Reus ថា សុខ​ចិត្ត​ចំណាយ​លុយ​ទាំង​អស់​ក៏​បាន​ដែរ ឲ្យ​តែ​បាន​ជា​ពី​របួស​វិញ

  • 2017-10-05 13:44:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ស្លាប Marco Reus កាល​ពី​ពេល​ថ្មីៗ​នេះ បាន​និយាយ​ថា ខ្លួន​សុខ​ចិត្ត​ចំណាយ​លុយ​ទាំង​អស់​ដែល​ខ្លួន​មាន ឲ្យ​តែ​បាន​ជា​ពី​របួស ហើយ​អាច​ចូល​លេង​បាន​វិញ។

  ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​សារព័ត៌មាន GQ ពេល​សួរ​រឿង​របួស ខ្សែ​ប្រយុទ្ធ​រReus​ បាន​និយាយ​ថា៖ "ទឹក​ភ្នែក​ខ្ញុំ​ចាប់​ផ្ដើម​ហូរ​ស្រក់​តែ​ម្ដង នៅ​ពេល​ដែល​ខ្ញុំ​ដឹង​ថា​ខ្ញុំ​មាន​បញ្ហា​របួស​ទៀត​ហើយ (សំដៅ​លើ​របួស​ក្បាល​ជង្គង់​កើត​ឡើង​ពេល​ Reus លេង​ឲ្យ Dortmundក្នុង​អំឡុង​ខែ​ឧសភា​)"។

ខ្សែ​ប្រយុទ្ធ​វ័យ ២៨​ឆ្នាំ​រូប​នេះ បាន​បន្ត​ទៀត​ថា៖ "នៅ​ពេល​របួស​អញ្ចឹង ខ្ញុំ​ត្រូវ​ចំណាយ​ពេល​ហ្វឹក​ហាត់​តែ​ម្នាក់​ឯង ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ឆាប់​ជា​ពី​របួស​វិញ។ ខ្ញុំ​ឆ្អែត​ចិត្ត​ណាស់ ពេល​របួស​ម្ដង​ៗ។ ពិត​ណាស់ ក្នុង​ឋានៈ​ជា​កំពូល​កីឡាករ ជា​ធម្មតា​យើង​រក​លុយ​បាន​ច្រើន​ណាស់ ប៉ុន្តែ​ពេល​ខ្លះ​យើង​ក៏​ត្រូវ​ចំណាយ​លុយ​ច្រើន​ទៅ​វិញ​ដែរ ដើម្បី​ធ្វើ​យ៉ាង​ណា ឲ្យ​យើង​មាន​សុខភាព​ល្អ​ហើយ​ជា​ពី​របួស។ ចំពោះ​ខ្ញុំ ខ្ញុំ​សុខ​ចិត្ត​​ចំណាយ​លុយ​ទាំង​អស់​របស់​ខ្ញុំ ឲ្យ​តែ​ខ្ញុំ​ជា​ពី​របួស​វិញ​មក ដើម្បី​អាច​ឲ្យ​ខ្ញុំ​ធ្វើ​ការងារ​របស់​ខ្ញុំ ការងារ​ដែល​ខ្ញុំ​ស្រលាញ់ ហើយ​ការងារ​នោះ​គឺ​ជា​ការ​លេង​បាល់​ទាត់"។

  គួរ​បញ្ជាក់​ផង​ដែរ​ថា ខ្សែ​ប្រយុទ្ធ​ស្លាប Marco Reus ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ឆ្នាំ​នេះ ឧស្សាហ៍​របួស​ណាស់ ក្នុង​នោះ​​កីឡាករ​អាល្លឺម៉ង់​នេះ បាន​អាក់ខាន​លេង​បាល់ World Cup ឆ្នាំ ២០១៤ ដោយសារ​របួស​ក​ជើង ហើយ​បាន​អវត្តមាន​ក្នុង​ការ​លេង​បាល់ Euro ឆ្នាំ​២០១៦ ដោយ​សារ​របួស​ក្រលៀន ហើយ​រង​របួស​កែង​ជើង​ កាល​ពី​ចុង​ឆ្នាំ​មុន ព្រម​ទាំង​របួស​ដាច់​សរសៃ​ពួរ​នៅ​ខែ​មិនា ដើម​ឆ្នាំ​នេះ។ ជា​ពី​របួស​មិន​បាន​ប៉ុន្មាន​ផង ខ្សែ​ប្រយុទ្ធ Dortmund រូប​នេះ បាន​រង​របួស​ក្បាល​ជង្គង់​ម្ដង​ទៀត​កាល​ពី​ខែ​ឧសភា​ ដែល​ជា​របួស​ដែល​ធ្វើ​ឲ្យគេ​មិន​អាច​លេង​បាល់​រហូត​ដល់​ដើម​ឆ្នាំ​ក្រោយ៕  

 

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី  

អត្ថបទថ្មី