តិចណូ​​ល្បី​តាំង​ពីសង្គម​ចាស់ បណ្តុះបណ្តាល​ជំនាញ​វិស្វកម្ម​ច្រើន​ជំនាន់

  • 2017-10-04 03:38:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ដែល​​សិស្ស​និស្សិត​កម្ពុជា​ជា​ច្រើន​ជំនាន់​ហៅ​សាលា​តិចណូ ជា​គ្រឹះស្ថាន​ឧត្ដមសិក្សា​រដ្ឋ​​ដ៏​ធំ​មួយ ដែល​មាន​ភាព​ល្បីល្បាញ​តាំង​ពី​សម័យ​សង្គម​ចាស់​ លើ​ការ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​និង​វិស្វកម្ម។

ចាប់​បើក​ដំណើរការ​ដំបូង​ក្នុង​ឆ្នាំ ១៩៦៤ ក្រោម​កិច្ច​សហប្រតិបត្តិការ​ពី​អតីត​សហភាព​សូវៀត ជាង ៤ ទសវត្សរ៍ វិទ្យាស្ថាន​បាន​បាន​បណ្ដុះបណ្ដាល​ជំនាញ​វិស្វករ និង​បច្ចេកទេស​ជាន់​ខ្ពស់​ដល់​សិស្ស​និស្សិត​កម្ពុជា​ច្រើន​ជាង​ ១០ ០០០ នាក់ ដើម្បី​ចូលរួម​ស្ថាបនា​និង​អភិវឌ្ឍ​ប្រទេស​ជាតិ។   វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ផ្តោត​លើ​ការ​បណ្ដុះបណ្ដាល​​មុខ​ជំនាញ​ឯកទេស​​សំខាន់ៗ​​​ចំនួន​ ៧ រួម​មាន៖  

  • ទេពកោសល្យ​ គីមី និង​បច្ចេកទេស​អាហារ
  • ទេពកោសល្យ​ស៊ីវិល (សំណង់​ស៊ីវិល និង​ស្ថាបត្យកម្ម)
  • ទេពកោសល្យ​អគ្គិសនី ថាមពល និង​ទូរគមនាគមន៍
  • ទេពកោសល្យ ធនធាន​រ៉ែ និង​ភូគព្ភសាស្ត្រ
  • ទេពកោសល្យ ព័ត៌មានវិទ្យា​និង​ទំនាក់ទំនង
  • ទេពកោសល្យ​ឧស្សាហកម្ម​និង​មេកានិច
  • ទេពកោសល្យ ជនបទ

1/ ទេពកោសល្យ​គីមី និង​បច្ចេកវិទ្យា​អាហារ

ដេប៉ាតឺម៉ង់​ទេពកោសល្យ គីមី និង​បច្ចេកវិទ្យា​អាហារ​បណ្ដុះបណ្ដាល​លើ​មុខ​ជំនាញ​ពីរ​គឺ​ឯកទេស​គីមី​ឧស្សាហកម្ម និង​ឯកទេស​បច្ចេកវិទ្យា​អាហារ។

មុខវិជ្ជា​បណ្ដុះបណ្ដាល​មាន៖ មីក្រូ​ជីវៈ​អតិសុខុមប្រាណ​ដែល​បង្ក​ជំងឺ​ក្នុង​ចំណី​អាហារ មូលដ្ឋាន​គ្រឹះ​នៃ​រូបធាតុ កែច្នៃ​ផលិតផល​កសិឧស្សាហកម្ម កែច្នៃ​ផលិតផល​ដើម្បី​ទុក​បាន​យូរ ស្តង់ដារ​ចំណី​អាហារ ផ្នែក​វេច​ខ្ចប់​ចំណី​អាហារ ប្រព្រឹត្តិកម្ម​នៃ​ការ​សម្អាត​ទឹក ផ្នែក​កម្តៅ ឧស្សាហកម្ម ការ​គ្រប់គ្រង​និង​ការ​សិក្សា​ទីផ្សារ

  2/ ទេពកោសល្យ​ស៊ីវិល

ដេប៉ាតតឺមង់​ទេពកោសល្យ​និង​ស៊ីវិល​បណ្ដុះបណ្ដាល​ពីរ​ជំនាញ​ឯកទេស​គឺ វិស្វកម្ម​សំណង់​ស៊ីវិល និង​វិស្វកម្ម​ស្ថាបត្យកម្ម។

វិស្វកម្ម​សំណង់​ស៊ីវិល៖ ផ្តោត​សំខាន់​លើ​សំណង់​អាគារ ស្ពាន​និង​ថ្នល់។ មុខ​វិជ្ជា​សិក្សា​មាន​ ការ​សិក្សា​ភាព​ធន់​នៃ​សម្ភារៈ ការ​វិភាគ​និង​គណនា​គ្រឿង​បង្គំ (អំពី​ដែក បេតុង​អាម៉េ ឈើ បេតុង​ប្រ៉េកុងត្រាំង) គណនា​គ្រឹះ​សំណង់ សិក្សា​និង​គណនា​ស្ពាន​និង​ថ្នល់ គ្រប់គ្រង​ការដ្ឋាន​សំណង់ និង​សំណង់​សិល្បៈ​ការណ៍។

វិស្វកម្ម​ស្ថាបត្យកម្ម៖ ជំនាញ​ឯកទេស​នេះ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​បង្កើត​ប្លង់​ស្ថាបត្យកម្ម ការ​រចនា​ផ្នែក​ខាង​ក្នុង និង​ខាងក្រៅ​នៃ​សំណង់​អាគារ​ព្រម​ទាំង​ការ​រៀបចំ​ប្លង់​នគរោបនីយកម្ម។ ក្នុង​នោះ​និស្សិត​ក៏​នឹង​បាន​សិក្សា​លម្អិត​ពី​ជំនាញ​ស្ថាបត្យកម្ម​បូក​បន្ថែម​ចំណេះដឹង​ខ្លះៗ​ពី​ជំនាញ​សំណង់​ស៊ីវិល។

  3/ ទេពកោសល្យ ធនធាន​រ៉ែ​និង​ភូគព្ភសាស្ត្រ

ដេប៉ាតតឺមង់​ធនធាន​រ៉ែ​និង​ភូគព្ភសាស្ត្រ​ ផ្ដល់​ការ​បណ្ដុះបណ្ដាល​លើ​វិស័យ​ធនធាន​រ៉ែ​និង​ភូគព្ភសាស្ត្រ​លើ​ជំនាញ​ឯកទេស​ដូចជា៖ វិស្វកម្ម​ធនធាន​រ៉ែ វិស្វកម្ម​ប្រេង ការ​អនុវត្ត​ផ្នែក​ភូគព្ភសាស្ត្រ​និង​វិស្វកម្ម​គ្រឹះ​ភូគព្ភសាស្ត្រ។

  4/ ទេពកោសល្យ​អគ្គិសនី អគ្គិសនី​ថាមពល​និង​ទូរគមនាគមន៍

ដេប៉ាតតឺមង់​ទេពកោសល្យ អគ្គិសនី និង​ថាមពល​ផ្ដល់​ការ​បណ្ដុះបណ្ដាល​លើ​វិស័យ​អគ្គិសនី​និង​ថាមពល​រួម​មាន ៣ ជំនាញ៖ ថាមពល អេឡិចត្រូនិក និង​ទូរគមនាគមន៍។

ថាមពល៖ អគ្គិសនី​ក្នុង​អាគារ​និង​ឧស្សាហកម្ម​ ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ក្នុង​ផ្នែក​ឧស្សាហកម្ម រោងចក្រ​អគ្គិសនី​និង​អនុ​ស្ថានីយ​អគ្គិសនី បណ្តាញ​អគ្គិសនី​និង​ការ​ចែកចាយ​ថាមពល​អគ្គិសនី។

អេឡិចត្រូនិក៖ ស្វ័យប្រវត្តិកម្ម​ទំនើប សម្រាប់​បម្រើការ​ក្នុង​សហគ្រាស​ឧស្សាហកម្ម។ ទូរគមនាគមន៍៖ ប្រព័ន្ធ​ទូរគមនាគមន៍​ចល័ត​និង​អចល័ត។

  5/ ទេពកោសល្យ​ព័ត៌មានវិទ្យា​និង​ទំនាក់ទំនង

កម្មវិធី​សិក្សា​នៅ​ក្នុង​ដេប៉ាតតឺមង់​ទេពកោសល្យ​ព័ត៌មានវិទ្យា​និង​ទំនាក់ទំនង​រួម​មាន វិធីសាស្ត្រ​ក្នុង​ការ​សរសេរ​កម្មវិធី​កុំព្យូទ័រ ប្រព័ន្ធ​ប្រតិបត្តិការ​ម៉ាស៊ីន​កុំព្យូទ័រ ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ បណ្តាញ​កុំព្យូទ័រ តក្កវិទ្យា កម្មវិធី​អ៊ីនធឺណិត និង​កម្មវិធី​ពហុ​ព័ត៌មាន និង​បញ្ញា​សិប្បនិម្មិត។

  6/ ទេពកោសល្យ​ឧស្សាហកម្ម និង​មេកានិច

ទេពកោសល្យ​ឧស្សាហកម្ម និង​មេកានិច​មាន​ទិសដៅ​តម្រង់​លើ​ពីរ​ឯកទេស៖ មេកានិច និង​ផលិតកម្ម​ភាព​ត្រជាក់។

មេកានិច៖ មេកានិច​នៃ​អង្គធាតុ​រឹង វិទ្យាសាស្ត្រ​នឹង​ភាព​ធន់​នៃ​សម្ភារៈ ការ​ច្នៃ​សម្ភារៈ ផលិតកម្ម​មេកានិច មាត្រសាស្រ្ត សិក្សា​គម្រោង និង​ប្លង់​ម៉ូទ័រ​ចំហេះ​ក្នុង។

ផលិតកម្ម​ភាព​ត្រជាក់៖ មេកានិច​នៃ​អង្គធាតុ​រាវ​ទែម៉ិច​និង​ទែរម៉ូឌីណាម៉ិច ម៉ាស៊ីន​បរិក្ខារ​ត្រជាក់​ស្វ័យប្រវត្តិកម្ម អេឡិចត្រូនិក ការ​រៀបចំ​និង​គ្រប់គ្រង​សហគ្រាស។

  7/ ទេពកោសល្យ​ជនបទ

ដេប៉ាតឺម៉ង់​ទេពកោសល្យ​ជនបទ ធានា​ការ​បណ្តុះបណ្តាល​ជំនាញ​វិស្វកម្ម​ធនធាន​ទឹក​និង​ហេដ្ឋារចនាសម្ពន្ធ​សម្ព័ន្ធ​ជនបទ​រួម​មានៈ ការ​សិក្សា​អំពី​របប​ទឹក​លើ​ដី និង​ក្រោម​ដី សំណង់​ធារាសាស្រ្ត ប្រព័ន្ធ​ស្រោចស្រព ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត ការ​រំដោះ​ទឹក​កខ្វក់ ឋាន​លេខា ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្រ្ត​ អភិវឌ្ឍ​ជនបទ សំណង់​ផ្លូវ​លំ​និង​អាគារ​ជនបទ។

@ដំណើរការ​សិក្សា

ការ​សិក្សា​ជំនាញ​មាន​រយៈ​ពេល ៥ ឆ្នាំ ដោយ​ការ​​សិក្សា​​ឆ្នាំ​មូលដ្ឋាន​រយៈ​ពេល​ពីរ​ឆ្នាំ ដើម្បី​និស្សិត​មាន​សមត្ថភាព​និង​ចំណេះដឹង​គ្រប់គ្រាន់​អាច​បន្ត​សិក្សា​យក​ជំនាញ​ឯកទេស​មួយ​ក្នុង​ចំណោម​ជំនាញ​ទាំង ៧ ដែល​បណ្ដុះបណ្ដាល​នៅ​សាលា​តិចណូ។

មុខវិជ្ជា​បណ្ដុះបណ្ដាល​នៅ​ក្នុង​ដេប៉ាតឺម៉ង់​សម្រាប់​​ឆ្នាំ​សិក្សា​មូលដ្ឋាន​មាន​ដូចជា៖ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា មូលដ្ឋាន​គ្រឹះ​ព័ត៌មានវិទ្យា គំនូរ​បច្ចេកទេស បរិស្ថាន ទីផ្សារ គ្រប់គ្រង​និង​គណនេយ្យ ទស្សនវិជ្ជា ប្រវត្តិវិទ្យា ភាសា​បារាំង និង​ភាសា​អង់គ្លេស។

@ការ​​ធ្វើ​កិច្ច​សហប្រតិបត្តិការ

វិទ្យាស្ថាន​បច្ចេកវិទ្យា​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្តា​ដៃគូ​ និង​សាកលវិទ្យាល័យ​ជុំវិញ​ពិភពលោក​ក្នុង​នោះ​មាន​ដូចជា

  1. Université de Limoges, France
  2. Agro Sup Dijon, France
  3. INSA de Rennes, France
  4. Université de la Rochelle, France
  5. Université Libre de Bruxelles, Belgium
  6. Université de Toulon-Var,France
  7. Institut Polytechnique de Hanoï, Franco-Vietnamienne
  8. Université de Liège – Gembloux Agro-Bio Tech, Belgium
  9. INP de Toulouse, France
  10. Kasetsart University, Thailand
  11. 1Monpellier SupAgro, France
  12. Polytech Lille, France
  13. Tokyo Institute of Technology (TCP Project), Japan
  14. Kyushu University (TCP) Project, Japan
  15. Université Claude Bernard Lyon 1, France
  16. Université de Pau et des Pays de l’Adour, France
  17. Université de la Réunion, France
  18. Petroleum Authorithy, Ministry of Mining and Energy
  19. Coca Cola Cambodia
  20. Chambre de Commerce Franco-Cambodgiene (CCFC)

@គោល​ដៅ

ធានា​ក្នុង​ការ​កសាង​អភិវឌ្ឍ​និង​ផលិត​ធន​ធាន​មនុស្ស​ដែល​មាន​គុណភាព​និង​ប្រសិទ្ធិ​ភាព​ឱ្យ​សម​នឹង​តម្រូវ​ការ​ទីផ្សារ​ការងារ​។

បន្ត​ពង្រីក​និង​ពង្រឹង​គុណ​ភាព​សិក្សា​នៅ​ក្នុង​វិស័យ​នៃ​វិស្វករ​, ប​ច្ចេ​ក​ទេស​វិទ្យា​សា​ស្រ្ត​និង​ប​ច្ចេ​ក​វិទ្យា​ជាមួយ​នឹង​សក្តា​នុ​ពល​ សមត្ថភាព​, និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ប​ណ្តុះ​ប​ណ្តា​ការ​អប់រំ​នៅ​ ក្នុង​ស្ថាប័ន​ឧត្តម​សិក្សា​នៅ​កម្ពុជា​។ បង្កើត​ស្រាវជ្រាវ​ការ​ងារ​ក្នុង​កម្រិត​ជាតិ​និង​អន្តរជាតិ​។

បន្ត​ពង្រីក​និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ជាតិ​ និង​អន្តរជាតិ​នៅ​ក្នុង​សហគមន៍​ជាតិ​និង​អន្តរជាតិ​ដើម្បី​ឱ្យ​មាន​ប្រយោជន៍ ​និង​មាន​មូលដ្ឋាន​នៃ​ការ​កសាង​និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ក្នុង​ការ​សិក្សា​ មាន​សមត្ថភាព​បង្រៀន​និង​ស្រាវជ្រាវ​ភារកិច្ច​វិទ្យា​សា​ស្រ្ត​និង​សា​ ស្រ្តា​ចា​រ្យ​សិស្ស​និស្សិត​ទៅ​។

បន្ត​ពង្រីក​និង​ពង្រឹង​ទំនាក់ទំនង​ល្អ​ជាមួយ​រោងចក្រ​សហគ្រាស​ជាតិ​និង​ ក្រុមហ៊ុន​អន្តរជាតិ​ដើម្បី​បង្កើត​ឱកាស​ការងារ​សម្រាប់​សិស្ស​និស្សិត​និង​ សិក្សា​ដំណើរ​ទស្សនកិច្ច​។

  @ ចក្ខុវិស័យ​

វិទ្យាស្ថាន​​នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បី​​ប្រែ​​ក្លាយ​ខ្លួន​ឲ្យ​​​ទៅ​​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យា​សា​ស្រ្ត​និង​ ប​ច្ចេ​ក​វិទ្យា​ ដែល​មាន​ការ​ទទួល​ស្គាល់​ដ៏​ធំ​ទូលាយ​ទាំង​កម្រិត​ជាតិ​ និង​អន្តរជាតិ​។

  @គោលបំណង

គោលបំណងនៃ​វិទ្យាស្ថាន​​បច្ចេកវិទ្យា​កម្ពុជា គឺ​ធ្វើ​ការ​ប​ណ្តុះ​ប​ណ្តា​ល​ការអប់រំ​ បច្ចេកវិទ្យា​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ដែល​មាន​គុណភាព​ជាក់លាក់​ គុណធម៌​និង​សមត្ថភាព​ខ្ពស់ ​ដូច្នេះ​សិស្ស​និស្សិត​​អាច​ទទួល​បាន​ចំណេះ​ដឹង​ជំនាញ ​អនុវត្ត​ជាក់ស្តែង​និង​សមត្ថភាព​ដើម្បី​ក្លាយ​​​ជា​មូលដ្ឋាន​នៃ​ការ​បង្កើតការងារ​និង​ការ​បំពេញ​ការងារ តម្រូវ​ការ​ទី​ផ្សារ​និង​ការ​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច​ជាតិ​ឱ្យ​មាន​កំណើន​ខ្ពស់​។

អត្ថបទ៖ ប៊ុណ្ណារ៉ា