ចុង​សប្ដាហ៍​នេះ ​លីគ​សម្រាក​តែ​មាន​ប្រកួត​មិត្ត​ភាព​ធំ​ៗ

  • 2017-09-28 02:39:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ចុង​សប្ដាហ៍​នេះ​ការ​ប្រកួត​បាល់ទាត់​លីគ​កំពូល​កម្ពុជា​ត្រូវ​សម្រាក ​ដើម្បី​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ត្រៀម​ហោះ​ទៅ​វៀតណាម​ចូល​រួម​ប្រកួត​វគ្គ​ជម្រុះ ពាន​រង្វាន់​ 2019 AFC Asian Cup។

ត្បិត​តែ​លីគ​សម្រាក​យ៉ាង​នេះ​មែន ប៉ុន្តែ​ក្រុម​ធំ​ៗ​ក៏​មាន​ការ​ប្រកួត​មិត្តភាព​ដើម្បី​ឱ្យ​អ្នក​គាំទ្រ​បាន​ទស្សនា​សប្បាយ​រីករាយ​ផង​ដែរ។ ​ដោយ​ក្នុង​នោះ​រួម​មាន​ក្រុម​កំពូល​តារាង​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​នឹង​ប៉ះ​ជាមួយ​ក្រុម​ក្រសួង​ការពារ​ជាតិ​នៅ​ថ្ងៃ​ទី​២៩​ខាង​មុខ​វេលា​ម៉ោង​៣:៣០​នាទី​រសៀល​នៅ​ស្ដាត​ចាស់។ ដោយ​ឡែក​អគ្គិសនី​កម្ពុជា ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ឡើង​ជើង​ខ្លាំង​នៅ​លីគ​លំដាប់​ទី​២ ​វិសាខា នៅ​ថ្ងៃ​ទី​៣០​វេលា​ម៉ោង​៣​រសៀល​នៅ​ទីលាន​របស់​អគ្គិសនី ស្រប​ពេល​ដែល​ក្លឹប​បឹង​កេត​ឯ​ណោះ​ក៏​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោន​ផង​ដែរ​នៅ​ទឹក​ដី RSN ​ថ្ងៃ​៣០​ដូច​គ្នា​វេលា​ម៉ោង​៤​ល្ងាច។

ចំពោះ​លីគ​កំពូល​កម្ពុជា​គិត​ត្រឹម​សប្ដាហ៍​ទី​១៦​នេះ ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​កំពុង​ឈរ​នៅ​កំពូល​តារាង ​មាន​៣៧​ពិន្ទុ ​ក្រុម​លេខ​២ ណាហ្គាវើល​មាន​៣២​ពិន្ទុ ​ក្រុម​លេខ​៣ ​ភ្នំពេញ​ក្រោន​មាន​៣១​ពិន្ទុ ​និង​ក្រុម​លេខ​៤ ​បឹង​កេត​មាន​៣០​ពិន្ទុ។ ​ដើម្បី​ឈាន​ដល់​ការ​ទទួល​បាន​ពាន​រង្វាន់ ​ក្រុម​ទាំង​៤​កំពូល​តារាង ត្រូវ​ធ្វើ​ការ​ប្រកួត​គ្នា​ទៀត ​ដោយ​ប្រើ​តាម​រូប​មន្ដ​លេខ​៤​ប៉ះ​លេខ​៣ ​យក​អ្នក​ឈ្នះ​ទៅ​ប៉ះ​លេខ​២ ​ដើម្បី​យក​អ្នក​ឈ្នះ​ទៀត ទៅ​ប៉ះ​ក្រុម​លេខ​១។ នរណា​ឈ្នះ​ប្រកួត​ចុង​ក្រោយ​នេះ គឺ​ជា​ម្ចាស់​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​ឆ្នាំ​២០១៧​តែ​ម្ដង៕

អត្ថបទ៖ មុន្នីរម្យ