ពិសេស! អ្នក​ជាប់​បាក់ឌុប​គ្រប់​ឆ្នាំ​សិក្សា​ចង់​ប្រឡងរៀន​ពេទ្យ លែង​ពិបាក​ហើយ

  • 2017-09-29 07:31:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ដំណឹង​ល្អ​បំផុត​ចំពោះ​សិស្សដែល​ចង់​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ នៅ​តាម​បណ្ដា​គ្រឹះស្ថាន​ក្នុង​វិស័យ​សុខាភិបាល​ ពេល​នេះ​មិន​ត្រូវ​បាន​គិត​កម្រិត​និទ្ទេស​ទៀត​ទេ សម្រាប់​បេក្ខជន​ដែល​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​មុន​ឆ្នាំ​២០១៤។

រូបភាព៖ ហ្វេសប៊ុក សម្ដេច ហ៊ុន សែន

សូម​ជម្រាប​ជូន​ថា បន្ទាប់​ពី​មាន​ការ​សំណូមពរ​ពី​យុវជន​ម្នាក់​ឈ្មោះ​ថា Vouth Vatey បាន Comment ក្នុង Facebook សម្តេចតេជោ ហ៊ុន សែន ថា រូប​គេ​តំណាង​ឲ្យ​សិស្ស​ប្រឡង​ជាប់​បាក់ឌុប​មុន​ឆ្នាំ​២០១៤ ដែល​ចង់​សិក្សា​ជំនាញ​សុខាភិបាល សំណូមពរ​សម្ដេច ជួយ​សម្រួល​ឲ្យ​សិស្ស និស្សិត​ដែល​បាន​បញ្ចប់​មធ្យម​សិក្សា​ទុតិយភូមិ​មុ​នឆ្នាំ២០១៤ ដោយ​ទទួល​បាន​ត្រឹម​និទ្ទេស D, E អាច ចុះ​ឈ្មោះ​ប្រឡង​ប្រជែង​ថ្នាក់​ជាតិ ចូល​រៀន​ថ្នាក់​ឧត្ដម​សិក្សា ក្នុង​វិស័យ​សុខាភិបាល នា​ឆ្នាំ​២០១៧-២០១៨ ខាង​មុខ​នេះ​ផង​ចុះ ព្រោះ​តាម​លក្ខខណ្ឌ​អ្នក​ជាប់​បាក់​ឌុប​មុន​ឆ្នាំ២០១៤ ត្រូវ​តែ​មាន​និទ្ទេស​ចាប់ពី A ដល់ C មិន​ដូច​អ្នក​ទើប​ជាប់​ឌុប​ក្រោយ​ឆ្នាំ​២០១៤​ឡើយ គឺ​គ្រប់​និទ្ទេស​ទាំង​អស់​អាច​ប្រឡង​ចូល​រៀន​បាន។

បន្ទាប់​ពី​បាន​ឃើញ​ Comment នោះ​សម្ដេច​តេជោ ហ៊ុន សែន បាន​ឆ្លើយ​តប​វិញ​ថា៖ "សុំ​ពិនិត្យ​សំណូមពរ​នេះ​ផង។ យោបល់​ខ្ញុំ​មិន​ចាំបាច់​កំណត់​និទ្ទេស​ទេ គឺ​អនុញ្ញាត​ឲ្យ​ចូល​ប្រឡង​ទាំង​អស់​ឲ្យ តែ​ប្រឡង​ជាប់​មធ្យម​សិក្សា​ទុតិយភូមិ។"

ក្រោយ​មាន​ការ​សំណូមពរ និង​ផ្ដល់​យោបល់​ពី​សម្ដេច​ ហ៊ុន សែន គណៈកម្មការ​រៀបចំ​ការ​ប្រឡង​ថ្នាក់​ជាតិ នៃ​ទី​ស្ដីការ​គណៈ​រដ្ឋ​មន្ត្រី កែ​សម្រួល​លក្ខខណ្ឌ នៃ​ការ​ប្រឡង​ថ្នាក់​ជាតិ​ជ្រើស​រើស​ចូល​រៀន​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន សម្រាប់​កម្រិត​បរិញ្ញាបត្រ នៅ​តាម​គ្រឹះស្ថាន​បណ្ដុះបណ្ដាល ​វិស័យ​សុខាភិបាល។​ ក្នុង​នោះ​បាន​បញ្ជាក់​ថា ការ​ប្រឡង​ចូល​សិក្សា អនុញ្ញាត​ឲ្យ​អ្នក​ប្រឡង​ជាប់​បាក់ឌុប ​គ្រប់​ឆ្នាំ​សិក្សា​ទាំង​អស់ និង​អ្នក​ជាប់​បាក់ឌុប​មក​ពី​ក្រៅ​ប្រទេស អាច​ចុះ​ឈ្មោះ​ចូល​ប្រឡង​បាន៕

អត្ថបទ៖ វឌ្ឍនៈ