​គ្រូ U23 ចិន​ថា ប៉ះ ​ម្ចាស់​ផ្ទះ​កម្ពុជាស្អែក​ គឺ​លេង​ដើម្បី​ឈ្នះ

  • 2017-07-18 07:21:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Massimiliano Maddaloni គ្រូ​បង្វឹក​ U23 ចិន​ បញ្ជាក់​ពី​គោលជំហរ​របស់​​ខ្លួន​ថា ​ប៉ះ U23 កម្ពុជា​គឺ​លេង​ដើម្បី​ឈ្នះ​នៃ​ការ​ប្រកួត​វគ្គ​ជម្រុះ 2018 AFC U23 Championship នា​វេលា​​ម៉ោង ៦:៣០​នាទី​ស្អែក​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

លោក Massimiliano Maddaloni

​គ្រូ​បង្វឹក​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​ការ​​មក​ចូល​រួម​​វគ្គ​ជម្រុះ​​​នេះ​​ក្នុង​គោល​បំណង​​ចង់​ឲ្យ​កីឡាករ​របស់​ខ្លួន​ទទួល​បាន​បទ​ពិសោធ​ថ្មីៗ និង​​បង្កើន​​ការ​​រីក​ចំរើន​សមត្ថភាព​​ឲ្យ​កាន់​តែ​ខ្ពស់ ដើម្បី​ត្រៀម​លេង​​ដំណាក់​កាល​ផ្ដាច់ព្រ័ត្រ​​ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ទឹក​ដី​ចិន​នា​ឆ្នាំ២០១៨។ ការ​ជួប​ ​U23 កម្ពុជា​គឺ​ក្រុម​របស់​លោក​ នឹង​លេង​ឲ្យ​អស់​ពី​សមត្ថភាព​ ហើយ​​លេង​ដើម្បី​ជ័យជម្នះ​​ ទោះ​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​ក៏​ដោយ។

​លោក​បន្ថែម​ថា ​ទន្ទឹម​នឹង​​មាន​គោល​ដៅ​បែប​នេះ​​ ​ក្រុម​របស់​លោក​មិន​​​អាច​មើល​ស្រាល​​ម្ចាស់​ផ្ទះ​​បាន​ឡើយ​​ ពិសេស​​មិន​អាច​មើល​រំលង​សមត្ថភាព​បង្វឹក​ដ៏​ល្អ​របស់​លោក ​Leonardo Vitorino ​​ទេ។ ​ជំនួប​ជា​មួយ​ម្ចាស់​ផ្ទះ​ស្អែក​នេះ​​​ ក្រុម​របស់​លោក​រំពឹង​​ធ្វើ​បាន​ល្អ ព្រម​ទាំង​​ឈ្នះ​កម្ពុជា​ផង​ដែរ។

​ការ​ប្រកួត​វគ្គ​ជម្រុះ​ 2018 AFC U23 Championship​ ​ក្នុង​ពូល J ដែល​​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នេះ​គឺ​មាន​​​ U23 ចិន, U23 ជប៉ុន ​និង U23 ហ្វីលីពីន ហើយ​គ្រោង​បញ្ចប់​​​កម្មវិធី​ប្រកួត​សន្សំ​ពិន្ទុ​​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៧៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​