បើ​ពេល​វេលា​អាច​ថយ​ក្រោយ អូន​នឹង​ Post រូប​ជាមួយ​បង!

  • 2017-08-30 06:03:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​សិន​ជា​ពេល​វេលា​អាច​ថយ​ក្រោយ​​បាន អូន​នឹង​បំពេញ​បំណង​បង​គ្រប់​យ៉ាង អូន​នឹង​ធ្វើ​ជា​នារី​ដ៏​ល្អបំផុត​សម្រាប់​បង អូន​មិន​រក​រឿង​ អូន​នឹង​បង្ហាញ​ក្ដី​ស្រឡាញ់​ដែល​អូន​មាន​ក្នុង​ចិត្ត​ទាំង​ប៉ុន្មាន​ឱ្យ​បង​ដឹង អូន​នឹង​បង្ហាញ​ឱ្យ​គ្រប់​គ្នា​ដឹង​ថា ពួក​យើង​ស្រឡាញ់​គ្នា ហើយ​ត្រៀម​ចូល​រោង​ការ​ជាមួយ​គ្នា។ តែ​ពេល​នេះ​គ្រប់​យ៉ាង​ហួស​ពេល​អស់​ទៅ​ហើយ ព្រោះ​បង​ចាក​ចេញ​ពី​អូន​គ្មាន​ថ្ងៃ​ត្រឡប់​ ចាក​ចេញ​ជា​រៀង​រហូត។

ពេល​បង​នៅ​មាន​ជីវិត បង​ធ្លាប់​សួរ​អូន​ថា ម៉េច​បាន​អូន​អត់​ដែល post រូប​ជា​មួយ​បង​ក្នុងFBចឹង? អូន​នៅ​ខ្លាច​អី​ទៀត? អូន​ក៏​ប្រាប់​បង​ថា​ចាំ​ដាក់ profile រូប​ការ​ហ្មង​ទៅ? គាត់​ក៏​តប​ថា ចឹង​បង​ត្រូវ​ចាំ​១​ឆ្នាំ​ទៀត​មែន? ខ្ញុំ​ក៏​ប្រាប់​គាត់​ថា ច៎ា ត្រូវ​ហើយ ក្ដី​ស្រលាញ់​អូន​មិន​សំខាន់​លើ​រូប​ថត​ទេ គឺ​សំខាន់​ទង្វើ​យើង​ទាំង​២​នាក់​តើ។ គាត់​ក៏​ញញឹម​ហើយ​ប្រាប់​ថា អូន​ជា​មនុស្ស​ចុង​ក្រោយ​សម្រាប់​ជីវិត​បង​ហើយ ចឹង​យើង​ត្រូវ​ស្រលាញ់​និង​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ទើប​វា​ជា​សុភមង្គល​ពិត។

នារីកម្សត់ និងសង្សារដែលស្លាប់ទៅ

បង​តែង​លើក​ទឹក​ចិត្ត​អូន ពេល​អូន​លំបាក បង​ប្រាប់​ថា បង​នឹង​មើល​ថែ​អូន​រហូត មិន​ឱ្យ​ជីវិត ក្មេង​កំព្រា​ដូច​អូន ឯកា​ទេ ឭ​បែប​នេះ អូន​ក៏​ញញឹម​ហើយ​ប្រាប់​បង​ថា ជីវិត​អូន មាន​បង​ជា​អ្នក​រើស​ឆ្អឹង​អូន​ហើយ។ បង​ល្អ​ពេក​ហើយ ហេតុអី​ក៏​មិន​ចេះ​អាក្រក់ ជា​ប្រុស​នឹង​គេ​ដែរ​ ហេតុអី​មិន​ចេះ​ផឹក​ស៊ី​ដូច​គេ ហេតុអី​មិន​កុហក​បោក​ប្រាស់​ដូច​គេ? ឱ្យ​អូន​ទទួល​ម៉េច​បាន​បង អូន​ដឹង​ថា​បង​ពិត​ជា​ត្រូវ​ការ​ឱ្យ​អូន​រឹង​មាំ តែ​អូន​ធ្វើ​អត់​បាន​ទេ ឱ្យ​អូន​សុំទោស​ណា​បង​សម្លាញ់ អូន​មិន​អាច​ឈប់​យំ​ទេ។

បើ​បង​មិន​ប្រកាន់​ខឹង អូន​សុំ​ទៅ​កំដរ​បង​ផង​បាន​ទេ អូន​អត់​អាច​រស់​នៅ​ម្នាក់​ឯង​បាន​ទេ ឱ្យ​អូន​ទៅ​មើល​ថែ​បង​ផង​បាន​ទេ​សុំទោស​បង​សម្លាញ់​ដែល​ពេល​ខ្លះ​អូន​មិន​ជឿ​ថា​បង​ស្រលាញ់​អូន​ដល់​ថ្នាក់​ហ្នឹង​ សុំទោស​ដែល​អូន​ធ្លាប់​គិត​ថា ទង្វើ​ល្អ​របស់​បង គ្រាន់​តែ​ឱ្យ​អូន​លង់​ចិត្ត តែ​ពេល​នេះ​អូន​ដឹង​ហើយ​ថា​ក្ដី​ស្រលាញ់​បង ចំពោះ​អូន​ធំធេង​ប៉ុនណា ??? បង​សម្លាញ់​វិល​វិញ​បានទេ ម៉េច​ដាច់​ចិត្ត​ទុក​អូន​ចោល​ម្នាក់​ឯង​ចឹង?

ឥឡូវ​អូន​បំពេញ​បំណង​បង​ហើយ គឺ រូប​យើង បាន post ហើយ baby ហេតុ​អី​ក៏​មនុស្ស​ស្រលាញ់​គ្នា​ដោយ​ចិត្ត​នឹង​ចិត្ត​ មិន​អាច​នៅ​ជាមួយ​គ្នា​រហូត​ដល់​ចាស់​កោង​ខ្នង?  ហេតុ​អី​ក៏​បំបែក​ពួក​ខ្ញុំ​ដោយ​សេចក្ដី​ស្លាប់? បង​ជា​មនុស្ស​ចុង​ក្រោយ​នៃ​ជីវិត​អូន។

អូន​នៅ​ចាំ​ថា កាល​យើង​ស្រលាញ់​គ្នា អូន​មិន​សូវ​ចូលចិត្ត​ភាព​ផ្អែមល្ហែម លួង​លោម​ខ្លាំង​ពេក​ទេ ព្រោះ​អូន​ជា​មនុស្ស​ចូល​ចិត្ត​បែប​សាមញ្ញ មិន​ចូល​ចិត្ត​បង្ហាញ​ពេក​ទេ តែ​បង​នៅ​តែ​តាម​អូន​គ្រប់​យ៉ាង។ កាល​ស្រលាញ់​គ្នា​ជាង​១​ឆ្នាំ ពេល​ឈ្លោះ​គ្នា​បន្តិច​បន្តួច​អូន​រត់​ចោល​បង​ទៅ​នៅ​ខេត្ត គេច​មុខ​ពី​បង មិន​ចង់​ឱ្យ​បង​ឃើញ​មុខ​តែ​បង​នៅ​តែ​តាម​រក​អូន ហើយ​នៅ​តែ​ស្រឡាញ់​អូន​គ្មាន​ប្រែប្រួល។

នារីកម្សត់ និងសង្សារដែលស្លាប់ទៅ

ជីវិត​ខ្ញុំ​ហេតុអ្វី​មាន​កម្ម​ម្ល៉េះ? ឪពុក​ស្លាប់​ចោល​តាំង​អាយុ ៥​ឆ្នាំ ពេល​អាយុ​១១​ឆ្នាំ​ម្ដាយ​ក៏​ចាកចោល​ទៀត នៅ​សល់​តែ​២​នាក់​បង​ប្អូន​ក្នុង​ពិភពលោក​ដ៏​ធំធេង។ ពេល​មាន​ស្នេហា សង្ឃឹម​ផ្ញើ​វាសនា និង​ជីវិត​លើ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ តែ​ពេល​នេះ​មនុស្ស​ដែល​ខ្ញុំ​ត្រៀម​ចូល​រោង​ការ​ជាមួយ​គ្នា បាន​ចាក​ចោល​ខ្ញុំ​ទៀត។ តើ​ឱ្យ​ខ្ញុំ​រស់​នៅ​យ៉ាង​ដូចម្ដេច? ខ្ញុំ​ទទួល​យក​មិន​បាន​ទេ ខ្ញុំ​មិន​ជឿ​ទេ​ថា​នេះ​ជា​ការ​ពិត។

ថ្ងៃ​ដែល​គាត់​ចាក​ចោល​ខ្ញុំ​ទៅ​ជា​រៀង​រហូត កាល​ពី​ថ្ងៃ​ទី ២៩ សីហា ២០១៧ ខ្ញុំ​ទទួល​ដំណឹង​ថា​គាត់​គ្រោះ​ថ្នាក់​ចរាចរណ៍ តែ​អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ក្ដុកក្ដួល​បំផុត​នោះ គាត់​ប្រាប់​ថា បង​មិន​អី​ទេ​គ្រាន់​តែ​របួស​តិច​តួច​អូន​កុំ​បារម្ភ​អី។ តែ​តាម​ពិត​គាត់​កុហក​ខ្ញុំ ដើម្បី​កុំ​ឱ្យ​ស្លុត​ចិត្ត បន្តិច​ក្រោយ​មក​គ្រូពេទ្យ​ខល​ប្រាប់​ថា គ្រឿង​ក្នុង​របស់​គាត់​ខ្ទេចខ្ទី​អស់​ហើយ មិន​អាច​សង្គ្រោះ​បាន​ទេ។

ចុង​ក្រោយ​ខ្ញុំ​សូម​ផ្ដាំ​ដល់​មនុស្ស​គ្រប់​គ្នា​ដែល​ជា​គូរ​នឹងគ្នា កុំ​បណ្ដោយ​អោយ​អ្វីៗ​ហួស​ពេល មនុស្ស​ដែល​មាន​និស្ស័យ​នឹង​គ្នា បាន​យើង​បាន​ជួប​គ្នា ចឹង​ហើយ ទាន់​យើង​មាន​ឱកាស ធ្វើ​ល្អ ស្រលាញ់ ​ថ្នាក់ថ្នម កុំ​ឱ្យ​បាត់បង់​ទើប​ដឹង​ថា ក្ដី​ស្រលាញ់​វា​ធំធេង​ប៉ុណ្ណា៕​

ប្រសិនបើមានរឿងរ៉ាវចង់ចែករំលែកសូមទាក់មកកាន់ក្រុមការងារសប្បាយតាមរយៈលេខ៖

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

រូបភាព៖ ផ្ដល់ឱ្យ

អត្ថបទថ្មី