វេជ្ជ​បណ្ឌិត ថេង សទ្ធា៖ ចុក​ចុង​ដង្ហើម មិន​មែន​សុទ្ធតែ​ក្រពះ​ទេ កុំ​លេប​ថ្នាំ​ផ្ដេសផ្ដាស

  • 2017-07-05 04:38:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាការៈ​ចុក​ពោះ​ អាច​បណ្ដាល​មក​ពី​មូល​ហេតុ​ច្រើន​​យ៉ាង​ ដោយ​​​ពាក់​ព័ន្ធ​ទៅ​​នឹង​សរីរាង្គ​​​ខាង​ក្នុង​​ ឬ​​ខាង​ក្រៅ​ពោះ។ ចំពោះ​ការ​ចុក​ចុង​ដង្ហើម មនុស្ស​ជា​ច្រើន​តែង​គិត​ថា​ជា​បញ្ហា​ក្រពះ រួច​លេប​ថ្នាំ​ដោយ​ខ្លួន​ឯង ប៉ុន្តែ​វេជ្ជ​បណ្ឌិត ថេង សទ្ធា បាន​លើក​ឡើង​ថា នេះ​ជា​ការ​យល់​ខុស​មួយ។

វេជ្ជ​បណ្ឌិត ថេង សទ្ធា

វេជ្ជ​បណ្ឌិត ថេង សទ្ធា ដែល​មាន​ឯក​ទេស​ផ្នែក​វះកាត់​ប្រព័ន្ធ​រំលាយ​អាហារ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ និង​ជា​អ្នក​ណែនាំ​ផ្នែក​ទ្រឹស្ដី​នៅ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ បាន​និយាយ​ថា៖ "ប្រជាជន​កម្ពុជា ភាគ​ច្រើន គាត់​ស្គាល់​រសជាតិ​នៃ​ការ​ចុក​ចុង​ដង្ហើម ឲ្យ​តែ​ចុក​ចុង​ដង្ហើម​គាត់​គិត​ថា​ក្រពះ តែ​មិន​មែន​រឿង​ហ្នឹង​ទាំង​អស់​ទេ... វា​អាច​ជា​រឿង​ថង់​ទឹក​ប្រមាត់ ដោយសារ​មាន​គ្រាប់​គ្រោះ​នៅ​ក្នុង​អា​ហ្នឹង ជា​ជំងឺ​ទី២ ដែល​ប្រជាជន​គាត់​ទុក​រហូត​ដល់​ចេញ​លឿង ចេញ​អី​ជា​ដើម រហូត​ដល់​ខូច​ថ្លើម​ក៏​មាន​ដែរ។"

វេជ្ជ​បណ្ឌិត​រូប​នេះ បាន​បន្ត​ទៀត​ថា នៅ​ពេល​មាន​អាការៈ​ចុក​ពោះ គួរ​កុំ​ធ្វើ​ពេទ្យ​ខ្លួន​ឯង ដោយ​លេប​ថ្នាំ​ផ្ដេសផ្ដាស ព្រោះ​វា​មិន​ត្រឹម​តែ​មិន​បាន​ផល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​អាច​ប៉ះ​ពាល់​ដល់​សរីរាង្គ​ផ្សេង​ទៀត​ផង​ដែរ។ ម្យ៉ាង​វិញ​ទៀត ការ​ចុក​ពោះ​រ៉ាំរ៉ៃ ដោយ​មិន​បាន​ទៅ​ជួប​គ្រូ​ពេទ្យ អាច​ធ្វើ​ឲ្យ​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ រហូត​ក្លាយ​ជា​មហារីក ឬ​មាន​ខូច​សរីរាង្គ​នានា​នៃ​ប្រព័ន្ធ​រំលាយ​អាហារ។

ចំពោះ​ការ​ចុក​ពោះ វេជ្ជបណ្ឌិត ថេង សទ្ធា បាន​អះអាង​ថា មក​ពី​មូលហេតុ​ជា​ច្រើន​ដូច​ជា៖

ទី១ ការ​រលាក​សរីរាង្គ​​ណា​មួយ​នៅ​ក្នុង​ពោះ។ ការ​ឆ្លង​មេរោគ​លើ​​សរីរាង្គ​ណា​មួយ​នៅ​ក្នុង​ពោះ​។

ទី២ ការ​​ធ្លាយ​សរីរាង្គ​ណា​មួយ​នៅ​​ក្នុង​ពោះ​ ឧទាហរណ៍​​ដូច​ជា​៖ ការ​ធ្លាយ​ក្រពះ​ ធ្លាយ​ពោះ​វៀន​​តូច​​ ឬ​ធំ ឬ​ការ​ធ្លាយ​ថង់​ទឹក​ប្រមាត់ ជា​ដើម​។

ទី៣ ការ​ស្ទះ​​សរីរាង្គ​ប្រហោង​ណា​មួយ​នៅ​ក្នុង​ពោះ​ ដូច​ជា​ក្រពះ ពោះ​វៀន​តូច​ ពោះ​វៀន​ធំ។

ទី៤ ការ​រលួយ​សរីរាង្គ​ណា​មួយ​នៅ​ក្នុង​ពោះ​ ឬ​ជា​​ការ​កៀប​សង្កត់​សរីរាង្គ​ណា​មួយ​នៅ​ក្នុង​ពោះ។

មូល​ហេតុ​ផ្សេង​ៗ​​ទៀត​៖ ការ​ហូរ​ឈាម​នៅ​ក្នុង​ពោះ ​ការ​ឈឺ​ចុក​ចាប់​​​ពោះ​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍ ឬ​ទាក់​ទង​នឹង​សរីរាង្គ​មួយ​ចំនួន​​​​ដូច​ជា ការ​ឈឺ​ទ្រូង​ ឈឺ​បេះ​ដូង រលាក​សួត​ ដែល​ទាំង​នោះ​ធ្វើ​ឲ្យ​​មាន​អាការៈ​ឈឺ​​ចុក​ពោះ​ផង​ដែរ៕ ​​​​​ ​​

អត្ថបទ៖ គង់ វិសាល

អត្ថបទថ្មី