​​តារា​ប្រុស​មុខ​ស្រដៀង Kim Soohyun មាន​ប្រវត្តិ​តស៊ូ​បែប​ណា​​មុន​ចូល​សិល្បៈ?

  • 2017-08-07 23:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ប្រុស​វ័យ​ក្មេង​ តេង ហ៊តណារ៉ុង ឬ​អ្នក​គាំទ្រ​អាច​ហៅ​បាន​ថា ឡុង​ មាន​ដើម​កំណើត​មក​ពី​ខេត្ត​ ក្រចេះ កើត​ថ្ងៃ ១០ ខែ​កញ្ញា ឆ្នាំ​ ១៩៩៦ អាយុ​២១​ឆ្នាំ កម្ពស់ ១៧២​សង់ទីម៉ែត្រ ទម្ងន់ ៦៤​គីឡូក្រាម។

ស្ថានភាព​គ្រួសារ៖

ឡុង កើត​នៅ​ក្នុង​គ្រួសារ​មធ្យម​មួយ​នៅ​ ដែល​មាន​បង​ប្អូន​៤​នាក់ ស្រី​១​ប្រុស​៣ គេ​ជា​កូន​ពៅ​។ ឪពុក​ម្ដាយ​របស់​គេ​ជា​អ្នក​រក​ស៊ី​ ប្រកប​អាជីវកម្ម​ នៅ​ខេត្ត​ក្រចេះ។

ប្រវត្តិ​ការ​សិក្សា​៖

​ថ្នាក់​បឋម​សិក្សា​លោក​រៀន​នៅ​ សាលា​បឋម​សិក្សា​អនុវត្តន៍។ ថ្នាក់​អនុវិទ្យាល័យ​លោក​រៀន​នៅ អនុវិទ្យាល័យ​ក្រចេះ​ក្រុង។ ថ្នាក់​វិទ្យាល័យ​រៀន​នៅ វិទ្យាល័យ​ព្រះ​កុសុមៈ។ សព្វ​ថ្ងៃ​លោក​ជា​និស្សិត​ឆ្នាំ​ទី​៤នៃ សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង ផ្នែក គ្រប់​គ្រង។​

ប្រវត្តិ​ការងារ៖

ក្រៅ​ពី​ការងារ​សិល្បៈ​លោក​មិន​ធ្លាប់​សាក​ល្បង​ការងារ​អ្វី​ផ្សេង​ឡើយ។

បទ​ពិសោធន៍​ក្នុង​សិល្បៈ និង​ស្នាដៃថ្មីបំផុត៖

តារា​សម្ដែង​វ័យ​ក្មេង​រូប​នេះ​មាន​ក្ដី​ស្រមៃ​តាំង​ពី​តូច​ចង់​​ក្លាយ​ជា​តារា​សម្ដែង និង​ចូល​ប្រឡង​ក្នុង​កម្មវិធី Freshie Boy & Girl។ បំណង​ប្រាថ្នា​របស់​គេ​ក៏​បាន​សម្រេច​នៅ​ពេល​គេ​ឡើង​មក​រៀន​ថ្នាក់​សាកល​វិទ្យាល័យ​ ​នៅ​ទីក្រុង​ភ្នំពេញ​ ឡុង​ និយាយ​ថា​មិត្តភ័ក្ដិ​និង​ក្រុម​គ្រួសារ​បាន​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​ចូល​ប្រឡង​កម្មវិធី Freshie Boy & Girl ជំនាន់​ទី​១៣​ ដោយ​គេទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤។

ភាពយន្ត​ដំបូង​ដែល​គេ​បាន​ចូល​សម្ដែង​នោះ​គឺ "វីរនារី​ក្នុង​ភ្លើង​គំនុំ" និង​ស្ប៉ត​ពាណិជ្ជកម្ម​មួយ​ចំនួន​ទៀត។ ស្នាដៃ​ថ្មី​បំផុត​របស់​គេ​គឺ ស្ប៉ត​ពាណិជ្ជកម្ម​​ផ្សព្វផ្សាយ​ម៉ូតូ​ ដែល​សហការ​ជាមួយ​តារា​​ចម្រៀង​និង​ពិធីការិនី ៣​រូប​ទៀត ដោយ​បាន​ថត​នៅ​ប្រទេស​ថៃ ចំណែក​ឯ​ភាព​យន្ត​វិញ​គឺ​រឿង "ក្រោម​មេឃ​តែ​១ ឬ We Are One” របស់​ Rooster Kool ដែល​គេ​ដើរ​តួ​ជា​ជន​ជាតិ សិង្ហបុរី មក​រៀន​ពី​វិស័យ​​អេកូ​ទេសចរណ៍​នៅ​កម្ពុជា រឿង​នេះ​នឹង​ចាក់​បញ្ចាំង​ជូន​ទស្សនា​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ហើយ ទាំង​លើ​កញ្ចក់​ទូរទស្សន៍ និង តាម Online។

ប្រវត្តិ​តស៊ូ​ក្នុង​វិស័យ​សិល្បៈ៖

តារា​ប្រុស​វ័យ​២១​ឆ្នាំ​​រូប​នេះ​ប្រាប់​ថា គេ​ស្ទើរ​តែ​បោះបង់​ក្ដី​សុបិន​ម្ដងៗ​ ជាពិសេស​ពេល​ប្រកួត​ កម្មវិធី Freshie Boy & Girl ដោយ​សារ​ពេល​នោះ​គេ​នៅ​ក្មេង​នៅ​ឡើយ​ ប៉ុន្តែ​ត្រូវ​ហ្វឹក​ហាត់​ច្រើន ប៉ុន្តែ​ដោយសារ​ការ​ជំរុញ​ទឹក​ចិត្ត​ធ្វើ​ឲ្យ​គេ​តស៊ូ​មក​ដល់​សព្វ​ថ្ងៃ។

តារា​ក្នុង​ដួង​ចិត្ត៖

កំពូល​តារា​ចម្រៀង ព្រាប សុវត្តិ និង​​​តារាកូរ៉េ Kim Soohyun និង ក្រុមចម្រៀង BIGBANG។

​​​​​​បំណង​ប្រាថ្នា​ទៅ​ថ្ងៃ​អនាគត៖

ឡុង ​ប្រាប់​ថា​ទៅ​ថ្ងៃ​អនាគត​ចង់​បើក​ហាង​លក់​ម៉ូតូ​១​នៅ​ខេត្ត ក្រចេះ ហើយ​នេះ​មិន​ត្រឹម​តែ​ជា​គោល​បំណង​របស់​គេ​តែ​ម្នាក់​ទេ ម៉ាក់​ប៉ា និង​បង​ប្អូន​ក៏​ជួយ​ជ្រោមជ្រែង​ផង​ដែរ៕

អត្ថបទ៖ Samedy