អ្នក​ណា​​នឹង​សម្ដែង​​តួ អ៊ូខុង ជំនួស កុំកុំ ក្នុង​រឿង "Monkey King” វគ្គ​២?

  • 2014-11-10 18:03:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ និង​សម្ដែង​ល្បី​​ហុងកុង Aaron Kwok Fu Sing នឹង​សម្ដែង​​ជា​តួ​ ស៊ុន អ៊ូខុង ជំនួស កុំកុំ (Donnie Yen) ក្នុង​ខ្សែ​ភាពយន្ត “The Monkey King 2”។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​គេហទំព័រ Hktopten។

 

 

បើ​ទោះ​ជា​មិន​ទាន់​មាន​ការ​បញ្ជាក់​ជា​ផ្លូវការ ប៉ុន្តែ​តារា​វ័យ ៤៩​ឆ្នាំ Aaron Kwok ហាក់​​កំពុង​បង្ហើប​​ថា​ខ្លួន នឹង​សម្ដែង​ជា​តួ​ឯក​ក្នុង​រឿង​ថ្មី​នេះ​។ ប៉ុន្មាន​ថ្ងៃ​មុន Aaron Kwok បាន​បង្ហោះ​រូបភាព​កូន​ស្វា​តូច​មួយ ដោយ​សរសេរ​ភ្ជាប់​ថា "ខ្ញុំ​ចង់​ជួយ​សង្គ្រោះ​ពិភពលោក"។ ហើយ​នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា តារា​រូប​នេះ​ក៏​បាន​បង្ហើប​កាន់​តែ​ច្បាស់​ថែម​ទៀត ដោយ​បាន​បង្ហោះ​រូបភាព​រឿង "Monkey King 2” ដោយ​សរសេរ​ពាក្យ​​ខ្លី​ៗ ថា​ឲ្យ​អ្នក​គាំទ្រ​គិត​មើល​ទាំង​អស់​គ្នា។

 

ដោយ​ឡែក​ប្រភព​មួយ​ចំនួន​ក៏​បាន​និយាយ​ដែរ​ថា Aaron កំពុង​តែ​ហ្វឹកហាត់​​សម្ដែង​ជា​តួ ស៊ុន អ៊ូខុង ស្ងាត់​ៗ ​ជាមួយ​តួ​សម្ដែង​ដទៃ​ទៀត​ដូច​ជា Chow Yun Fat និង Gong Li។ "Monkey King 2” នឹង​ចាប់​ផ្ដើម​ថត​នៅ​ចុង​ខែ​វិច្ឆិកា​នេះ ហើយ​នឹង​អាច​ចេញ​បញ្ចាំង​នៅ​ឆ្នាំ​២០១៦ ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​ចិន។

 

​ខ្សែ​ភាពយន្ត “The Monkey King” វគ្គ​១​បាន​ចេញ​បញ្ចាំង​កាល​ពី​ចុង​ខែ​មករា កន្លង​ទៅ និង​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង​ដោយ​អាច​រក​ចំណូល​សរុប​បាន​ជាង ១៧៥​លាន​ដុល្លារ ដូច្នេះ​ផលិតកម្ម Filmko ក៏​បាន​សម្រេច​ចិត្ត​ផលិត​វគ្គ​បន្ត​មួយ​ទៀត។ ប៉ុន្តែ​តារា​ក្បាច់​គុន កុំកុំ មិន​បាន​សម្ដែង​បន្ត​ឡើយ ដោយ​បាន​និយាយ​ថា​ខ្លួន​ជាប់​រវល់​ថត​រឿង “CROUCHING TIGER HIDDEN DRAGON 2” ខណៈ​ពាក្យ​ចចាមអារ៉ាម​លេច​ឮ​​ថា តារា​វ័យ ៥១​ឆ្នាំ​រូប​នេះ មាន​បញ្ហា​ជាមួយ​ផលិតកម្ម​រឿង​តម្លៃ​ខ្លួន ៕

 

អានអត្ថបទ៖“Fast & Furious 7” ចេញ​ trailer ផ្លូវការ​ មើល​​​ហើយ​ធានា​ថា​ពេញ​ចិត្ត

តារា​សម្ដែង កុំកុំ តួ​ ស៊ុន អ៊ូខុង វគ្គ​១

តារា​សម្ដែង Aaroon Kwok តួ​ ស៊ូន អ៊ូខុង វគ្គ​ថ្មី

 អានអត្ថបទ៖ ឈុត​វាយ​ប្រយុទ្ធ​ល្អ​មើល​បំផុត​ទាំង ៥​ឈុត របស់​កុំកុំ

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ hktopten
អត្ថបទថ្មី