បណ្ដុះការ​គិតនិង​ច្នៃប្រឌិត​ថ្មី​ពី​បច្ចេកវិទ្យា ដើម្បី​ជីវិតទៅ​ថ្ងៃ​អនាគត

  • 2017-09-17 03:05:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Microsoft បាន​បង្កើត​កម្មវិធី​ភាព​ជា​ដៃគូ​រវាង​និស្សិត​ និង ​Microsoft (MSP) និង​កម្មវិធី​យុវជន YouthSpark ក្នុង​គោលបំណង​បណ្ដុះ​ជំនាញ​បច្ចេកវិទ្យា​ដល់​យុវជន តាម​រយៈ​ការ​ផ្ដល់​មូលដ្ឋាន​មួយ​សម្រាប់​បង្កើត​​សហគមន៍​របស់​និស្សិត​ផ្ដោត​លើ​បច្ចេកវិទ្យា ក៏ដូចជា​ការ​ផ្ដល់​ការ​បណ្ដុះបណ្ដាល​និង​ធនធាន​ថ្មីៗ​បំផុត។

នេះ​គឺ​ជា​គំនិត​ផ្តួចផ្តើម​រួម​​គ្នា​ជាមួយ​នឹង​អង្គការ​មិន​រក​ប្រាក់ចំណូល​ឈ្មោះ​ថា STEM Cambodia ដែល​ក្នុង​នោះ មាន​ការ​ជ្រើសរើស​និស្សិត​ពូកែៗ​ចំនួន ៥៤ នាក់ មក​ពី​វិទ្យាស្ថាន​ចំនួន ១០ នៅ​ទីក្រុង​ភ្នំពេញ​ដើម្បី​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ផ្នែក​បច្ចេកទេស​ស្ដីពី​ភាសា​លើ​ការ​ផលិត​កម្មវិធី (Programming) និង​កម្មវិធី​ផ្សេង​ទៀត​ដូចជា​ Xamarin និង ASP.net ។

លោក Allen Dodgson Tan នាយក​គ្រប់គ្រង​អង្គការ STEM កម្ពុជា លើ​ក​ឡើង​ថា កម្មវិធី MSP បាន​ជួយ​បំពាក់​បំប៉ន​ជំនាញ​សំខាន់​ជា​សកល ដល់​វិស័យ​ព័ត៌មាន​វិទ្យា​​ដែល​កំពុង​លូតលាស់​នៅ​កម្ពុជា។ កម្មវិធី​នេះ​​បាន​​បណ្ដុះ​និស្សិត​ឲ្យ​មាន​គំនិត​ច្នៃ​ប្រឌិត​ថ្មី និង​​ផ្ដល់​ឱកាស​ពិសេស​ដល់​​ពួក​គេ​អាច​អភិវឌ្ឍ​ជំនាញ​បច្ចេកទេស និង​ជំនាញ​គិត​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​អាជីព​ការងារ​ទៅ​ថ្ងៃ​អនាគត។

ក្នុង​រយៈកាល​មួយ​ឆ្នាំ គម្រោង​នេះ​មាន​ការ​សហការ​ជាមួយ​អង្គការ​មិន​រក​ប្រាក់​ចំណូល​នានា​នៅ​ប្រទេស​កម្ពុជា​ដូចជា អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) អង្គការ​មិត្ត​សំឡាញ់​អន្តរជាតិ (Friends-International) អង្គការ Passerelles Numériques ដើម្បី​ជួយ​រៀបចំ​ឲ្យ​យុវជន​មាន​ការងារ​ធ្វើ​នៅ​ក្នុង​សេដ្ឋកិច្ច​បែប​ឌីជីថល។

លោក Nicky Ward អ្នក​គ្រប់គ្រង​ផ្នែក​ជំនួយ​នៃ​អង្គការ CCF បាន​ឲ្យ​ដឹង​ថា តាមរយៈ​ការ​សហការ​នេះ បាន​ផ្តល់​ការ​អប់រំ​ឌីជីថល​ដែល​មាន​គុណភាព​ខ្ពស់​ដល់​យុវជន។ វា​បាន​ជួយ​ឲ្យ​យុវជន​​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​អនាគត តាមរយៈការ​ផ្តល់ឲ្យពួកគេនូវជំនាញគិត​បែបឌីជីថល និងបែបកុំ​ព្យូទ័រ ដែលជំនាញទាំងនេះគឺជា​ធាតុ​សំខាន់​សម្រាប់​អនុញ្ញាត​ឲ្យ​ពួកគេ​ទទួល​បាន​ភាព​ជោគជ័យ ក្នុងបរិបទ​សេដ្ឋកិច្ចដែលមានកំណើន​តាមរយៈ​វិស័យ​បច្ចេក​វិទ្យា។

អ្នកស្រី Rena Chai អគ្គនាយក​ផ្នែក​ទីផ្សារ និង​ប្រតិបត្តិការ សម្រាប់​ទីផ្សារ​ថ្មី​នៅ​តំបន់​អាស៊ីអាគ្នេយ៍ របស់​ក្រុមហ៊ុន Microsoft មាន​ប្រសាសន៍​ថា យុវជន​ទាំងអស់​គួរ​តែ​មាន​ឱកាស​រៀន​ជំនាញ​ ដែល​ចាំបាច់​សម្រាប់​បាន​ចូលរួម​នៅក្នុង​ពិភពលោក​ដែលចេះតែ​វិវត្តដោយសារបច្ចេកវិទ្យា ។ ការ​ធ្វើការ​សហការ​ជាមួយ​អង្គការ​មិន​រក​ប្រាក់​ចំណូល​នានា​នៅក្នុង​ប្រទេស​កម្ពុជា​ នឹង​ផ្តល់​ដល់​យុវជនក្នុង​ការ​ទទួល​អត្ថប្រយោជន៍​ពី​ជំនាញ​ឌីជីថល និង​ផ្ដល់​លទ្ធភាព​​ដល់​យុវជន​កម្ពុជា​គ្រប់រូប​សម្រេច​បាន​សមិទ្ធផល​កាន់តែ​ច្រើន។

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទពេញនិយម