ប្រេងម៉ាស៊ីន​លេខ​ប៉ុន្មាន ស័ក្ដិសម​នឹង​រថយន្ត​​អ្នក​?​ ​

  • 2017-07-20 02:11:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ធ្លាប់​សង្កេតមើល​លេខ​​លើ​ប៊ីដុង​ប្រេងរំអិលម៉ាស៊ីន​រថយន្ត​ទេ​? ​អ្នកដឹង​ទេ​ថា ប្រេង​រំអិលណាមួយ​​ត្រូវ​នឹង​ម៉ាស៊ីន​រថយន្ត​របស់​អ្នក​? ឆ្លើយតប​នឹង​សំណួរ​នេះ លោក ថាត់ រតនៈ ម្ចាស់​មជ្ឈមណ្ឌល​ថែទាំ​រតនៈ មាន​ទីតាំង​ខាងកើត​ផ្សារ​ឈូក ក្នុងស្រុក​ឈូក ខេត្ត​កំពត ​ប្រាប់ Sabay ថា ប្រេងរំអិលម៉ាស៊ីន​មាន ៥ ​ប្រភេទ ប៉ុន្តែ​នៅ​កម្ពុជា​ភាគច្រើន​ប្រើ​តែ​ ៣ ប្រភេទ​​ប៉ុណ្ណោះ។

ប្រេងរំអិលម៉ាស៊ីន ៣ ប្រភេទ​​ខាងលើ ​ចែក​ចេញ​ជា ២ ប្រភេទផ្សេង​ទៀត​រួមមាន ប្រេងសម្រាប់​ម៉ាស៊ីន​សាំង មាន​លេខ 5W30 , 10W40, 20W50 និង​ប្រេង​លេខ 10W30, 15W40, 20W50 សម្រាប់​ម៉ាស៊ីន​ម៉ាស៊ូ​ត​។

ការ​ប្រើ​ប្រេងរំអិលម៉ាស៊ីន​ឲ្យ​បាន​ត្រឹមត្រូវ គឺ​ត្រូវ​មើល​លើ​ចម្ងាយ​គីឡូ​​​រ​ថយ​ន្ត និង​លក្ខណៈ​​ម៉ាស៊ីន​ ចាស់ ឬ​ថ្មី ដូច​ខាង​ក្រោម​៖​

  • ប្រេង​រំអិលលេខ 5W30 ប្រើលើ​រថយន្ត​ថ្មី ឬរថយន្ត​​បើក​បាន​ចម្ងាយ ១០០.០០០ ម៉ាយ ឬ​ជាង​ ១៦ ម៉ឺន​គីឡូ​ម៉ែត្រ
  • ប្រេង​លេខ 10W40 ប្រើលើ​រថយន្ត​ បើក​បាន​​ចម្ងាយ​ចន្លោះ​ពី ១០​ ម៉ឺន​ម៉ា​យ ទៅ ១៥​ ម៉ឺន​ម៉ា​យ (ឬ​ជាង ១៦ ម៉ឺន​ទៅ ២៤ ម៉ឺន​គីឡូ​)
  • ប្រេង​លេខ 20W50 ប្រើលើ​រថយន្ត​​ បើក​បាន​ចម្ងាយ​​ចន្លោះ​ពី ១៥ ​ម៉ឺន​ម៉ា​យ ទៅ ២០​ ម៉ឺន​ម៉ា​យ (ឬ​ជាង ២៤ ម៉ឺន​គីឡូ​ទៅ​ជាង ៣២ ម៉ឺន​គីឡូម៉ែត្រ)

ម្ចាស់​មជ្ឈមណ្ឌល​ថែទាំ​រតនៈ​បាន​បន្ត​ថា៖ "ជួនកាល​ឡាន​ថ្មី​ខ្លះ​គីឡូ​តិច​ពិតមែន តែ​ម៉ាស៊ីន​វា​លាន់​វា​ឡោក​អ៊ីចឹង​ទៅ ត្រូវ​ប្រើ​ប្រេង​រាង​ខាប់​តិច 10W40, 20W50 តែ​ឡាន​ខ្លះ​ស៊េរី​ទាប តែ​ម៉ាស៊ីន​នៅ​ថ្មី គីឡូ​តិច​ក៏​អាច​ប្រើ​ប្រេង​លេខ 5W30 បាន​ដែរ”។

លោក រតនៈ បន្ត​ថា ប្ដូរ​ប្រេងរំអិលម៉ាស៊ីន​បាន​ត្រឹមត្រូវ ​ជួយ​ឲ្យ​ម៉ាស៊ីន​រថយន្ត​ស្ងាត់​ល្អ មិន​ឆាប់​ឡើង​កម្ដៅ និង​​ប្រើប្រាស់​បាន​យូរ៕

អត្ថបទ៖ គីម សាយ