ជួប​មនុស្ស​​សំខាន់​នៅ​ពី​ក្រោយ​អាជីព​បាល់ទាត់​របស់​ ឃួន ឡាបួរ៉ាវី​

  • 2017-09-15 01:24:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ខ្លះ​និយាយ​​ថា «គេ​ថា​យក​ប្តី​ជា​អ្នក​កីឡា​​ប្រាក់​ខែ​​មិន​​បាន​១០០ ​ដុល្លារ​ផង ចាយ​ស្អី​គ្រាន់»​ត្រូវ​បាន​ចូល​ពេញ​ត្រចៀក​​នារី​វ័យ​ក្មេង​ម្នាក់​ដែល​បាន​រៀប​ការ​ជា​មួយ​បុរស​ជា​កីឡាករ​បាល់ទាត់​កម្ពុជា។ ពាក់​ព័ន្ធ​​នឹង​ការ​លើក​ឡើង​នេះ ដ៏​ដូច​ជា​បញ្ហា​ផ្សេង​ៗ​ក្នុង​វិស័យ​បាល់ទាត់​ខ្មែរ Sabay បាន​ធ្វើ​បទ​សម្ភាសន៍​ពិសេស​មួយ​​​ពោរ​ពេញ​ដោយ​អត្ថន័យ​​​ជា​មួយ​​នារី​ម្នាក់​នេះ​គឺ​​​អ្នក​នាង​ ពេជ្រ សង្វា ជា​ភរិយា​​ដ៏​ស្រស់​ស្អាត​របស់​ខ្សែប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជា និង​ចម្ការ​កៅស៊ូ​បឹងកេត​ ឃួន ឡាបូរ៉ាវី។ រហូត​ដល់​ពេល​នេះ អ្នក​ទាំង​ពីរ​ទទួល​បាន​កូន​ប្រុស​២​នាក់​ហើយ​ដើម្បីចំណង​ដៃ​អាពាហ៍ពិពាហ៍របស់​អ្នក​ទាំង​ពីរ។

ឃួន ឡាបូរ៉ាវី

- **ជាន ចាន់រ៉ា៖ ហេតុ​អ្វី​បាន​ជា​អ្នក​​នាង​​ស្រលាញ់​​កីឡា​ករ​បាល់ទាត់​នៅ​ស្រុក​ខ្មែរ?**

ពេជ្រ សង្វា៖ ព្រោះ​ខ្ញុំ​ស្រលាញ់​បាល់ទាត់​ហើយ​ខ្ញុំ​ចូល​ចិត្ត​មើល​បាល់​ទាត់​ណាស់​​។ ជា​ពិសេស​ក្រុម​​បាល់ទាត់​នៅ​អឺរ៉ុប​ មើល​ហើយ​មាន​អារម្មណ៍​ថា​ ចង់​បាន​មិត្ត​ប្រុស​ជា​កីឡាករ​បាល់ទាត់។

  • ជាន​ ចាន់រ៉ា​៖ បន្ទាប់​ពី​បាន​រៀប​ការ​ជា​មួយ​កីឡាករ​បាល់ទាត់​ តើ​​មាន​អារម្មណ៍​យ៉ាង​ម៉េច​ដែរ​?

ពេជ្រ​ សង្វា៖ ខ្ញុំ​មាន​អារម្មណ៍​ថា ស្រលាញ់​បាល់ទាត់​ជាង​មុន​ និង​ស្រលាញ់​បាល់​ទាត់​ជាតិ​ជាង​ពី​មុន​ខ្លាំង​ឡើង​​ ព្រោះ​ទង្វើ​ដែល​ប្តី​ខ្ញុំ​ធ្វើ​រាល់​ថ្ងៃ​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​ថា ធ្វើ​ជា​កីឡាករ​បាល់​ទាត់​គឺ​ពិត​ជា​លំបាក​ណាស់។​ ​ទម្រាំ​តែ​យើង​អាច​ក្លាយ​ជា​កីឡាករ​ល្អ​ម្នាក់​ វា​មិន​ងាយ​នោះ​ទេ។

  • ជាន ចាន់រ៉ា៖ តើ​អ្នក​នាង​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​លើក​ទឹក​ចិត្ត​ ក៏​ដូច​ជា​ជំរុញ​កម្លាំង​ចិត្ត​ដល់​ស្វាមី?

ពេជ្រ​ សង្វា៖ ខ្ញុំ​តែង​តែ​លើក​ទឹក​ចិត្ត​ដល់​គាត់​នៅ​ថៃ្ង​ដែល​គាត់​ត្រូវ​ចេញ​ទៅ​ប្រកួត​ និង​នាំ​កូន​ប្រុស​របស់​ខ្ញុំ​ទៅ​គាំទ្រ​គាត់​ដល់​ទីលាន​។ គាត់​ថា​ ពួក​ខ្ញុំ​គឺ​ជា​កម្លាំង​ចិត្ត​របស់​គាត់ បន្ទាប់​ពី​អ្នក​គាំទ្រ​ និង​ពេល​ដែល​មាន​ប្រកួត​ចាញ់​ខ្ញុំ​ឃើញ​គាត់​ពិបាក​ចិត្ត​ខ្ញុំ​និង​កូន​ប្រុស​តែង​តែ​លួង​លោម​គាត់​និង​ផ្តល់​កម្លាំង​ចិត្ត​ដល់​គាត់​ កុំ​ឲ្យ​គាត់​បាក់​ទឹក​ចិត្ត។

  • ជាន ចាន់រ៉ា​៖ ធ្លាប់​មាន​គេ​និយាយ​អ្វី​ទេ​ដូច​ជា​ថា យក​ប្តី​ជា​អ្នក​កីឡា​មិន​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​សម្រាប់​គ្រួសារ?​ តើ​អ្នក​នាង​ជម្នះ​នឹង​បញ្ហា​បែប​នេះ​ដូច​ម្តេច ប្រសិន​បើ​មាន?

ពេជ្រ សង្វា៖ ​ធ្លាប់​មាន​គេ​​និយាយ​ដែរ។ គេ​ថា​យក​ប្តី​ជា​អ្នក​កីឡា​​ប្រាក់​ខែ​​មិន​​បាន​១០០ ​ដុល្លារ​ផង ចាយ​ស្អី​គ្រាន់ ប៉ុនែ្ត​ជា​សំណាង​សម្រាប់​ពួក​ខ្ញុំ​ទាំង​ពីរ​គឺ​គ្រួសារ​ខ្ញុំ​ ទាំង​ប៉ា​ម៉ាក់​ យាយ​តា​របស់​ខ្ញុំ​សុទ្ធ​តែ​ស្រលាញ់​ និង​អាណិត​គាត់​(ឡាបូរ៉ាវី) ហើយ​អត់​មាន​ខ្វល់​និង​គិត​ពី​មាត់​នរណា​និយាយ​អ្វី​អាក្រក់​ពី​អាជីព​របស់​ប្តី​ខ្ញុំ​ទេ ។

ខ្ញុំ​ធ្វើ​​អារម្មណ៍​​ឲ្យ​សប្បាយ​ៗ ដោយ​មិន​ខ្វល់​ពី​នរណា​ថា​អ្វី​ទាំង​អស់។ ខ្ញុំ​គ្រាន់​តែ​ដឹង​ថា​ មនុស្ស​មា្នក់​នេះ​គឺ​ខ្ញុំ​ជា​អ្នក​ស្រលាញ់​ ខ្ញុំ​ជា​អ្នក​រស់​នៅ​ជា​មួយ​គាត់ ទោះ​ស្អាត​ ឬ​ អាក្រក់ មាន​ ឬ​ ក្រ​ ខ្ញុំ​ជា​អ្នក​ជ្រើស​ដោយ​ខ្លួន​ឯង។ គ្មាន​នរណា​មក​បង្ខំ​ខ្ញុំ​ទេ​ ខ្ញុំ​ស្រលាញ់​គាត់​ព្រោះ​គាត់​ជា​មនុស្ស​មា្នក់​ដែល​​ឲ្យ​ខ្ញុំ​ផើ្ញ​ជីវិត​រស់​នៅ​ជា​មួយ​បាន​មួយ​ជីវិត។ អ្នក​ដែល​ធ្លាប់​ថា​ឲ្យ​ប្តី​ខ្ញុំ​ពី​មុន​ ហើយ​ឥឡូវ​បែរ​ជា​មក​សរសើរ និង​លើក​ទឹក​ចិត្ត​បី្ត​ខ្ញុំ​ទៅ​វិញ​ និង​លែង​និយាយ​អី្វ​ដែល​មិន​ល្អ​ដល់​បាល់ទាត់​ជាតិ​ទៀត​ហើយ​ ដោយ​ពួក​គាត់​ងាក​មក​គាំទ្រ​បាល់​ទាត់​ជាតិ​វិញ។

ឃួន ឡាបូរ៉ាវី ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា
  • ជាន ចាន់រ៉ា​៖ តើ​អ្នក​នាង​ក៏​ដូច​ជា​គ្រួសារ​ទទួល​បាន​អ្វី​ពី​បាល់ទាត់​ ក្នុង​នាម​ប្ដី​ជា​កីឡាករ​បាល់ទាត់?

ពេជ្រ សង្វា៖ ខ្ញុំ​និង​ក្រុម​គ្រួសារ​ ទទួល​បាន​ចំណេះ​ដឹង​ច្រើន​ពី​បាល់ទាត់​ ព្រោះ​គ្រួសារ​ខ្ញុំ​អត់​មាន​អ្នក​ជាប់​សែស្រឡាយ​ជា​អ្នក​កីឡា​អី​ទេ។ ដល់​ពេល​ខ្ញុំ​រៀប​ការ​ជា​មួយ​កីឡា​ករ​បាល់ទាត់​អាជីព​ហើយ​មាន​អ្នក​ជិត​ខាង​ និង​បង​ប្អូន​សាច់​ញាតិ​ពួក​គាត់​កោត​សរសើរ​ហើយ​ ផ្ដល់​កិត្តិយស​ ដល់​ក្រុម​គ្រួសារ​ខ្ញុំ និង​បង​វី​ខ្លាំង​ណាស់​ ព្រោះ​ពួក​គាត់​ឃើញ​បង​វី​លេង​​បាល់​បាន​ល្អ ហើយ​ជា​កីឡាករ​ជម្រើស​ជាតិ ជា​ពិសេស​ទទួល​បាន​រង្វាន់​ស្បែក​ជើង​មាស​​​ច្រើន និង​ឈ្នះ​​រង្វាន់​ជា​កីឡាករ​ឆ្នើម​ទៀត។

  • ជាន ចាន់រ៉ា៖ តើ​អាជីព​បាល់ទាត់​អាច​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​​​ធូរធារ​សមរម្យ​ និង​ថ្លៃថ្នូរ​ទេ?

ពេជ្រ សង្វា៖ អាជីព​កីឡាករ​បាល់ទាត់​អាច​ធើ្វ​ឲ្យ​ខ្ញុំ និង​បី្ត ព្រម​ទាំង​​កូន​​​អាច​រស់​នៅ​បាន​សមរម្យ​ និង​ថៃ្ល​ថ្នូរ​ ទោះ​ប្រាក់​ខែ​វា​មិន​ទាន់​ច្រើន​ដូច​ប្រទេស​ដទៃ​ ប៉ុនែ្ត​ខ្ញុំ​ និង​បី្ត​សប្បាយ​ចិត្ត​និង​លេង​​ឲ្យ​បាន​ល្អ​ដើម្បី​ជួយ​ក្លិប ព្រោះ​វា​ជា​អាជីព​មួយ​ដែល​ប្តី​ខ្ញុំ​ស្រលាញ់។

  • ជាន ចាន់រ៉ា​៖ ចុះ​បើ​កូន​ប្រុស​ចង់​ក្លាយ​ជា​កីឡាករ​បាល់ទាត់​ តើ​គិត​យ៉ាង​ម៉េច​ដែរ?

ពេជ្រ សង្វា៖ បើ​កូន​ប្រុស​ខ្ញុំ​គេ​ចង់​ក្លាយ​ជា​កីឡាករ​បាល់ទាត់​ ខ្ញុំ​នឹង​យល់​ព្រម ​ព្រោះ​រាល់​ថៃ្ង​នេះ​គេ​នៅ​ផ្ទះ​ចូល​ចិត្ត​លេង​ទាត់​បាល់​ណាស់​។ បើ​អត់​បាល់​វិញ​ឃើញ​កំប៉ុង​ទឹក​ក្រូច​ក៏​គេ​ទាត់​លេង​ដែរ​ ប្រើ​តែ​ជើង​ឆេ្វង​ដូច​ប៉ា​គេ​​ដែរ។

  • ជាន ចាន់រ៉ា៖ ចុង​ក្រោយ​អ្នក​នាង​មាន​អ្វី​ចង់​និយាយ​អំពី​បាល់ទាត់​ស្រុក​ខ្មែរ​ និង​អ្នក​គាំទ្រ​បាល់​ទាត់​ទេ?

ពេជ្រ សង្វា៖ ខ្ញុំ​មាន​តែ​សំណូម​ពរ​ឲ្យ​បង​ប្អូន​ទាំង​អស់​ជួយ​គាំទ្រ​បាល់ទាត់​ជាតិ​កាន់​តែ​ច្រើន​ជាង​មុន​ និង​ចូល​រួម​ផ្ដល់​កម្លាំង​ចិត្ត​​ឲ្យ​បាន​ច្រើន​រៀង​រាល់​ចុង​សបា្តហ៍ ការប្រកួត​បាល់ទាត់​លីគ​ក្នុង​ស្រុក​ និង​ពេល​ដែល​មាន​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ធំ​ៗ​ជា​ពិសេស​ឆ្នាំ​២០២៣​ យើង​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហេ្គម​មាន​តែ​អ្នក​គាំទ្រ​ទេ​ជា​កីឡាករ​ទី​១២​ដែល​មិន​អាច​ខ្វះ​បាន​នៅ​លើ​ទីលាន​ និង​ត្រូវ​ការ​ជា​ចាំ​បាច់៕

ឃួន ឡាបូរ៉ាវី ក្នុង​ថ្ងៃ​មង្គលការ
ឃួន ឡាបូរ៉ាវី ប្រពន្ធ និង​កូន​ទាំង​ពីរ

អត្ថបទ៖ ជាន ចាន់រ៉ា