អ្នកជំនាញបង្ហាញគន្លឹះ ធ្វើម៉ាក​យីហោអាជីវកម្មឲ្យ​លេចធ្លោ​

  • 2017-10-04 10:51:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី​ ០៤ តុលា ​នេះ ​ផ្សារមូល​បត្រ​កម្ពុជា​បាន​រៀប​ចំសិក្ខា​សាលា​ស្ដីពី «យុទ្ធសាស្ត្រ​ក្នុង​ការ​ធ្វើប្រេន​ឌីង» ក្នុង​គោល​បំណង​បណ្ដុះ​បណ្ដាល​វិស័យ​ឯកជន​ ​ជាពិសេស​ក្រុមហ៊ុន​តូចៗ​ ​និង​ថ្មីថ្មោង​ ​ទទួល​បទ​ពិសោធន៍​បន្ថែម​ក្នុងការ​កសាងម៉ាក​យីហោ​ឲ្យ​លេចធ្លោ និង​ពង្រីក​ដើមទុន​តាម​រយៈ​ការ​ឈរ​ជើង​លើ​ទីផ្សារ​ភាគហ៊ុន​។ ក្នុង​សិក្ខាសាលា​នេះផង​ដែរ ​មាន​អ្នក​តំណាង​ឲ្យវិស័យ​ឯកជន​ប្រហែល​ ១០០ក្រុមហ៊ុន ​បាន​ចូលរួម​ និងបាន​អញ្ជើញ​អ្នកជំនាញ​និង​ជោគជ័យ​ក្នុង​វិស័យ​ឯកជន​ ធ្វើជា​វាគ្មិន​ ​ដើម្បី​ត្រួស​ត្រាយ​ណែនាំ​ក្នុងការ​ធ្វើម៉ាក​យីហោ​អាជីវកម្ម​ឲ្យ​បាន​ជោគជ័យ​។

(សិក្ខា​សាលា​ស្ដីពី «យុទ្ធសាស្ត្រ​ក្នុង​ការ​ធ្វើប្រេន​ឌីង»)

លោក​ឧកញ៉ា​ គួច ម៉េងលី​ ​អគ្គនាយក​ក្រុមហ៊ុន​ Mengly J. Quach Education  ​បាន​ប្រសាសន៍​ថាៈ «មុននឹង​ឈាន​ដល់​ការ​កសាង​ម៉ាក​យីហោ​ លោក​អ្នកធ្វើ​អាជីវកម្ម​ត្រូវចាប់​ផ្ដើម​អាជីវកម្ម​នោះឲ្យ​ចេញ​ជារូបរាង​សិន​»។ លោកឧកញ៉ា​ ​ណែនាំថា​ មុន​នឹងចាប់​ផ្ដើម​អាជីវកម្មដំបូង​ អ្នក​ចង់ធ្វើអាជីវកម្មគួរ​សួរ​ខ្លួនឯង​ឲ្យ​ច្បាស់​លាស់​ថា តើ​មាន​ខ្លួន​មាន​ចំណង់​ចំណូល​ចិត្ត​ ​ចំណេះជំនាញ​គ្រប់គ្រាន់​ ឬ​នៅ​? ហើយ​​បើគិតថា​មាន​ នោះ​អ្នកទាំងនោះ​ត្រូវ​រកធនធាន​ ដែល​ធនធាន​ទាំងនោះ​រួមមាន ​ថវិកា ​ធនធាន​មនុស្ស​ និង​ធនធាន​មាន​បច្ចេកទេស​។

លោក​ឧកញ៉ា​បន្តថា​ ដំណាក់​កាល​បន្ទាប់​គឺ​ ការរៀប​ចំរចនា​សម្ព័ន្ធ​ក្រុមហ៊ុន​ រួមមាន ឡូហ្គូ​ ​និងម៉ាកយីហោ​ (Branding)​ ដោយថា​ ​ម៉ាក​យីហោ បង្កើត​ឡើង​ឲ្យ​មនុស្ស​ទូទៅ​ទទួល​ស្គាល់​អត្តសញ្ញាណ ​និង​កេរ្តិ៍ឈ្មោះរបស់​ក្រុមហ៊ុន​។

(លោក​ឧកញ៉ា​ គួច ម៉េងលី​ ​អគ្គនាយក​ក្រុមហ៊ុន​ Mengly J. Quach Education)

ជុំវិញ​ការ​កសាង​ម៉ាកយីហោ​​វិញ ​លោកឧកញ៉ា​ ​គូស​បញ្ជាក់ថា​ ​ចំណុច​ស្លាប់​រស់នៃ​ម៉ាកយីហោ​ គឺការ​រក្សាភាពស្មោះត្រង់​ និង​ការ​សន្យា​។ ​លោក​ពន្យល់​ថាៈ ​«ការរស៊ី ​មិនអាច​រកស៊ី​បាត​ដៃខ្នង​ដៃបាន​ទេ វាប្រៀប​ដូចជា​បំផ្លាញ​កេរ្តិ៍ឈ្មោះ​ខ្លួនឯង​ និង​ទំនុកចិត្ត​របស់​ដៃគូ​ និង​អតិថិជន​ជាដើម ​ហេតុនេះ​ធ្វើអ្វីក៏ដោយ​ មិនត្រូវ​បំផ្លាញ​កេរ្តិ៍ឈ្មោះ​ខ្លួនឯង​បាន​ឡើយ​ »។ លោក​បន្តថា​​ការកសាង​ម៉ាក​យីហោ​ ដូចជា​ការកសាង​កេរ្តិ៍ឈ្មោះ​ ​គឺ​ធ្វើយ៉ាងណា​ត្រូវឲ្យ​សារធាណជន​ទទួលស្គាល់​ ​ហើយ​ជួយ​ផ្សព្វផ្សាយ​ឲបន្ត​ តាម​រយៈការ​បញ្ចេញ​រូបរាង​ សកម្មភាព​ និង ​ចំណុច​ពិសេស​របស់ខ្លួន​។

បន្ថែម​ពី​លើនេះ​ ​លោក​ ឃុន ​ចាន់ដារា ​នាយកគ្រប់​គ្រង​ហាង​កាហ្វេ​ KOI មើល​ឃើញ​ថា បច្ចុប្បន្ន​អ្នកបង្កើត​ផលិតផល​ថ្មីៗប្លែកៗ​ ​មានច្រើន​ហូរហែរ​លើទីផ្សារ​ ​ប៉ុន្តែការវេចខ្ចប់​ ​ការធ្វើ​ប្រេន​ឌីង​ ​ការធ្វើ​ម៉ាឃីត​ធីងហាក់​នៅមាន​កម្រិត​នៅ​ឡើយ​។ ​លោកថា​ ការបង្កើត​ម៉ាក​បាន​ល្អ ​គឺជាចំណុចស្នូល​នៃការ​ពង្រីក​អាជីវកម្ម​ ​មាន​ន័យថា​ បើ​ផលិតផល​មាន​​ការវេចខ្ចប់​បានត្រឹមត្រូវ​ ​និង​មានយី​ហោអាច​ជឿ​ទុកចិត្ត ផលិតផល​នោះនឹង​អាចយក​ទៅលក់​ក្រៅប្រទេសបាន​។

(​លោក​ ឃុន ​ចាន់ដារា ​នាយកគ្រប់​គ្រង​ហាង​កាហ្វេ​ KOI)

លោកបន្ថែមថា​ ​ផលិតផល​មួយ​ ​ត្រូវតែ​បង្កើត​អារម្មណ៍​ដល់​អតិថិជន​របស់អ្នក​។ ​លោក​ ​ឧទាហរណ៍​ថា នៅពេល​ដែល​អតិថិជន​ចូលទៅ​ក្នុងហាង​ ​ទទួល​បាន​សេវា​បម្រើ​តាំង​ចុះពីលើម៉ូតូ​រហូត​ដល់​ចូល​ក្នុង​ហាង​ និង​ចេញ​ត្រឡប់​ទៅវិញ​ដោយ​អារម្មណ៍​កក់ក្ដៅ​ ​នេះ​ជាការ​បង្កើតអារម្មណ៍​ដល់​អតិថិជន​ និ​ងថែមទាំង​ទទួល​បានការផ្សព្វផ្សាយ​បន្ត​ទៀត​៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី