​ល្ងាច​នេះ អេ យ៉ានុត​ ប្តេជ្ញា​​យក​ឈ្នះ​​ម្ចាស់​ផ្ទះ​ចិន​ដើម្បី​ក្លាយ​ជា​អ្នក​ប្រយុទ្ធ​ពិត​ម្នាក់​

  • 2017-09-01 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​គុន​ខ្មែរ​​ អេ យ៉ានុត​ ត្រូវ​បង្ហាញ​ខ្លួន​ជា​លើក​ទី​ពីរ​ក្នុង​ស្ថាប័ន​ ONE Championship នៅ​ទី​ក្រុង​ស៊ាងហៃ​ ប្រទេស​ចិន​ បន្ទាប់​ពី​បង្ហាញ​ខ្លួន​លើក​ដំបូង​កាល​ពី​ពីរ​ឆ្នាំ​មុន។ កីឡា​ការិនី​កម្ពុជា​រូប​នេះ​ប្តេជ្ញា​បង្កើត​ប្រវត្តិ​សាស្ត្រ​ក្នុង​ស្ថាប័ន​គុន​ចម្រុះ​ដ៏​ធំ​នេះ។

«នេះ​ជា​ការ​ប្រកួត​ដ៏​ធំ​ដែល​មាន​អ្នក​​ប្រដាល់​ខ្លាំង​ៗ​មក​ពី​ជុំ​វិញ​ពិភព​លោក។ ខ្ញុំ​ចង់​បង្កើត​កំណត់​​​ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ ហើយ​នេះ​ជា​ឱកាស​របស់​ខ្ញុំ​ហើយ។ ខ្ញុំ​ខំ​ប្រឹង​ហាត់​ខ្លាំង​គ្មាន​ពេល​សម្រាក។ ខ្ញុំ​នៅ​តែ​បន្ត​ធ្វើ​ឲ្យ​អាជីព​ខ្ញុំ​កាន់​តែ​ប្រសើរ​ឡើង។ ខ្ញុំ​បាន​ហាត់​ផ្នែក​ក្រោម​ ទាំង​ប្រយុទ្ធ​ និង​ការ​ពារ។ ខ្ញុំ​ពិត​ជា​រីករាយ​ដែល​បាន​ចេញ​មក​វ៉ៃ​នៅ​ក្រៅ​ប្រទេស»។ អេ យ៉ានុត​បាន​និយាយ​។

កូន​ស្រី​បង្កើត​ អេ ភូថង​រូប​នេះ​បញ្ជាក់​ថា ៖«ខ្ញុំ​គ្មាន​អ្វី​ត្រូវ​ខ្លាច​ទេ​ដែល​ប៉ះ​ម្ចាស់​ផ្ទះ​ តែ​វា​ជា​ការ​ប្រកួត​ដ៏​លំបាក​សម្រាប់​ខ្ញុំ។ យ៉ាង​ណា ខ្ញុំ​ត្រូវ​ជម្នះ​បញ្ហា​ទាំង​នេះ​ដើម្បី​ក្លាយ​ជា​អ្នក​ប្រយុទ្ធ​ពិត​ប្រាកដ​ម្នាក់»។

កីឡា​ការិនី​ អេ យ៉ានុត​ធ្លាប់​ប្រកួត​ក្នុង​ទ្រុង​ One Championship ម្តង​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៥​ដែល​ពេល​នេះ​ចាញ់​ពិន្ទុ​ទាំង​ប្រផុតប្រផើយ​ដោយ​កីឡា​ការិនី​មិត្ត​រួម​ជាតិ​គឺ​ វី ស្រី​ខួច។ កីឡា​ការិនី​រូប​នេះ​នឹង​ជួប​កីឡា​ការិនី​ចិន​ Xu Chun Yan ​ក្នុង​ព្រឹត្តិការណ៍​ ONE CHAMPIONSHIP: SHANGHAI នៅ​សង្វៀន​ Shanghai Oriental Sports Center ​ក្នុង​ទី​ក្រុង​ស៊ាងហៃ​ ប្រទេស​ចិន​ ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២​ ខែ​កញ្ញា​នេះ៕

អត្ថបទ៖ ជាន ចាន់រ៉ា