើយ មិត្ត​ដែល​តែង​ប្រាប់ តែង​ជួយ​កែ​តម្រូវ​ទៅ​រក​ផ្លូវ​ល្អ នោះ​គឺ​ជា​មិត្ត​ល្អ​បំផុត​ហើយ​។

៤. ​តែង​ឆ្លៀត​ពេល​ទំនេរ​មក​រក​យើង

និស្សិត ព័ត៌មាន​វិទ្យា រូប​នេះ​ប្រាប់​មួយ​ចំណុច​ទៀត​ថា មិត្ត​ភាព​មួយ​អាច​យូរ​អង្វែង​ទៅ​បាន​ គឺ​អាស្រ័យ​លើ​ការ​ចេះ​ផ្ដល់​ពេល​វេលា ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក តែ​បើ​ម្នាក់​ៗ​រវល់​តែ​រឿង​ការងារ​រៀង​ខ្លួន មិន​ចំណាយ​ពេល​វេលា​ឱ្យ​គ្នា​ខ្លះ នោះ​មិត្ត​ភាព​ក៏​មិន​អាច​បន្ត​រយៈពេល​វែង​បាន​ដែរ​។ ណារ៉ាក់​និយាយ​ថា៖ បាទ​ចំពោះ​ខ្ញុំ មិត្តភក្ដិ​ដែល​ចំណាយ​ពេល​វេលា​ដ៏​មមាញឹក​របស់​គេ មក​ជួប​ខ្ញុំ ដើម្បី​មិត្ត​ភាព ខ្ញុំ​នឹង​ថែរក្សា​ម្នាក់​នោះ​ឱ្យ​បាន​ល្អ​បំផុត ហើយ​វា​ជា​ការ​បង្ហាញ​នូវ​ក្ដី​ស្រឡាញ់ ចំពោះ​មិត្ត​ភក្ដិ​ដ៏​ពិត​ប្រាកដ​។

ចុចអាន៖ ៦​យ៉ាង​សំខាន់បំផុតក្នុងជីវិត​មនុស្សម្នាក់ៗ ដាច់ខាត​​ត្រូវ​មាន​ពេល​អាយុ ២៥​ឆ្នាំ

៥. មិន​ដែល​មាន​បញ្ហា​រឿង​លុយ​កាក់​ជាមួយ​យើង

មក​ជួប​ជា​មួយ យ៉ារិទ្ធិ បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​កន្លែង បាន​លើក​ឡើង​ថា មិត្ត​ភាព​ភាគ​ច្រើន​អាច​បែក​បាក់​ក៏​បណ្ដាល​​មក​ពី​រឿង​លុយ​កាក់​នេះ​ដែរ ដូច​ជា​ខ្ចី​លុយ​មិន​ដែល​សង ទៅ​ញ៉ាំ​អី​មិន​ដែល​ចេញ​លុយ​ ដើរ​ខ្សែ​លើ​ជា​ដើម​។ ​យ៉ារិទ្ធិ​ និយាយ​ថា មិត្ត​ភក្ដិ​ល្អ​ពិត​ប្រាកដ​គឺ​ ខ្ចី​ដឹង​ខ្ចី មិន​ដែល​មាន​បញ្ហា តែង​ចេះ​ចែក​រំលែក​គ្នា ឧទាហរណ៍​ថា ពេល​ទៅ​ញ៉ាំ​អី​ជុំ​គ្នា ប្រសិន​បើ​ម្នាក់​មិន​មាន​លុយ ម្នាក់​ទៀត​ចេញ​ឱ្យ​សិន លើក​ក្រោយ​ចេញ​ឱ្យ​វិញ ស្មើ​ភាព​គ្នា​។

ចុចអាន៖ មូលហេតុ ៥យ៉ាងនេះសោះ បានជាអ្នកជំពាក់លុយគេធ្វើមុខក្រាស់មិនព្រមសង

៦. ​មិន​ដែល​ផ្លាស់​ប្ដូរ​ទោះ​គេ​ទៅ​ជា​មនុស្ស​បែប​ណា

ចំណុច​នេះ​គឺ​កាន់​តែ​សំខាន់ គឺ​សំដៅ​លើ​មនុស្ស​ដែល​មិន​ចេះ​ភ្លេច​ធាតុ​ដើម​របស់​ខ្លួន មិន​មែន​បាន​រីក​ចម្រើន​ភ្លេច​មិត្ត​ចាស់​នោះ​ទេ គឺ​នៅ​តែ​រក្សា​អត្តចរិត​ដូច​ដើម​គ្មាន​ផ្លាស់​ប្ដូរ​។ មិត្ត​ភក្ដិ​បែប​នេះ​ ជា​មនុស្ស​ដែល​យើង គួរ​រាប់​អាន​ និង​រក្សា​មិត្ត​ភាព​ត​រៀង​ទៅ​៕​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម