MH370 បាត់​ដំណឹង​ឈឹង​ជិត ៤ឆ្នាំ ឥឡូវ​មាន​ក្រុមហ៊ុន​ចង់​រុក​រក​បន្ត

  • 2017-10-17 07:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​ម៉ាឡេស៊ី បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា មាន​ក្រុមហ៊ុន៣ បាន​ដាក់​សំណើ​សុំ​រុក​រក​ជើង​ហោះហើរ MH370 ជា​ថ្មី បន្ទាប់​ពី​បាត់​ដំណឹង​សូន្យ​តាំង​ពី​ឆ្នាំ២០១៤ ដោយ​នាំ​ទាំង​មនុស្ស ២៣៩​នាក់​ទៅ​ជាមួយ។

​ជើង​ហោះ​ហើរ MH370 បាន​បាត់​ដំណឹង​កាល​ពី​ថ្ងៃ​ទី ០៨ ខែ​មីនា ឆ្នាំ២០១៤ ក្នុង​មហាសមុទ្រ​ឥណ្ឌា ក្រោយ​ហោះ​ហើរ​ចេញ​ពី​ក្រុង​​ប៉េកាំង ប្រទេស​ចិន ដោយ​មាន​គោលដៅ​ឆ្ពោះ​ទៅ​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី។ បន្ទាប់​ពី​បាត់​ខ្លួន ប្រទេស​ជា​ច្រើន បាន​ចូល​រួម​រុក​រក​ទ្រង់​ទ្រាយ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​ចំណាយ​ប្រាក់​អស់​រាប់​លាន​ដុល្លារ ហើយ​វា​បាន​ក្លាយ​ជា​រឿង​អាថ៌កំបាំង​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​គ្រោះ​ថ្នាក់​យន្តហោះ។

រដ្ឋមន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​របស់​ប្រទេស​ម៉ាឡេស៊ី Liow Tiong Lai បាន​និយាយ​ថា ការ​ស្នើ​សុំ​រុក​រក​ជា​ថ្មី​នេះ ទទួល​បាន​ពី​ក្រុមហ៊ុន​បី​គឺ Ocean Infinity នៅ​អាមេរិក, Fugro របស់​ប្រទេស​ហុល្លង់ និង​ក្រុមហ៊ុន​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ទៀត នៅ​ប្រទេស​ម៉ាឡេស៊ី​ផ្ទាល់។ ទោះ​យ៉ាង​ណា រដ្ឋមន្រ្តី​រួប​នេះ​បាន​បញ្ជាក់​ថា មិន​ទាន់​មាន​ការ​សម្រេច​ចិត្ត​នៅ​ឡើយ​ទេ​ពេល​នេះ។

លោក Liow បាន​បន្ត​ទៀត​ថា អាជ្ញាធរ​ម៉ាឡេស៊ី​ត្រូវ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ទាំង​អស់​ខាង​លើ ដើម្បី​លម្អិត​ចំពោះ​ការ​រុក​រក។ យ៉ាង​ណា​ក្ដី លោក​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​មួយ​មក​ពី​អូស្ត្រាលី​ថា ការ​រុក​រក​អាច​នឹង​ចាប់​ផ្ដើម​ឡើង​វិញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដោយ​រង់ចាំ​ការ​ពិភាក្សា​ជាមួយ​ប្រទេស​អូស្ត្រាលី និង​ប្រទេស​ចិន​សិន។

បើ​តាម​អ្នក​តំណាង​មក​ពី​ក្រុមហ៊ុន Ocean Infinity បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ចង់​បាន​កម្រៃ​ពី​ការ​រុក​រក លុះ​ត្រា​យន្តហោះ​ត្រូវ​បាន​រក​ឃើញ​ប៉ុណ្ណោះ៕​

អត្ថបទទាំង​អស់​ពាក់​ព័ន្ធ​នឹង​ដំណឹង MH370៖ សូម​ចុច​ទីនេះ

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ គង់ វិសាល