តាម​ពិត​ អ្នក​ចាំ​ទី​ឆ្នើម​លីគ​ទី​២​ជា​ជម្រើស​ទី​៤​របស់​​ព្រះ​ខ័ន​រាជ​ស្វាយរៀង

  • 2017-10-23 03:14:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​របស់​ក្លឹប​​វិសាខា​​បាន​ជាប់​ជា​អ្នក​ចាំ​ទី​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍​​លីគ​បាល់ទាត់​កម្ពុជា​ទី​២​​​រដូវ​កាល​២០១៧​ បន្ទាប់​ពី​រូប​គេ​ឲ្យ​ក្រុម​វិសាខា​ឈ្នះ​ជើង​ឯក​លីគ​ទី​២​នេះ​ និង​ទទួល​បាន​កៅអី​ឡើង​ទៅ​លេង​លីគ​កំពូល​កម្ពុជា​រដូវ​កាល​២០១៨។

ជា វណ្ណសាក់​ឈ្នះ​ពាន​អ្នក​ចាំ​ទី​ល្អ​ជាង​គេ

អ្នក​ចាំ​ទី​របស់​វិសាខា​នេះ​ឈ្មោះ​ ជា វណ្ណសាក់​ជា​​អ្នក​ចាំ​ទី​របស់​ក្លឹប​ព្រះ​ខ័នរាជ​ស្វាយរៀង​ដែល​ក្រុម​វិសាខា​បាន​ខ្ចី​ជើង​មក​លេង​ក្នុង​លីគ​លំដាប់​ទី​២។ ក្រោយ​​ឈ្នះ​ស្រោប​ដៃ​មាស​ និង​ជួយ​ឲ្យ​វិសាខា​លើក​ពាន​កាល​ពី​ពេល​ថ្មី​ៗ​នេះ វណ្ណសាក់​បាន​ឲ្យ​ដឹង​ថា រូប​គេ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ដែល​មាន​ឱកាស​បង្ហាញ​សមត្ថភាព​លើ​ទី​លាន​ បន្ទាប់​ពី​​ក្រុម​វិសាខា​បាន​ខ្ចី​រូប​គេ​ពី​​ព្រះ​ខ័នរាជ​ស្វាយរៀង។ ពេល​ស្ថិត​នៅ​ព្រះ​ខ័នរាជ​ស្វាយរៀង រូប​គេ​កម្រ​បាន​ឱកាស​បង្ហាញ​សមត្ថភាព​ណាស់​ ដោយ​សារ​រូប​គេ​ស្ថិត​​ជម្រើស​ទី​៤​ ខណៈ​ក្លឹប​មួយ​នេះ​មាន​អ្នក​ចាំ​ទី​ល្អ​ៗ​ច្រើន។

ជា​​ វណ្ណសាក់​បន្ថែម​ថា ក្រោយ​ពេល​ចប់​ព្រឹត្តិការណ៍​លីគ​ទី​២​ រូប​គេ​ត្រូវ​វិល​ត្រឡប់​ទៅ​ព្រះ​ខ័នរាជ​ស្វាយរៀង​វិញ​ហើយ។ ទោះ​ជា​យ៉ាង​ណា ប្រសិន​បើ​វិសាខា​ត្រូវ​ការ​រូប​គេ​បន្ត​ ​ហើយ​ព្រះ​ខ័នរាជ​ស្វាយរៀង​ផ្តល់​ឱកាស​ឲ្យ​ទៀត​នោះ​ រូប​គេ​ពេញ​ចិត្ត​លេង​ឲ្យ​វិសាខា​ទៀត​ ពី​បាន​បង្ហាញ​សមត្ថភាព​ និង​បង្កើត​គុណ​ភាព​កាន់​តែ​ខ្លាំង។

បច្ចុប្បន្ន​នេះ​ ជា​ ​វណ្ណសាក់​ ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ​ដែល​ត្រូវ​លេង​​វគ្គ​ជម្រុះ​​ពាន​រង្វាន់​ AFC U-19 Championships ​​ពី​ថ្ងៃ​ទី​២៤​ ដល់​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៧ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដែល​កម្ពុជា​ស្ថិត​នៅ​ពូល G ​​​ជា​មួយ​ក្រុម​​ U-19 ចិន, U-19 មីយ៉ាន់ម៉ា និង U-19 ហ្វីលីពីន៕

ក្រុម​វិសាខា​ឈ្នះ​ពាន Cambodian League II

អត្ថបទ៖ ជាន ចាន់រ៉ា