មិន​លើក​លែង​! ទោះ​ថ្ងៃភ្ជុំ​បិណ្ឌ​ ក៏ប៉ូលីស​នៅ​តែ​បន្តផាក​ពិន័យ​អ្នក​មិន​គោរព​ច្បាប់​ដែរ​

  • 2017-09-20 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គ​ស្នងការ​នគរបាល​ជាតិ​ ​បានបញ្ជាក់​ប្រាប់​ Sabay ​ថា ការ​ផាកពិន័យ​ចំពោះ​អ្នកបើកបរ​មិនគោរព​ច្បាប់ចរាចរណ៍​ គឺ​ធ្វើដូចរាល់​ឆ្នាំ ​ហើយ​ប្រសិន​បើពលរដ្ឋ​ ​ជាពិសេស​អ្នកបើកបរ​មិន​ចូលរួម​សហការ​ ក្រុម​នគរបាល​នឹងធ្វើ​ការ​ឃាត់ទុក​មធ្យោបាយ​ធ្វើដំណើរ​មួយអន្លើ​។

​ឧត្តមសេនីយ៍ឯក​ វុន រ័ត្នវាសនា ​អគ្គស្នង​​ការ​នគរបាលជាតិ​ មាន​ប្រសាសន៍​ថាៈ «នៅ​រយៈពេល​កន្លង​ទៅ យើង​តែងផាកពិន័យ​ចំពោះ​យានយន្ត​ណា​ ​មធ្យោ​បាយណា​ដែល​ដឹក​ចំនួន​លើស​កំណត់​ និង​ដាក់​ឥវ៉ាន់​សំពីង​សំពោង ​យើង​នឹងធ្វើការ​ផាក​ពិន័យ​»។

ឧត្តម​សេនីយ៍ឯក​ ​បានក្រើន​រំលឹកថា​ ក្នុងការ​ផាកពិន័យ​នេះទៀត​សោត​ ​ប្រសិន​បើអ្នក​បើកបរ​មិនគោរព​ ហើយ​មិន​សហការ​ទៀតនោះ​ អាចត្រូវ​នឹងឃាត់​ទុក​មធ្យោបាយ​ មិន​ឲ្យ​ធ្វើដំណើរ​នោះ​ទេ​។

​គ្រោះថ្នាក់​ចរាចរណ៍​ ​ក្នុងរយៈពេល​០៣ថ្ងៃ​នៃពិធី​បុណ្យ​ភ្ជំបិណ្ឌ​ ​កាលពីឆ្នាំ​ ២០១៦ ​មាន​ចំនួន​ ​៤២​ករណី​ ធៀប​នឹងឆ្នាំ​ ២០១៥ មាន ៥១ ​ករណី ​ថយចុះ ​១៩លើក​ ឬស្មើ ​១៨% ​និងមាន​ចំនួន​អ្នក​ស្លាប់​ ១៩នាក់ ​ធៀប​ឆ្នាំ​មុន មាន ២១ ​ដោយថយ​ចុះ​ចំនួន ​០២នាក់​។ ​ឧត្តមសេនីយ៍ឯក​ ​គូសបញ្ជាក់​ថា​ ​ចំនួនអ្នក​ស្លាប់​ទាំង​ ១៩ ​មាន អ្នក​ជិះម៉ូតូ​ ១៨នាក់​។

បន្ទាប់​ពីនេះ​ អគ្គ​ស្នងការនគរ​បាល​ ​រំពឹងថា​ ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងពេល​ឱកាស​បុណ្យ​ភ្ជំខាង​មុខនេះ​ នឹង​មានការ​ថយចុះ​ ​ស្របពេល​ដែល​ប្រជាពលរដ្ឋ​មាន​ការ​យល់​ដឹង​ពីច្បាប់​ចរាចរណ៍​ ការ​បើកបរ​មានច្បាប់​ទម្លាប់ ​ និងចេះ​យោគយល់​អធ្យាស្រ័យ​គ្នាបាន​ច្រើន​គួរឲ្យ​កត់សម្គាល់​៕

អត្ថបទ៖ ស៊ិន សាវ៉េត