មិន​ដែល​ដឹង ១០ ឆ្នាំ​ចុងក្រោយ​ iPhone អភិវឌ្ឍ​បច្ចេកវិទ្យាដល់​ថ្នាក់​ហ្នឹង

  • 2017-07-07 06:56:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ iPhone ស៊េរី​ដំបូង​បង្អស់​ត្រូវ​បាន​បង្ហាញ​ខ្លួន​នា​ខែ​មិថុនា​ឆ្នាំ ២០០៧ គិត​មក​ទល់​ពេល​នេះ មាន​រយៈ​កាល​ ១០ ឆ្នាំ​ហើយ។ Sabay បង្ហាញ​អំពី​ការ​វិវត្ត​ត្រួសៗ​នៃ​ទូរសព្ទ iPhone តាំង​ពី​ជំនាន់​ដំបូង​មក​ទល់​ពេល​បច្ចុប្បន្ន និង​ការ​រំពឹង​នា​ពេល​អនាគត។

+iPhone (2007)

អតីត​ប្រធាន​ក្រុមហ៊ុន Apple លោក Steve Jobs បាន​និយាយ​ថា Apple កំពុង​ស្ថិត​ក្នុង​ការ​កែច្នៃ​ទូរសព្ទ​ឡើង​វិញ។ ​iPhone ចេញ​ជំនាន់​ដំបូង​បង្អស់​របស់​ Apple មាន​ការ​ភ្ញាក់ផ្អើល​ជុំវិញ​ពិភពលោក ប៉ុន្តែ​សោកស្តាយ iPhone ពេល​​នោះ ពុំ​មាន​ប្រព័ន្ធ GPS គ្មាន​ការ​ថត​វីដេអូ និង​គ្មាន​កម្មវិធី​ដំឡើង​ក្រៅ​ពី​កម្មវិធី​ចេញ​ម៉ាស៊ីន​ឡើយ។

+iPhone 3G (2008)

ក្នុង​ការ​ផ្លាស់ប្ដូរ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន iPhone 3G បាន​ចាប់​ផ្ដើម​បំពាក់​ប្រព័ន្ធ GPS និង​អ៊ីនធឺណិត​ល្បឿន​លឿន 3G។ អ្វី​ដែល​អស្ចារ្យ​គឺ​ការ​ដាក់​ឱ្យ​ប្រើ​ App Store ជា​លើក​ដំបូង។

+iPhone 3GS (2009)

លេចចេញ​ត្រកូល S ជា​លើក​ទី ១ ក្រុមហ៊ុន Apple បាន​ពង្រឹង​បន្ថែម​នៃ​ល្បឿន​ដំណើរការ ហើយ​បញ្ចូល​មុខងារ​ថត​វីដេអូ ក៏​ដូច​ជា​ Voice Control ប៉ុន្តែ​មិន​មាន​ជា​ Siri ដូច​បច្ចុប្បន្ន​ឡើយ។​

+iPhone 4 (2010)

កន្លង​មួយ​ឆ្នាំ Apple បាន​ផ្លាស់ប្ដូរ​រូបរាង iPhone ស្ទើរ​តែ​ទាំង​ស្រុង លើស​ពី​នេះ​ទៅ​ទៀត ចាប់​ផ្ដើម​បំពាក់​អេក្រង់ Retina ដោយ​ទោះ​បី​រក្សា​ទំហំ​អេក្រង់ ៣,៥ អ៊ីញ ដដែល​ក្ដី។ ទូរសព្ទ iPhone បំពាក់​កាមេរ៉ា​មុខ ទុក​ថត Selfie ក៏​ផ្ដើម​កើត​មាន​ឡើង​ហើយ ភ្ជាប់​នឹង​មុខងារ Multitasking។

​​​+iPhone 4s (2011)

វិវត្ត​ជា​ថ្មី​នៃ​ត្រកូល S បាន​ពង្រឹង​ទាំង​ល្បឿន និង​ពង្រីក​ទំហំ​កាមេរ៉ា​ឡើង​ដល់ 8MP។ ចំពោះ​ប្រព័ន្ធ​ដំណើរការ​ស្មាតហ្វូន​នេះ សម្ពោធន៍​នូវ iOS 5.0 មុន​គេ​បង្អស់ បន្ថែម​នឹង​មុខងារ Siri ដូច​មាន​នា​ពេល​បច្ចុប្បន្ន។​

+iPhone 5 (2012)

​មនុស្ស​ជា​ច្រើន​ផ្តើម​ស្គាល់ iPhone ខ្លាំង​បំផុត ជំនាន់ iPhone 5 នេះ​ឯង ព្រោះ​ភាគ​ច្រើន គេ​ត្រូវ​ចិត្ត​ទាំង​រូបរាង​និង​តួខ្លួន​របស់​វា។ បន្ថែម​នូវ​ icon កម្មវិធី​ឡើង​មួយ​ជួរ​ទៀត ប្ដូរ​តួខ្លួន​ជា​សំបក​អាលុយមីញ៉ូម​វិញ បន្ថែម​នឹង​កម្មវិធី Apple Maps ជំនួស​ដោយ Google Maps ដែល​ធ្លាប់​តែ​មាន​ស្រាប់​លើ iPhone ជំនាន់​ចាស់។​

+iPhone 5C (2013)

ផ្តើម​ក្នុង​ឆ្នាំ ២០១៣ Apple រមែង​បង្ហាញ iPhone ចំនួន ២ ម៉ូដែល​រៀងរាល់​ខែ​កញ្ញា ដោយ​កាល​នោះ​រួម​មាន iPhone 5C និង iPhone 5s។ ទន្ទឹម​នឹង​ការ​បង្ហាញ iPhone 5C គឺ​ជា​ជម្រើស​ពណ៌​ថ្មី​សម្រាប់​អ្នក​ប្រើប្រាស់ ហើយ​ណែនាំ​ពី​ប្រព័ន្ធ​ប្រតិបត្តិ iOS 7។

+iPhone 5S (2013)

នៅ​ឆ្នាំ ២០១៣ iPhone 5s ជា​ទូរសព្ទ​ពេញ​និយម​បំផុត​ក្នុង​លោក វា​បាន​កែច្នៃ​បញ្ចូល​នូវ​ប្រព័ន្ធ​ស្កេន​ក្រយៅដៃ​ Touch ID បន្ថែម​នឹង​បន្ទះឈីប A7 ទំហំ 64-bit ហើយ​ដំណើរការ​លើ iOS 7 មាន​ល្បឿន​លឿន​ជាង​ជំនាន់​ទៅ។​

+iPhone 6 (2014)

ផ្តើម​វិវត្ត​ទំហំ​អេក្រង់​ពី ៤,០ អ៊ីញ ឡើង ៤,៧ អ៊ីញ ជាមួយ​ iPhone 6 ហើយ​បញ្ចូល​នូវ​មុខងារ​ទូទាត់​ទំនិញ Apple Pay ដោយ​ប្រើ​ឈីប NFC។ សមត្ថភាព​កាមេរ៉ា​ថត​ច្បាស់​ជាង​មុន មិន​ថា​តែ​វីដេអូ​ឫ​រូប​សន្លឹក​ធម្មតា។

+iPhone 6 Plus (2014)

ចំពោះ​ត្រកូល Plus ផ្តើម​មាន​លើក​ដំបូង​នា​ឆ្នាំ ២០១៤ ដែល​មាន​អេក្រង់ ៥,៥ អ៊ីញ ក៏​ដល់​ពេល​ដែល​មនុស្ស​ជា​ច្រើន ដក​ចិត្ត​ពី​ថេបប្លែត iPad Mini មក​ប្រើប្រាស់​ស្មាតហ្វូន​វិញ។​

+iPhone 6s (2015)

អ្នក​ប្រើ​ចាប់​ផ្តើម​ល្បី​ពណ៌ Rose Gold ជាមួយ​ម៉ូដែល​នេះ​ឯង ដោយ​ត្រកូល S ស៊េរី​ឆ្នាំ ២០១៥ បាន​បញ្ចូល​មុខងារ​ប្លែក​រួម​មាន 3D Touch, Live Photos ជា​ដើម។​

+iPhone SE (2016)

ដោយ​គិត​ថា​មនុស្ស​មួយ​ចំនួន ចូល​ចិត្ត​ប្រើប្រាស់​ស្មាតហ្វូន​អេក្រង់​តូច​ល្មម កាន់​ប្រើ​ដៃ​ម្ខាង​ស្រួល​ Apple ក៏​បង្វែរ​យុទ្ធសាស្ត្រ​ថយ​ក្រោយ​មួយ​​ជំហាន ផលិត iPhone SE ដែល​មាន​កម្លាំង​ម៉ាស៊ីន​មិន​ចាញ់ iPhone 6s។

+iPhone 7/7 Plus (2016)

ប្រវត្តិសាស្រ្ត​បាន​ផ្ទុះ​ឡើង​នៅ​ឆ្នាំ ២០១៦ ដោយ Apple បាន​បញ្ចេញ​ម៉ូដែល iPhone 7 Plus ស្មាតហ្វូន​បំពាក់​កាមេរ៉ា​ភ្លោះ អាច​ថត​មុខងារ​ Portrait Mode បាន​យ៉ាង​ស្អាត ប្រហាក់ប្រហែល​កាមេរ៉ា​ DSLR។ លើស​ពី​នេះ​ទៅ​ទៀត វា​មាន​ល្បឿន​លឿន ហើយ​ការ​តេស្ត​នៅ​លើ​គេហទំព័រ YouTube ពី​ក្រុមការងារ ជា​ច្រើន បាន​បង្ហាញ iPhone 7 ជា​ទូរសព្ទ​ល្បឿន​ខ្លាំង​ដាច់​គេ​ នា​ឆ្នាំ ២០១៦។

+ការ​រំពឹង​ទុក​នៃ iPhone 7s/7s Plus និង iPhone 8 (2017)

ត្រូវ​ហើយ​ក្នុង​ខែ​កញ្ញា​នេះ ជា​គម្រប់​ខួប​នៃ​ការ​ដាក់​បង្ហាញ iPhone ចំនួន ១០ ឆ្នាំ មាន​អ្នក​វិភាគ​ប្រមើល​គិត​ថា Apple ទំនង​បង្ហាញ iPhone ៣ ម៉ូដែល ដោយ​មាន​មួយ​ម៉ូដែល​បំពាក់​អេក្រង់ OLED ទៀត​សោត​ថ្មីៗ​នេះ​លេចលឺ​ថា iPhone ជំនាន់​ក្រោយ​នោះ ក៏​ទំនង​ជា​ដក​មុខងារ​ស្កេន​ក្រយៅដៃ​ចេញ ដោយ​ជំនួស​មុខងារ​ស្កេន​ផ្ទៃ​មុខ​ឫ​ប្រស្រីភ្នែក​វិញ។​

ប្រភព: http://www.t3.com/features/a-brief-history-of-the-iphone

ប្រភព៖ T3   ប្រែសម្រួល៖ កៅ រក្សា