ស្គាល់​ DJ Avida ច្បាស់​ បាន​ដឹង​ថា​ពូកែ​ប៉ុណ្ណា (វីដេអូ)

  • 2017-10-24 05:01:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ ពិសេស​អ្នក​ចូល​ចិត្ត​សេវា​កម្សាន្ត​តាម​ក្លឹប​រាត្រី​ប្រាកដ​ជា​ស្គាល់​ហើយ​ DJ Avida ដែល​ល្បី​ថា​មាន​សម្រស់​ស្រស់​ស្អាត និង​មាន​ថ្វី​ដៃ​ល្អ​ក្នុង​ការ​ចាក់​ភ្លេង​កន្ត្រាក់​អារម្មណ៍។ ប៉ុន្តែ​អ្នក​គាំទ្រ​មួយ​ចំនួន​ប្រហែល​ជា​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ថា​ឌីជេ​ស្រី​នេះ​មាន​ជំនាញ​អ្វី​ខ្លះ និង​មាន​ទេពកោសល្យ​ខ្លាំង​ប៉ុណ្ណា​ក្នុង​វិស័យ​សិល្បៈ។

Avida មាន​ឈ្មោះ​ដើម​ថា ពេជ្រ ចិន្ដា។ ទោះ​រូប​នាង​មាន​ឈ្មោះ​ល្បី​ដោយ​សារ​អាជីព​ជា​ឌីជេ​ក្ដី តែ​ស្រី​ស្អាត​រូប​នេះ​​ ប្រាប់​ថា​នាង​ផ្ដើម​ប្រលូក​វិស័យ​​សិល្បៈ​ជា​លើក​ដំបូង​ដោយ​ការ​ប្រឡង​ធ្វើ​ជា​តារា​ម៉ូដែល​ក្នុង​កម្មវិធី​មួយ​ គឺ Khmer Super Model។

ត្បិត​មិន​ទទួល​បាន​ជោគ​ជ័យ​ក្នុង​គ្រា​ប្រឡង​ តែ​ឌីជេ​ស្រី​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ប្រឡង​នាង​ទទួល​បាន​ឱកាស​ការងារ​ជា​ច្រើន លើស​ពី​នោះ​នាង​ថែម​ទាំង​បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស និង​ទទួល​បាន​ពានជាច្រើន​ថែមទៀត​។

​តារា​ស្រី​សាច់​សខ្ចី​ រំលឹក​ថា វា​ជា​បទ​ពិសោធន៍​ល្អ​មួយ​ដែល​នាង​បាន​ប្រឡង​ក្នុង​កម្មវិធី​ជា​ច្រើន​ តែ​មិន​ដែល​ទទួល​បាន​ជ័យ​លាភី​ទេ។ ជំនួស​មក​វិញ​ នាង​តែង​ទទួល​បាន​ពាន​រង្វាន់​គ្រប់​កម្មវិធី​​។ តួ​យ៉ាង ​ក្នុង​កម្មវិធី​ Khmer Super Model នាង​បាន​ពាន​ប្រជា​ប្រិយ​ភាព។ សម្រាប់​ការ​ប្រឡង​បវរកញ្ញា​នៅ​ប្រទេស​ម៉ាឡេស៊ី នាង​​បាន​ជាប់​ជា​បវរកញ្ញា​មាន​ដំណើរ​ស្អាត​ជាង​គេ ឬ The Best Cat Walk។ ចំណែក​ឯ​នៅ​ប្រទេស​កូរ៉េ​វិញ​នាង​ទទួល​បានពាន Best Korea Film Actor ដោយ​គ្រា​នោះ​ នាង​ជា​បេក្ខជន​ម្នាក់​ដែល​មាន​សេចក្ដី​ក្លាហាន​ យល់​ដឹង​ច្រើន​ពី​វិស័យ​សិល្បៈ​សម្ដែង​របស់​កូរ៉េ និង​ចេះ​លេង​ទឹក​មុខ​បាន​សក្ដិសម​ទៅ​បាន​តួ​សម្ដែង​ដែល​គេ​ដាក់​ឲ្យ។

Avida បញ្ជាក់​ថា សព្វ​ថ្ងៃ​នាង​​មិន​បោះ​អាជីព​ជា​តារា​ម៉ូដែល​ឡើយ នាង​តែង​តែ​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​ជាតិ និង​អន្តរជាតិ​ធំៗ ថែម​ទាំង​ថត​ឲ្យ​ទស្សនាវដ្ដី​ជា​ច្រើន។ ក្រៅ​ពី​អាជីព​ទាំង​២​ខាង​លើ ស្រី​ស្អាត​រូប​នេះ មាន​ការងារ​ជា​ Assistant Producer ឬ ជំនួយ​ការ​អ្នក​ដឹក​នាំ​កម្មវិធី​ទូរទស្សន៍ នៅ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​ CTN។ ​​

ត្បិត​កំពុង​បោះ​ជំហាន​លើ​វិថី​សិល្បៈ​យ៉ាង​រលូន​ក្ដី តារា​មាន​ប្រភព​មក​ពី​ភ្នំពេញ​រូប​នេះ ប្រាប់​ថា ខ្លួន​មិន​ប្រលែង​ដៃ​ភ្លេច​ខ្លួន​នោះ​​ទេ។ រូប​នាង​នៅ​តែ​ប្រឹង​​បង្កើន​សមត្ថភាព​ផ្នែក​ឌីជេ​នេះ ព្រោះ​​​មាន​​​បំណង​ប្រាថ្នា​​ ​ចង់​ពង្រីក​កេរ្តិ៍ឈ្មោះ​​ទៅ​ក្រៅ​ប្រទេស​​ យ៉ាង​ហោច​ណាស់​​ឲ្យ​បាន​ត្រឹម​ថ្នាក់​អាស៊ី និង​ឈាន​បន្ត​ឈាន​ទៅ​ដល់​អឺរ៉ុប។ ម្យ៉ាង​ទៀត​ នាង​ប៉ងចង់​បើក​ស្ទូឌីយ៉ូ ផ្ទាល់​ខ្លួន​​១​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​រៀប​ចំភ្លេង៕​​​​​

ទស្សនា​រូប Avida ក្នុង​ការងារ​ជា​ម៉ូដែល៖

អត្ថបទ៖ សុខណា

រូបភាព៖ Fb DJ Avida

អត្ថបទថ្មី