ទីតាំង​ចែក​ចាយ​គ្រឿង​អាហារ​ថ្មី​បើក​នៅ​សៀមរាប ធំ​ហើយ​ស្តង់ដារ​ទំនើប​ទៀត

  • 2017-08-17 03:22:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

DKSH ក្រុមហ៊ុន​អាជីវកម្ម​ផ្នែក​គ្រឿង​ឧបភោគបរិភោគ​ដោយ​ផ្ដោត​ចម្បង​ក្នុង​តំបន់​អាស៊ី បាន​បន្ត​អភិវឌ្ឍ​អាជីវកម្ម​របស់​ខ្លួន​នៅ​កម្ពុជា តាមរយៈ​ការ​បើក​សម្ពោធ​មជ្ឈមណ្ឌល​ចែកចាយ​ទំនិញ​ថ្មី​មួយ​ទៀត​នៅ​ខេត្ត​សៀមរាប​មាន​ទំហំ ១ ០០០ ម៉ែត្រការ៉េ ដើម្បី​ផ្គត់​ផ្គង់​តម្រូវ​ការ​នៅ​តំបន់​ភាគ​ពាយ័ព្យ​ប្រទេស​ជាមួយ​នឹង​ផលិត​ផល​គ្រឿង​ឧបភោគបរិភោគ​ដែល​មាន​គុណភាព​ខ្ពស់។

លោក Kwanchai Assanee នាយក​គ្រប់​គ្រង អាជីវកម្ម​ផ្នែក​គ្រឿង​ឧបភោគបរិភោគ DKSH ប្រចាំ​កម្ពុជា និង​ឡាវ បាន​និយាយ​ថា​៖ "កម្ពុជា ជា​ទីផ្សារ​មាន​ការ​រីក​ចំរើន​លឿន​មួយ​ក្នុង​តំបន់ ជាមួយ​នឹង​កំណើន​ឆាប់​រហ័ស​នៃ​ប្រជាជន​ដែល​មាន​កម្រិត​ជីវភាព​មធ្យម និង​មាន​តម្រូវ​ការ​លើ​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់"។

មជ្ឈមណ្ឌល​ចែក​ចាយ​នេះ បំពាក់​ដោយ​ប្រព័ន្ធ​គ្រប់​គ្រង​ឃ្លាំង​ទំនើប និង​ត្រូវ​បាន​ត​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​បច្ចេកវិជ្ជា​ព័ត៌មាន SAP ជា​សាកល​របស់ DKSH ដើម្បី​ធានា​គុណភាព និង​ការ​អនុលោម​តាម​បទដ្ឋាន​ច្បាប់ ហើយ​ឃ្លាំង​ស្តុក​ទំនិញ​បាន​បំពាក់​ដោយ​ប្រព័ន្ធ​រក្សា​សីតុណ្ហភាព​ដែល​ប្រកាន់​ខ្ជាប់​តាម​មាត្រដ្ឋាន​អន្តរជាតិ ISO 9001:2015។

លោក​បាន​បន្ត​ថា៖ " DKSH តែង​តែ​ឈាន​មុខ​គេ ក្នុង​ការ​ជួយ​ដល់​ដៃគូ​អាជីវកម្ម​នៅ​ទូទាំង​ពិភព​លោក​ឲ្យ​ចូល និង​ពង្រីក​អាជីវកម្ម​របស់​ពួក​គេ​ទៅ​ក្នុង​ទីផ្សារ តាម​រយៈ​សេវាកម្ម​ជាច្រើន​ដូចជា ការ​ធ្វើ​ទីផ្សារ ការ​លក់ ការ​ចែក​ចាយ និង​សេវាកម្ម​ដឹក​ជញ្ជូន ដោយ​យើង​មាន​បទពិសោធន៍​ជាង ៦០ ឆ្នាំ​មក​ហើយ នៅ​កម្ពុជា និង​មាន​បណ្ដាញ​ក្នុង​តំបន់​រឹងមាំ"។

DKSH ផ្នែក​គ្រឿង​ឧបភោគបរិភោគ ជា​អ្នក​ផ្ដល់​សេវាកម្ម​ពង្រីក​ទីផ្សារ​ដោយ​ផ្ដោត​លើ​ផ្នែក​ផលិត​ផល​គ្រឿង​ឧបភោគបរិភោគ សេវាកម្ម​ម្ហូប​អាហារ ផលិត​ផល​ប្រណីត សំលៀក​បំពាក់ និង​ផលិតផល​ប្រចាំ​ថ្ងៃ​ដូចជា​គ្រឿង​សំអាង​ផ្នែក​សក់ និង​ស្បែក ដោយ​មាន​ទីតាំង​អាជីវកម្ម ៧២០ កន្លែង​ក្នុង ២០ ប្រទេស៕

ដោយ៖ វិទូ