Startup Weekend នាំ​ក្តី​ស្រមៃ​យុវជន​ខ្មែរ​កសាង​អាជីវកម្ម​ដ៏​ជោគជ័យ​ថ្ងៃ​អនាគត

  • 2014-11-10 18:37:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​មិន​ដល់​ប៉ុន្មាន​ថ្ងៃ​ទៀត Startup Weekend នឹង​រៀបចំ​ឡើង​នៅ​អាគារ Development Innovations ស្ថិត​នៅ​តាម​បណ្ដោយ​មហា​វិថី​យោធពលខេមរភូមិន្ទ។ ព្រឹត្តិការណ៍​នេះ​ធ្លាប់​បាន​ធ្វើ​ឡើង​ជាង ៤០០ ទីក្រុង​នៃ​ប្រទេស​ជាង ១០០ ក្នុង​ពិភពលោក។ Startup Weekend ជា​​ឱកាស​​​​សម្រាប់​យុវជន​ដែល​​​មាន​គំនិត​ជា​សហគ្រិន​​លើ​វិស័យ​បច្ចេកវិទ្យា​​​ចូលរួម​ ដើម្បី​​អាច​​​សម្រេច​ក្តី​​សុបិន​ក្នុង​ការ​បង្កើត​អាជីវកម្ម​នា​ពេល​អនាគត​។

 

 

ជុំវិញ​ដំណើរ​ដើម​ទម​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍ Startup Weekend Sabay បាន​សាកសួរ​លោក បេ ចន្រ្តា ប្រធាន​ទទួល​បន្ទុក​រៀបចំ Startup Weekend ដែល​លោក​នឹង​ចូល​ខ្លួន​មក​ឆ្លើយ​សំនួរ​ពី​ដំណើរការ​រៀបចំ​និង​ប្រវត្តិ​ខ្លះៗ​ពី​ព្រឹត្តិការណ៍​ជូន​ដល់​ប្រិយមិត្ត​ជ្រាប​ជា​ព័ត៌មាន។

 

Sabay៖ តើ Startup weekend ជា​អ្វី ហើយ​កើត​ឡើង​តាំង​ពី​ពេល​ណា និង​​យ៉ាង​ដូចម្ដេច?

 

បេ ចន្រ្តា៖ Startup Weekend បាន​បង្កើត​ឡើង​ដំបូង​ក្នុង​ឆ្នាំ ២០០៧ ដោយ​លោក Andrew Hyde នៅ​ទីក្រុង Boulder រដ្ឋ Colorado សហរដ្ឋអាមេរិក ក្រោយមក Startup Weekend បាន​ចុះ​ឈ្មោះ​ជា none-for-profit organization ដែល​មាន​មូលដ្ឋាន​នៅ ទីក្រុង Seattle រដ្ឋ​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ ចាប់​ពី​ពេល​បង្កើត​រហូត​មក​ដល់​ខែ មេសា ឆ្នាំ ២០១៣ កម្មវិធី Startup Weekend បាន​ធ្វើ​បាន​ចំនួន ១០៦៨ ដង ក្នុង ៤០០ ទីក្រុង នៃ​ប្រទេស​ជាង ១០០ ក្នុង​ពិភពលោក ព្រមទាំង​មាន​សហគ្រិន​ចូលរួម​ជាង ១សែន នាក់ និង Startup ចំនួន ៨១៩០ក្រុមហ៊ុន ត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈ​កម្មវិធី​នេះ។

 

Startup Weekend Cambodia ជា​កម្មវិធី​ដែល​ប្រមូលផ្ដុំ អ្នក​រចនា​និង​ច្នៃប្រឌិត អ្នក​សរសេរ​ និង​អភិវឌ្ឍន៍​កម្មវិធី ទូរសព្ទ​ឬ​វេបសាយ អ្នក​អភិវឌ្ឍន៍​អាជីវកម្ម និង​អ្នក​ចូលចិត្ត​ផ្ដួចផ្ដើម​អាជីវកម្ម ដើម្បី​បង្កើត​គំនិត​អាជីវកម្ម និង​កសាង​ក្រុម Startup សម្រាប់​ការប្រកួតប្រជែង​ចុង​សប្ដាហ៍​ក្នុង​រយៈពេល ៥៤ម៉ោង ។ គោលបំណង​នៃ​ការ​បង្កើត​កម្មវិធី​នេះ គឺ​ចង់​ផ្ដល់​ឱកាស​ដល់​យុវជន​កម្ពុជា ដែល​ចង់​ក្លាយ​ជា​សហគ្រិន ឲ្យ​មាន​ការ​បង្កើត​គំនិត​អាជីវកម្ម​ថ្មីៗ ក្នុង​វិស័យ​បច្ចេកវិទ្យា។

 

Sabay៖ តើ​ក្នុង​កម្មវិធី​មាន​ធ្វើ​អ្វី​ខ្លះ​ទៅ?

 

បេ ចន្រ្តា៖ កម្មវិធី​រយៈ​ពេល ៣ ថ្ងៃ​នោះ​មាន​ដូចជា៖

 

  • ថ្ងៃ​ទី​មួយ​ជា​កម្មវិធី​បង្ហាញ និង​ជ្រើសរើស​គំនិត​អាជីវកម្ម​ចេញ​ពី​អ្នក​ចូលរួម។ ប្រសិនបើ គំនិត​អាជីវកម្ម​ដែល​ដាក់​បង្ហាញ​មាន​ច្រើនជាង ១០ អ្នក​ចូលរួម​ទាំងអស់​នឹង​ធ្វើការ​បោះឆ្នោត​ជ្រើសរើស​គំនិត​អាជីវកម្ម​ទាំងនោះ។ គំនិត​អាជីវកម្ម​ចំនួន ១០ ដែល​មាន​អ្នក​បោះឆ្នោត​ឲ្យ​ច្រើន​ជាងគេ​នឹង​ជ្រើសរើស​​ឲ្យ​បង្កើត​បាន​ជា​ ក្រុម សម្រាប់​ដំណើរការ​កម្មវិធី​តែ​ម្ដង។

 

  • ចាប់​ពី​ថ្ងៃ​សៅរ៍​រហូត​ដល់​ថ្ងៃអាទិត្យ ក្រុម​ទាំង ១០ ដែល​បាន​ជ្រើសរើស​កាល​ពី​ថ្ងៃ​សុក្រ​នឹង​ចាប់ផ្ដើម​ដំណើរការ ធ្វើ​ការងារ​លើ​ការ​បង្កើត​គំនិត​អាជីវកម្ម​របស់​ពួកគេ ។ ក្នុង​កំឡុង​ពេល ២ថ្ងៃ​នេះ នឹង​មាន Mentorsដែល​អញ្ជើញ​មកពី​ស្ថាប័ន និង​ក្រុមហ៊ុន​​នានា ចាំ​ជួយ​ប្រឹក្សា​យោបល់​ និង​ផ្ដល់​ជា​គំនិត និង​គន្លឹះ​ល្អៗ​ដល់​ក្រុម​នីមួយៗ។

 

-ថ្ងៃអាទិត្យ​ជា​កម្មវិធី​ ដែល​ក្រុម​បង្កើត​អាជីវកម្ម​ទាំង ១០ក្រុម ឡើង​ធ្វើ​បទ​បង្ហាញ​គំនិត​អាជីវកម្ម​ដល់ គណៈកម្មការ​វាយតម្លៃ ដែល​មាន​សមាសភាព​ជា​ប្រធាន​ក្រុមហ៊ុន​ដែល​អ្នក​រៀបចំ​កម្មវិធី​បាន​អញ្ជើញ​មកពី​បណ្ដា​ក្រុមហ៊ុន​នានា។ នៅ​ល្ងាច​ថ្ងៃអាទិត្យ​ដដែល​នឹង​មាន​ការ​ប្រកាស​ក្រុម​ដែល​ឈ្នះ និង​ការ​រៀបចំ​កម្មវិធី​ជប់លៀង​បញ្ចប់​កម្មវិធី។

 

Sabay៖ ដើម្បី​ចូលរួម​វេទិកា​ Startup weekend តើ​មាន​កិច្ចការ​តម្រូវ​អី​ខ្លះ ហើយ​អ្នក​ចូលរួម​គួរ មាន​ចំណេះដឹង​​អី​ខ្លះ ដើម្បី​ឲ្យ​ការ​ចូលរួម​របស់​ពួកគេ​មាន​ភាព​រលូន​ល្អ​?

 

បេ ចន្រ្តា៖ ជាទូទៅ Startup Weekend ចង់បាន​អ្នកចូលរួម​ ៣ ប្រភេទ។ ប្រភេទទី១ គឺ​អ្នក​មាន​ជំនាញ សរសេរ/អភិវឌ្ឍន៍​កម្មវិធី (Programmer / Developer), ប្រភេទ​ទី ២ គឺ​អ្នក​មាន​ជំនាញ​រចនា (Creative Designer) និង​ប្រភេទទី៣ គឺ​អ្នក​មាន​ជំនាញ ទីផ្សារ និង​អភិវឌ្ឍន៍​អាជីវកម្ម (Marketing & Business Development)។ ៣ ជំនាញ​ខាងលើ គឺ​ជា​តម្រូវការ​ក្នុង​ការ​បង្កើត​ក្រុម​ផ្ដើម​គំនិត​អាជីវកម្ម​នៅ Startup Weekend។ ឧទាហរណ៍ ម្ចាស់​ផ្ដួចផ្ដើម​គំនិត​អាជីវកម្ម​គាត់​មាន​ជំនាញ សរសេរ​កម្មវិធី ដូច្នេះ​គាត់​ត្រូវការ​ អ្នក​ជំនាញ​ទីផ្សារ និង​អ្នក​ជំនាញ​រចនា​ដើម្បី​ចូលរួម​ក្នុង​ក្រុម​របស់​គាត់​សម្រាប់​ ធ្វើ​ការងារ​ជាមួយ​គ្នា​នៅ Startup Weekend។

 

Sabay៖ តើ​អ្វី​ជា​ការ​រំពឹង​ទុក សម្រាប់​ដំណើរការ​រៀបចំ​ព្រឹត្តិការណ៍ Startup weekend?

 

បេ ចន្រ្តា៖ យើងខ្ញុំ​រំពឹង​ថា គំនិត​និង​គម្រោង​អាជីវកម្ម​ចំនួន ២ឬ៣ ដែលបាន​បង្កើត​ឡើង​នៅ​ក្នុង​កម្មវិធី Startup Weekend Cambodia នឹង​ទទួល​បាន​ការ​វិនិយោគ​ពី​វិនិយោគិន​ក្នុង​ស្រុក ឬ​ បរទេស។

 

Sabay៖ តើ​លោក​អាច​លើក​ពី​ចំណុច​សំខាន់ៗជា​អត្ថប្រយោជន៍​ សម្រាប់​ការ​ចូលរួម​ក្នុង​​វេទិកា Startup weekend?

 

បេ ចន្រ្តា៖ អត្ថប្រយោជន៍ ដែល​ទទួល​បាន​ពី​ការ​ចូលរួម​ព្រឹត្តិការណ៍​នេះ​មាន​ដូចជា៖ -       បង្រៀន​អំពី​សហគ្រិនភាព ដែល​អ្នក​មិនបាន​រៀន​នៅ​សាលា -       ក្រុម គឺ​ជា​ធាតុ​ដ៏សំខាន់នៃ Startup, ធ្វើការ​រួមគ្នា​ដើម្បី​បង្កើត​បាន​ជា​អាជីវកម្ម​មួយ -       ជួប​ជាមួយ​គ្រូបង្វឹក(Mentors) និង​វិនិយោគិន (Investors) សំខាន់ៗ​មក​ពី​ក្រុមហ៊ុន​នានា​នៅ​ប្រទេស​កម្ពុជា និង​ក្នុង​តំបន់ -       ក្រុម​ដែល​ទទួល​ជយលាភី មាន​ឱកាស Submit គំនិត​អាជីវកម្ម​របស់​ខ្លួន​ទៅ​ចូលរួម​ប្រកួត​ប្រជែង​នៅ​លើ​ឆាក​អន្តរជាតិ

 

Sabay៖ ចុងក្រោយ តើ​លោក​មាន​អ្វី​សម្រាប់​ចែក​រំលែក​ដល់​ប្រិយមិត្ត​​ជុំវិញ​ព្រឹត្តិការណ៍ Startup weekend?

 

បេ ចន្រ្តា៖ Startup Weekend Cambodia គឺ​ជា​ឱកាស​ពិសេស​សម្រាប់​អ្នក​មាន​គំនិត​ចង់​បង្កើត​អាជីវកម្ម​ក្នុង​វិស័យ​ បច្ចេកវិទ្យា ចូលរួម​បង្ហាញ​គំនិត និ​ង​ទាញ​ការ​ចាប់អារម្មណ៍​ពី​សំណាក់​វិនិយោគិន​ក្នុង​ស្រុក និង​ក្នុង​តំបន់ និង​ឱកាស​ចូលរួម​ប្រកួតប្រជែង​ក្នុង​ក្របខ័ណ្ឌ​ពិភពលោក។ ក្រុមការងារ​យើង​ខ្ញុំ​សូម​លើកទឹក​ចិត្ត​ដល់ អ្នក​មាន​ជំនាញ​ខាង​ផ្នែក​សរសេរ​កម្មវិធី​វេបសាយ និង​ទូរសព្ទ អ្នក​ជំនាញ​ឌីស្សាញ និង​អ្នក​ជំនាញ​ទីផ្សារ និង​អភិវឌ្ឍន៍​អាជីវកម្ម​ ចូលរួម​កម្មវិធី​នេះ​ដើម្បី​បង្ហាញ​នូវ​អ្វី​ជា​ស្នាដៃ​និង​គំនិត​របស់​ ខ្មែរ​យើង។

 

ព្រឹត្តិការណ៍ Startup weekend នឹង​រៀបចំ​ធ្វើ​រយៈ​ពេល ៣ ថ្ងៃ​ពី​ថ្ងៃ ១៤ ដល់ ១៦ វិច្ឆិកា នៅ​អាគារ Development Innovations ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​យោធពលខេមរភូមិន្ទ។ សូម​ចុច​នៅ​ទី​នេះ ដើម្បី​ចូល​ទៅ​កាន់​គេហទំព័រ​កម្មវិធី​ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត​សម្រាប់​ប្រិយមិត្ត​ដែល​ចាប់​អារម្មណ៍​កម្មវិធី​នេះ។

 

 

អាន៖ នាយក​ប្រតិបត្តិ​ Apple ​លោក​ Tim Cook ​​និយាយ​ដោយ​ចំហ​ថា ​ខ្លួន​ជា​ភេទ​ទី​បី

អាន៖ រថយន្ត​ស៊ីសាំង​តិច​ប្រចាំ​ឆ្នាំ ​២០១៤

អាន៖ កំពូល Smartphone ជាទី​ពេញនិយម​និង​ល្អបំផុត​ប្រចាំ​ឆ្នាំ ២០១៤

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី