មកដឹងប្រវត្តិ និងរឿងពិតខ្លះៗ នៃក្រុមអ្នកលេង 18th Street សាហាវបំផុត​នៅអាមេរិកកណ្តាល

  • 2017-08-30 00:58:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមអ្នកលេង 18th Street ឬត្រូវគេហៅថា Calle 18, Barrio 18, Mara 18 ឬ La 18 គឺជាអង្គភាពឧក្រិដ្ឋជនដ៏ធំមួយនៅអាមេរិកកណ្តាល និងម៉ិចស៊ីកូ ដែលបានចាប់ផ្តើមចេញពី អ្នកលេងនៅតាមចិញ្ចើមផ្លូវ នៅទីក្រុង Los Angeles។

ក្រុមអ្នកលេងមួយនេះបានចាប់ផ្តើម នៅលើផ្លូវលេខ១៨ (18th Street) និងវិថី Union Avenue នៅក្នុងសង្កាត់ Rampart District នៃទីក្រុង Los Angeles សហរដ្ឋអាមេរិក។ សមាជិកក្រុមអ្នកលេងមួយនេះ ត្រូវបានគេដឹងថា មាននៅក្នុងទីក្រុងចំនួន ១២០ នៃរដ្ឋ ៣៧ នៅសហរដ្ឋអាមេរិក ក៏ដូចជា អេស្ប៉ាញ អូស្ត្រាលី កាណាដា អង់គ្លេស បារាំង អាល្លឺម៉ង់ លីបង់ ប៉េរូ ហ្វីលីពីន ឈីលី អេក្វាឌ័រ ម៉ិកស៊ីកូ ហ្គាតេម៉ាឡា ហុងឌុយរ៉ាស់ និង អែលសាល់វាឌ័រ ផង​ដែរ។

ពួកគេក៏ត្រូវបានចាត់ទុកថាជាក្រុមឧក្រិដ្ឋជនឆ្លងដែនដ៏ធំបំផុត នៅទីក្រុង Los Angeles ផងដែរ ហើយក្រុមអ្នកលេង 18th Street មានសមាជិក រហូតដល់ទៅរាប់ម៉ឺននាក់ឯណោះ នៅក្នុងទីក្រុងអាមេរិកមួយនេះ។

ពួកគេត្រូវតម្រូវឲ្យគោរពតាមច្បាប់ដ៏​តឹងរ៉ឹងរបស់ក្រុម។ ការខកខានមិនបានធ្វើតាមពាក្យមេដឹកនាំ ឬមិនគោរពសមាជិករបស់ខ្លួន នឹងត្រូវទទួលទណ្ឌកម្ម ឈរឲ្យគេវាយរយៈពេល ១៨ វិនាទី ឬប្រហារជីវិតចោលចំពោះកំហុសធ្ងន់ធ្ងរ។

យោងតាមប៉ូលិស FBI បានឲ្យដឹងថា យើងអាចសម្គាល់អត្តសញ្ញាណ សមាជិកក្រុមអ្នកលេង 18th Street បាន ដោយមើលលេខ១៨ នៅលើខោអាវរបស់ពួកគេ និងការស្លៀកពាក់ឈុតកីឡា នៃក្រុមបាល់បោះល្បីឈ្មោះអាមេរិកមួយចំនួន ដូចជា Duke Blue Devils, Los Angeles Clippers និង Los Angeles Angels ជាដើម។

ក្រៅពីនោះ ពួកគេនឹងប្រើនិមិត្តសញ្ញាដូចជា XV3, XVIII, X8, 99 (៩+៩=១៨) និងសញ្ញាចុច៣ (...) នៅក្នុងរូបសាក់របស់ពួកគេ។ ចំណែកឯពណ៌របស់ពួកគេ គឺ ខៀវ និង ខ្មៅ ដោយពណ៌ខៀវសម្រាប់តំណាង និងគោរពដល់ ក្រុមអ្នកលេង The Mexican Mafia ហើយពណ៌ខ្មៅសម្រាប់តំណាងឲ្យពណ៌ដើមនៃក្រុមអ្នកលេង។

គួរបញ្ជាក់ថា ក្រុមអ្នកលេង 18th Street ក៏ត្រូវបានគេហៅថា «Children's Army» ផងដែរ ដោយសារតែការជ្រើសរើសសិស្សសាលា និងយុវជនវ័យក្មេង ឲ្យចូលជាសមាជិករបស់ពួកគេ។

យ៉ាងណាមិញ សកម្មភាពខុសច្បាប់ដ៏ធំធេង និងភាពល្បីល្បាញរបស់ពួកគេ បានទាក់ទាញចំណាប់អារម្មណ៍របស់ ប៉ូលិស FBI និង កងកម្លាំងអន្តោប្រវេសន៍យ៉ាងខ្លាំង។ កាលពីដើមឆ្នាំ២០០០ រដ្ឋាភិបាលបានផ្តើមការវាយឆ្មក់ និងចាប់បានសមាជិកក្រុមអ្នកលេង 18th Street រាប់រយនាក់នៅទូទាំងប្រទេស៕

ចុចអាន៖

ប្រភព៖ sussle   ប្រែ​សម្រួល៖ សេង ឡុង