៤៦​ឆ្នាំ​! កម្ពុជា​ នៅ​មិន​​ទាន់​បំបែក​កំណត់​​ត្រា​​​មេដាយ​មាស​ស៊ីហ្គេម​ផ្ទាល់​ខ្លួន​​បាន​

  • 2017-09-02 00:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​មក​ទល់​ពេល​នេះ​ អស់​រយៈពេល​៤៦​ឆ្នាំ​ហើយ​ ​កម្ពុជា​​ ពុំ​ទាន់​អាច​បំបែក​កំណត់​ត្រា​មេដាយ​មាស​របស់​ខ្លួន​ ក្នុង​ព្រឹត្តិការណ៍​កីឡា​តំបន់​អាស៊ីអាគ្នេយ៍​ ឬ ស៊ីហ្គេម​​នៅ​ឡើយ​ បើ​ធៀប​នឹង​ស៊ី​ហ្គេម​លើក​ទី​​៦​​ឆ្នាំ​១៩៧១​ ដែល​កម្ពុជា​រក​បាន​ដល់​ទៅ​១៧​មេដាយ​មាស។​

កែ ឡេង និង​អ៊ុក ស្រីមុំ ​ឈ្នះ​មេដាយ​មាស​ឆ្នាំ​២០១៧

គ្រា​នោះ​​​ប្រទេស​ចំនួន​៧​ បាន​​ចូល​ប្រជែង​នៅ​ទីក្រុង​កូឡាឡាំពួរ​ ​រួម​មាន​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី​ កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា​ សិង្ហបុរី​ ថៃ​ និង​វៀតណាម។​ កម្ពុជា ដែល​កាល​នោះ​ត្រូវ​គេ​ស្គាល់​ជា​ សាធារណរដ្ឋ​ខ្មែរ​​ ដណ្ដើម​បាន​មេដាយ​មាស​១៧​ ប្រាក់​១៨​ និង​សំរឹទ្ធ​១៧​គ្រឿង​ ឈរ​ចំណាត់​ថ្នាក់​លេខ​៥​ លើ​ឡាវ​ និង​វៀតណាម។​

ស៊ន សៀវម៉ី ​ឈ្នះ​មេដាយ​មាស​ឆ្នាំ​២០១៧

ចាប់​ពី​ពេល​នោះ​មក​ កម្ពុជា​​ ចូលរួម​ស៊ីហ្គេម​បាន​១២​លើក​ទៀត​ ប៉ុន្តែ​ពុំ​មាន​លើក​ណា​អាច​បំបែក​កំណត់ត្រា​មេដាយ​មាស​ និង​ មេដាយ​ប្រាក់​ កាល​ឆ្នាំ​១៩៧១​ឡើយ​ ពោល​ត្រឹម​​បំបែក​​កំណត់​ត្រា​មេដាយ​សំរឹទ្ធ​ប៉ុណ្ណោះ។​ គួរ​ដឹង​ដែរ​ថា​ តាំង​ពី​ព្រឹត្តិការណ៍​កីឡា​តំបន់​អាស៊ី​អាគ្នេយ៍​បង្កើត​ឡើង​ដំបូង​​ នៅ​ឆ្នាំ​១៩៥៩​មក​ កម្ពុជា ចូល​ប្រជែង​ចំនួន​១៧លើក​ ក្នុង​ចំណោម២៧លើក​ ​ដោយ​ដណ្ដើម​បាន​មេដាយ​សរុប៣៤៤គ្រឿង​ ក្នុង​នោះ​មាស​​៥០គ្រឿង​ ប្រាក់​៩០​គ្រឿង​ និង​សំរឹទ្ធ​២០៤គ្រឿង។​

ឃីម ឌីម៉ា​ ​ឈ្នះ​មេដាយ​មាស​ឆ្នាំ​២០១៧

បែប​ណា​ក្ដី​ កម្ពុជា​ ពុំ​ធ្លាប់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ម្ដង​ណា​ឡើយ​​ ក្នុង​ចំណោម​ព្រឹត្តិការណ៍​ស៊ីហ្គេម​២៧​លើក​មក​នេះ។​ ​២០២៣​ នឹង​ក្លាយ​ជា​ឆ្នាំ​ដំបូង​បង្អស់​ សម្រាប់​ កម្ពុជា ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។​

សម្រាប់​ស៊ីហ្គេម​លើក​ទី​២៩​ ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ​វិញ​ កម្ពុជា​ ឈរ​ចំណាត់ថ្នាក់​លេខ​៨​ក្នុង​ចំណោម​១១​ប្រទេស​ ដូច​កាល​ឆ្នាំ​២០១៥​នៅ​សិង្ហបុរី​ដែរ​ ក្រោយ​ដណ្ដើម​​​បាន​មេដាយ​មាស​៣​គ្រឿង​ ប្រាក់​២​គ្រឿង​ និង​សំរឹទ្ធ​១២​គ្រឿង៕

តារាង​មេដាយ​កាល​ពី​ឆ្នាំ​១៩៧១
តារាង​មេដាយ​ឆ្នាំ​២០១៧

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី