«ដំណាប់បណ្ដូលពេជ្រ» ជារបរដ៏ទាក់ទាញរបស់អ្នកភូមិនៅស្រុកកណ្ដាលស្ទឹង
- 2017-10-06 09:02:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
«ដំណាប់បណ្ដូលពេជ្រ» ជារបរដ៏ទាក់ទាញរបស់អ្នកភូមិនៅស្រុកកណ្ដាលស្ទឹង
ចន្លោះមិនឃើញ
បងប្អូនមួយចំនួន ទំនងពុំដែលឃើញ ឬរឹតតែពុំធ្លាប់ភ្លក្សឡើយនូវដំណាប់បណ្ដូលពេជ្រ។ ដំណាប់បណ្ដូលពេជ្រ ដែលកែច្នៃពី វល្លិ៍បណ្ដូលពេជ្រ ដ៏ល្វីង ជាដំណាប់មួយមុខក្នុងចំណោមដំណាប់ប្រពៃណីជាច្រើនទៀត ដូចជា ដំណាប់ផ្លែបាស ល្ហុង និងដំណាប់ក្រូចសើច របស់អ្នក ភូមិត្រពាំងសំរឹទ្ធ ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
អ្នកស្រី តូ សុខលី ជាអ្នកភូមិមួយរូបដែលបានចេះចាំនូវវិធីធ្វើដំណាប់ទាំងនេះ តាំងពីធំដឹងក្ដីមកម៉្លេះ។ អ្នកស្រីពោលថា ដំណាប់នេះ មានយូរយាណាស់មកហើយ។ អ្នកភូមិអ្នកស្រី តែងធ្វើដំណាប់តៗគ្នា មិនដឹងតាំងពីពេលណាមកឡើយ។ ថ្វីបើវាសមញ្ញសម្រាប់អ្នកស្រុកនេះ តែស្ត្រីរូបនេះអះអាងថា ប្រជាជនមកពីតំបន់ផ្សេង តែងចាប់អារម្មណ៍ នឹងចម្លែកចិត្តចង់ទិញភ្លក្សសាកនូវដំណាប់ បណ្ដូលពេជ្រ ដែលពួកគេ ធ្លាប់តែដឹងថាមានរសជាតិដើមល្វីងនោះ។
ធ្លាប់ធ្វើលក់តាំងពីក្មេង ស្ត្រីវ័យ៣៥ឆ្នាំបន្ថែមថា ជាទូទៅប្រជាជនមួយចំនួនក្នុងភូមិ និយមធ្វើ ដំណាប់បណ្ដូលពេជ្រ និងដំណាប់ផ្សេងៗទៀត លក់នៅតាមវត្ត រាល់រដូវបុណ្យប្រពៃណីធំៗ ដូចជាភ្ជុំ និងកឋិន ដែលជាបុណ្យសម្បូរមនុស្សម្នារបំផុតសម្រាប់ អ្នកជនបទដូចអ្នកស្រី។ អ្នកស្រីពន្យល់ថែមទៀតថា ដំណាប់បណ្ដូលពេជ្រ ស្នាដៃអ្នកភូមិនេះ ផ្អែមដូចដំណាប់ផ្សេងៗដែរ តែគេជឿថាទំនង មានគុណប្រយោជន៍ក្នុងការទទួលទាន ត្បិត វល្លិ៍បណ្ដូលពេជ្រ ជាថ្នាំត្រជាក់ ដែលប្រជានជនខ្មែរតាមស្រែកម្ការ និយមធ្វើជាថ្នាំបុរាណ ថ្នាំត្រាំស្រាជំនួយសុខភាព ជាដើម។ បើតាម អ្នកស្រី តូ សុខលី ឲ្យដឹងទៀតថា ក្រៅតែជារបរបន្ទាប់បន្សំក្នុងភូមិ សហគមអ្នកស្រីក៏ធ្លាប់នាំយកដំណាប់ បណ្ដូលពេជ្រនេះ រួមនឹងដំណាប់ផ្សេងៗទៀតប្រចាំតំបន់ដូចជា ដំណាប់ផ្លែបាស ល្ហុង និងដំណាប់ក្រូចសើច ទៅតាំងបង្ហាញ ក្នុងពិពណ៍ផលិតផលខ្មែរនៅភ្នំពេញផងដែរ នាពេលកន្លងមក ដោយទទួលការចាប់អារម្មណ៍ពីមជ្ឈដ្ឋានទូទៅ៕