មកស្វែងយល់ពីព្រះរាជ​ជីវ​ប្រវត្តិ​សង្ខេប​ "ស្ដេច​កន" មុន​​ទស្សនា​​ខ្សែ​​ភាពយន្ត​​ប្រវត្តិសាស្ត្រ​​ខ្នាត​​​ធំ​​​នេះ

  • 2017-08-18 03:35:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ដេច​កន ត្រូវ​បាន​គេ​ចាត់​ជាក្សត្រ​ដ៏​មាន​បញ្ញាញាណ​​មួយ​ព្រះ​អង្គ ដែល​បាន​កសាង​រាជធានី​រឹង​មាំ​ ធ្វើ​ឲ្យ​ស្រុក​ទេស​មាន​សុខ​សន្តិភាព ហើយ​ប្រជានុរាស្ត្រ​សម្បូរ​សប្បាយ នៅ​ចន្លោះ​ឆ្នាំ ១៥១២-១៥២៥។

ស្នា​ព្រះហស្ត និង​​ព្រះរាជកិច្ច​តស៊ូ​នៃ​​ក្សត្រ​អង្គ​នេះ បាន​រំលេច​ក្នុង​ខ្សែ​ភាពយន្ត​ប្រវត្តិសាស្ត្រ​ខ្នាត​ធំ​​រឿង «ហ្លួង​ព្រះ​ស្តេច​កន» ដែល​វិនិយោគ​ក្នុង​ទំហំ​​ទឹកប្រាក់​ប្រមាណ ១លាន​ដុល្លារ​អាមេរិក ដោយ​​ទូរទស្សន៍ PNN និង​ដឹក​នាំ​រឿងដោយ​ឯក​ឧត្ដម ម៉ៅ អាយុទ្ធ  ដែល​ធ្លាប់​មាន​ស្នាដៃ​ជា​ច្រើន​ក្នុង​សិល្បៈ​ភាពយន្ត​ខ្មែរ។

ខ្សែ​ភាពយន្ត​ប្រវត្តិសាស្ត្រ​ខ្នាត​ធំ​​នេះបានសម្ពោធ​កាលពីយប់មិញនេះ នៅសាលសន្និសីទចតុមុខ ដែល​ចូល​រួម​សម្ដែង​ដោយ​ ទេព រិនដារ៉ូ ស៊ិន សក្កដា រស់ សោភ័ណ​ ឆុំ វត្តី ហេង ប៊ុនលាភ ឌី សាវ៉េត ជា សំនៀង សុខ ដែន ព្រម​ទាំង​តារា​ប្រុស​ស្រី​ជា​ច្រើន​រូប​ទៀត​។

តួអង្គសំខាន់ៗក្នុងរឿងស្តេចកន

យ៉ាង​ណា​ព្រះរាជ​ជីវប្រវត្តិ​របស់ ស្ដេច​កន ឬ​ស្រី​ជេដ្ឋា ធិរាជ​រាមាធិបតី មាន​ចារ​នៅ​ក្នុង​ឯកសារ​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​ដូច​ជា "ឯកសារ​មហា​បុរស​ខ្មែរ" សៀវភៅសិក្សាសង្គមថ្នាក់ទី១១ ក្រសួងអប់រំឆ្នាំ២០០០ និង សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ​របស់​លោក ត្រឹងងា ជា​ដើម។ ឥឡូវ​នេះ សូម​តាម​ដានព្រះរាជ​ជីវប្រវត្តិ​សង្ខេប​របស់ ស្ដេច​កន ដោយ​ដក​ស្រង់​ចេញ​ពី​ឯកសារ​ទាំង​នោះ។

តាម​ឯកសារ​ប្រវត្តិ​សាស្ត្រ ស្ដេច​កន គឺ​ជា​ប្អូន​របស់​នាង​ពៅ (ឯកសារ​ខ្លះ​ឈ្មោះ​នាង ស) ត្រូវ​បាន​តែងតាំង​ជា​មហាតលិក និង​ក្រោយ​មក​ក៏​ត្រូវ​ដំឡើង​យស​សក្ដិ​ជា នាយ​កន​ជា​ឃុន​លួង​ព្រះ​ស្ដេច មាន​នាទី​មើល​ខុស​ត្រូវ​លើ​ពល​ព្រះ​ទាំង​អស់ និង​លើ​កិរិយា​មារយាទ​នៃ​ពលរដ្ឋ​ទូទៅ ។

តំណែង​ខាង​លើ​នេះ គឺ​កើត​ឡើង​ក្រោយ​ពី​នាង ពៅ ជា​បង ត្រូវ​បាន​លើក​ជា​ស្នំ​ឯក​របស់​ព្រះ​បាទ​ស្រី​សុគន្ធ​បទ។ នៅ​ឆ្នាំ​១៥០៩ ព្រះបាទ​ស្រី​សុគន្ធ​បទ ទ្រង់​សុបិន​ឃើញ​នាគ​រាជ​ដេញ​ខាំ​ព្រះអង្គ ហើយ​ខាំ​ពាំ​ស្វេតច្ឆត្រ​ថែម​ទៀត ។ ព្រះអង្គ​ទ្រង់​បញ្ជា​ឲ្យ​ហោរា​ទាយ ដឹង​ថា​មាន​កោលាហល អ្នក​បង្ក​គឺ ឃុន​ហ្លួង​ព្រះ ស្ដេចកន ដែល​កើត​នៅ​ឆ្នាំ​រោង (នាគ)។ ស្រប​ពេល​ជាមួយ​គ្នា​នោះ មាន​ពាក្យ បណ្ដឹង​មក​ថា មាន​កើត​ហេតុ​ចម្លែក​ផ្សេង​ៗ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ ។  

ដោយ​ខ្លាច​ក្រែង ​ស្ដេច​កន ក្បត់​ដណ្ដើម​រាជ​សម្បត្តិ សម​ដូច​ទំនាយ​របស់​ហោរា​នោះ ព្រះ​រាជា ទ្រង់​បាន​ធ្វើការ​ប្រជុំ​សម្ងាត់​នឹង​ពួកមន្ត្រី​ជំនិត ដើម្បី​រិះរក​មធ្យោបាយ​កម្ចាត់​ឲ្យ​បាន។ តែ​បាន​បែក​ការណ៍​ដឹង​ទៅ​ដល់​​ស្ដេច កន តាម​ស្នំ​ឯក​ត្រូវ​​ជា​បង លប​លួច​ស្ដាប់​ដឹង​ហើយផ្ញើ​សំបុត្រ​ទៅ​ប្រាប់។

ដោយ​មាន​គម្រោង​សម្លាប់​ស្ដេច​កន ព្រះ​រាជា​ទ្រង់​បញ្ជា​ឲ្យ​ពួក​មន្ត្រី​រៀប​ចំ​ដង្ហែ​ព្រះអង្គ ទៅ​ក្រសាល​បឹង​បង់​សំណាញ់​កម្សាន្ត ទៅ​តាម​ចំណូល​ព្រះហឫទ័យ​របស់​ព្រះអង្គ​ដែល​ធ្លាប់​តែធ្វើ​ពី​មុន​រៀង​មក ហើយ ស្ដេច​កន ក៏​ត្រូវ​គេ​ចាត់​ឲ្យ​ទៅ​ហែហម​ព្រះ​រាជា​ជាមួយ​មន្ត្រី​ឯ​ទៀត​ៗ​ដែរ ។

ដូច​​ដែល​បាន​គ្រោង​ទុក​ ទ្រង់​ធ្វើ​កល​ថា សំណាញ់​ព្រះអង្គ​ជាប់​សម្រាស់​លើក​ពុំ​រួច ហើយ​ទ្រង់​បញ្ជា​ឲ្យ​ស្ដេច​កន មុជ​ទឹក​ទៅ​ដោះ។ ស្ដេចកន ទទួល​បញ្ជា​ហើយ​លោត​ទៅ​ក្នុង​ទឹក ធ្វើ​ហាក់​ដូច ជា​ពុំ​ដឹង​ខ្លួន តែ​បាន​មុជ​ថយ​ចេញ​ពី​កន្លែង​នោះ​ឆ្ងាយ​ទៅ ។ ពេល​នោះ​ពួក​​ជំនិត​របស់​ព្រះរាជា ក៏​ប្រញាប់​បង់​សំណាញ់​ព្រម​គ្នា​គ្រប​ត្រង់​កន្លែង​ដែល​ស្ដេច​កន​លោត​ទៅ​នោះ ក្នុង​បំណង​ឲ្យស្ដេច​កន​ជាប់​សំណាញ់​រើ​ពុំ​រួច ស្លាប់​ក្នុង​ទឹក​នោះ។

ក្រោយ​រួច​ជីវិត ស្ដេច​កន បាន​ភៀស​ខ្លួន​ទៅ​ដល់​ខេត្ត​បា​ភ្នំ ហើយ​ប្រើ​ឧបាយ​កល​បោក​បញ្ឆោត​ពួក​ចៅហ្វាយ​ខេត្ត​ថា ខ្លួន​បាន​ទទួល បញ្ជា​ពី​ព្រះរាជា​ឲ្យ​មក​កែន​ទ័ព​ទៅ​កម្ចាត់​មហា​ឧបរាជ ចន្ទ​រាជា ដែល​មាន​ចិត្តចង់​ឡើង​សោយរាជ្យ​នៅ​ក្រុង​ចតុមុខ ។ បន្ទាប់​ពី​មាន​កម្លាំង​ទ័ព ស្ដេច​កន ក៏​ចាប់​ផ្ដើម​​វាយ​លុក​ចូល​រាជ​ធានី​ទួល​បាសាន ក្រោយ​ព្រះ​ចន្ទ​រាជា ដក​ថយ​ទៅ​ជ្រក​កោន​ជាមួយ​ស្ដេច​សៀម។

ព្រះ​បាទ​ស្រី​សុគន្ធ​បទ បាន​លើក​ទ័ព​ចេញ​ត​ទល់​ដោយ​ផ្ទាល់​ព្រះអង្គ តែ​ត្រូវ​បរាជ័យ ហើយ​ថយ​ទៅ​កែន​ទ័ព​ថែម​នៅ​ក្រុង​ចតុមុខ ។ ស្ដេច​កន លើក​ទ័ព​ដេញ​តាម​វាយ​បែក បន្ទាយ​ភ្នំពេញ​ទៀត  ព្រះ​បាទ​ស្រី​សុគន្ធ​បទ ថយ​ទៅ​គង់​នៅ​លង្វែក ។ លុះ​បន្ទាយ​លង្វែក​ត្រូវ​វាយ​បែក​ទៀត ព្រះអង្គ​ទៅ​គង់​នៅ​បរិបូណ៌ (អម្រិន្ទបូរ) ​ចុង​ក្រោយ ទៅ​គង់​នៅ​បន្ទាយ​ស្ទឹង​សែន​ក្នុង​ខេត្ត​អា​សន្ទុក (គស១៥១២) ហើយ​ត្រូវ​ទ័ព​របស់​ស្ដេច​កន​ធ្វើ​គត់​បាន​នៅ​ទី​នោះ។

ក្រោយ​ពី​បាន​ជ័យជំនះ​ហើយ ស្ដេច កន ​បាន​ប្រកាស​ខ្លួន ជា​ព្រះមហាក្សត្រ​នៃ​ប្រទេស​កម្ពុជា ដោយ​មាន​រាជ​នាម​ថា ព្រះ​ស្រី​ជេដ្ឋា​ធិរាជ​រាមា​ធិបតី គង់​នៅ​ក្រុង​ស្រី​ស​ឈរ ហើយ​ក្រោយ​មក នៅ​ឆ្នាំ ១៥១៤ ព្រះអង្គ​ បាន​កសាង​រាជធានី ថ្មី​មួយ​ទៀត នៅ​ចន្លោះ​ត្បូង​ឃ្មុំ និង​ខេត្ត​បា​ភ្នំ ត្រង់​ភូមិ​ស្រឡប់​ដែល​ព្រះអង្គ​ទ្រង់​ប្រទាន​នាម​ថា "ក្រុង​ស្រឡប់​ពិជ័យ​ព្រៃ​នគរ"។

បី​ឆ្នាំ​ក្រោយ​មក រាជធានី​នេះ​មាន​ប្រជារាស្ត្រ​មក​រស់​នៅ​កុះករ កាន់​តែ​ច្រើន​ឡើង ជាង​រាជធានី​ចាស់។ ប្រទេស​ជាតិ​បាន​ទទួល​​សុខ​សន្តិភាព ហើយ​ពួក​បរទេស​ជា​ច្រើន បាន​ចូល​មក​ធ្វើ​ទំនាក់​ទំនង ខាង​ពាណិជ្ជកម្ម។ ប្រាក់​ស្លឹង​សញ្ញា​រូប​នាគ​ត្រូវ​បាន​បោះពុម្ព ឲ្យ​ប្រើ​ពាស​ពេញ​ផ្ទៃ​ប្រទេស ដើម្បី​សម្រួល​វិស័យ ពាណិជ្ជកម្ម​ក្នុង និង​ក្រៅ​ប្រទេស។

ប្រជានុរាស្ត្រ​មាន​ជីវភាព​ខ្ពស់​ជាង​មុន ដោយសារ​វិធានការណ៍​មួយ​ចំនួន​របស់​ស្ដេច​កន ដូច​ជា​បន្ធូរបន្ថយ​ពន្ធដារ បន្ថយ​ពិន័យ ព្រម​ទាំង​កែ​ប្រែ​ច្បាប់​ព្រហ្ម​ទណ្ឌ ឲ្យ​មាន​លក្ខណៈ​ធូរ​ស្រាល​ជាង​មុនជា​ដើម។ ប្រវត្តិ​វិទូ​ខ្លះ បាន​សង្កត់​សេចក្ដី​ថា នៅ​សម័យ​នោះ​អាណា​ប្រជានុរាស្ត្រ​បាន​សុខ​សម្បូរ​សប្បាយ​ថែម​ទៀត​ផង៕

 

អត្ថបទៈ ទារិកា