មកស្គាល់កុមារអច្ឆរិយទាំង១០ ដែលមានសមត្ថភាពអស្ចារ្យ នឹកស្មានមិនដល់
- 2017-11-01 06:39:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់កុមារអច្ឆរិយទាំង១០ ដែលមានសមត្ថភាពអស្ចារ្យ នឹកស្មានមិនដល់
ចន្លោះមិនឃើញ
ជាការពិតណាស់ ក្មេងៗតែងមានភាពច្នៃប្រឌិតច្រើន ហើយមើលទៅពិភពលោក ដោយភាពងឿងឆ្ងល់ និងចង់ដឹងចង់ឃើញ។ នៅក្នុងថ្ងៃនេះ យើងនឹងណែនាំប្រិយមិត្តទាំងអស់គ្នា ឲ្យបានស្គាល់នូវកុមារអច្ឆរិយទាំង ១០ រូប ដែលមានសមត្ថភាពអស្ចារ្យ នឹកស្មានមិនដល់ និងបានផ្លាស់ប្ដូរពិភពលោកនេះ។
#១ Jack Andraka
Jack បានកើតនៅក្នុងឆ្នាំ១៩៩៧។ កាលនោះ គេគឺជាក្មេងសាមញ្ញម្នាក់ប៉ុណ្ណោះ រហូតដល់មិត្តភ័ក្ដិជិតស្និទ្ធ បានស្លាប់ដោយសារជំងឺមហារីក ទើបបំផុសគំនិត Jack ឲ្យស្វែងរកវិធី ដើម្បីកំណត់ដំណាក់កាលដំបូងនៃជំងឺមហារីក។ នៅវ័យ ១៥ឆ្នាំ Jack បានរកឃើញឧបករណ៍ថ្មី ដែលអាចចាប់វត្តមានកោសិកាមហារីក ដែលមានតម្លៃថោក , លឿនជាង (១៦៨ដង) និង ច្បាស់ជាង (២៥-៥០ភាគរយ) ការធ្វើតេស្តដទៃទៀត។
#២ Ann Makosinski
នៅក្នុងឆ្នាំ២០១៣ កូនសិស្សវិទ្យាល័យកាណាដា អាយុ ១ឆ្នាំរូបនេះ បានបង្កើតពិល Hollow Flashlight ដែលបម្លែងកម្ដៅរាងកាយ ឲ្យទៅជាពន្លឺ ដោយមិនចាំបាច់ប្រើអាគុយ ឬថាមពលអ្វីទាំងអស់។
Ann បានបង្កើតពិលនេះឡើង បន្ទាប់ពីមានការរំជួលចិត្តយ៉ាងខ្លាំង នៅពេលបានដឹងថា មិត្តភ័ក្ដិម្នាក់នៅក្នុងប្រទេសហ្វីលីពីន មានបញ្ហានៅឯសាលារៀន ពោលគឺគ្មានពន្លឺភ្លើងប្រើនៅពេលយប់ ដែលជាពេលនាងទំនេរ ដើម្បីធ្វើកិច្ចការផ្ទះ។
#៣ Alex Deans
Alex បានកើតនៅក្នុងឆ្នាំ១៩៩៧។ នៅវ័យ ១២ឆ្នាំ គេបានបង្កើតឧបករណ៍ម្យ៉ាង មានឈ្មោះថា iAid ដែលជាឧបករណ៍បង្ហាញផ្លូវ ដើម្បីជួយដល់មនុស្សពិការភ្នែក។
Alex ធ្លាប់បានជួយស្រ្តីពិការភ្នែកម្នាក់ឆ្លងថ្នល់ ខណៈមិនមានឧបករណ៍ណាមួយ អាចជួយមនុស្សពិការភ្នែក ឲ្យដើរទៅណាមកណាដោយឯករាជ្យភាពបានឡើយ។ ក្រោយមក Alex បានបង្រៀនខ្លួនឯងសរសេរកូដកម្មវិធី និងបានបង្កើតឧបករណ៍ iAid នេះឡើងតែម្ដង។
#៤ Malala Yousafzai
បុគ្គលវ័យក្មេងបំផុត ដែលទទួលបានពាន់រង្វាន់ Nobel Prize រូបនេះ បានកើតនៅក្នុងប្រទេសប៉ាគីស្ថាន។ នាងបានរស់នៅក្នុងទីក្រុងតូចមួយ គ្រប់គ្រងដោយពួកតាលីបង់ (Taliban) ដែលហាមឃាត់ក្មេងស្រី មិនឲ្យទទួលការអប់រំ ឬចូលរៀនឡើយ។
នៅវ័យ ១៥ឆ្នាំ នាង Malala ត្រូវបានខ្មាន់កាំភ្លើងតាលីបង់បាញ់ចំក្បាល ខណៈពេលដែលនាងកំពុងជិះឡានទៅសាលារៀន។ ទោះជាយ៉ាងណា នាងបានរស់រានមានជីវិតពីការវាយប្រហារនោះ ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យមួយ នៅក្នុងទីក្រុង Birmingham ចក្រភពអង់គ្លេស។ បច្ចុប្បន្ន នាងបានរស់នៅ និងដឹកនាំគម្រោងអប់រំមួយចំនួននៅទីនោះ។
#៥ Anne Frank
នាង Anne បានសរសេរសៀវភៅមួយក្បាល មានចំណងជើងថា «The Diary of a Young Girl» ដែលជាសៀវភៅល្បីល្បាញមួយ ក្នុងចំណោមសៀវភៅដែលល្បីល្បាញបំផុតរបស់ពិភពលោក។
ក្រុមគ្រួសាររបស់នាងបានលាក់ខ្លួនអស់រយៈពេល ២ឆ្នាំ នៅពេលដែលការធ្វើទុក្ខបុកម្នេញ លើប្រជាជនជ្វីហ្វបានកើនឡើង ប៉ុន្តែពួកគេត្រូវបានចាប់ខ្លួនដោយប៉ូលិសសម្ងាត់ Gestapo របស់ Nazi និងត្រូវបានបញ្ជូនទៅជុំរុំឃុំឃាំងមួយ។
នាង Anne បានស្លាប់នៅអាយុ ១៦ឆ្នាំ នៅក្នុងជុំរុំនោះ រយៈពេលប៉ុន្មានខែប៉ុណ្ណោះ មុនពេលបញ្ចប់សង្គ្រាម។ កំណត់ហេតុប្រចាំថ្ងៃរបស់នាង ត្រូវបានបោះពុម្ពផ្សាយ នៅក្នុងឆ្នាំ១៩៥២ ដោយឪពុករបស់នាង ហើយត្រូវបានបកប្រែ ចំនួន ៦០ភាសា។ នាង Anne ចង់ក្លាយជាអ្នកកាសែត ប៉ុន្តែគួរឲ្យសោកស្ដាយ នាងមិននៅរស់រានមានជីវិត ដើម្បីធ្វើជាសាក្សីនៃកំណត់ហេតុប្រចាំថ្ងៃ ដែលនាងបានសរសេរឡើយ។
#៦ Elif Bilgin
នៅវ័យ ១៦ឆ្នាំ និងក្រោយពេល ២ឆ្នាំ នៃការស្រាវជ្រាវ និងបរាជ័យអស់ជាច្រើនដង នៅទីបំផុត ក្មេងស្រីមកពីប្រទេសតួកគីរូបនេះ បានបង្កើតដំណើរការមួយ ដែលអាចបម្លែងសំបកចេក ទៅជាជីវប្លាស្ទិក (Bioplastic) ដែលអាចកាត់បន្ថយការបំពុលបរិស្ថានបាន។ នាងបានឈ្នះពាន់រង្វាន់វិទ្យាសាស្ត្រ «2013 Science in Action Award»។
#៧ Boyan Slat
ក្មេងជំទង់អាយុ ១៩ឆ្នាំ មកពីប្រទេសហូឡង់រូបនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានរកឃើញប្លាស្ទិកជាច្រើន ខណៈពេលកំពុងជ្រមុជទឹកលេង នៅប្រទេសក្រិក។ Boyan បានជ្រើសរើសការស្វែងរក «ការបំពុលមហាសមុទ្រ» ជាគម្រោងវិទ្យាសាស្ត្ររបស់ខ្លួនតែម្ដង។
នៅវ័យ ១៨ឆ្នាំ Boyan បានបង្ហាញប្រព័ន្ធមួយ ដែលប្រើចរន្តទឹកមហាសមុទ្រ ដើម្បីធ្វើឲ្យប្លាស្ទិកប្រមូលផ្ដុំដោយខ្លួនឯង ដែលអាចកាត់បន្ថយដំណើរការ នៃការសម្អាតមហាសមុទ្រ។ អង្គការ និងក្រុមហ៊ុនជាច្រើន បានកោតសរសើរចំពោះការបង្កើតរបស់គេ។ Boyan គឺជាមនុស្សវ័យក្មេងបំផុត ដែលទទួលបានពានរង្វាន់បរិស្ថានខ្ពស់បំផុតរបស់អង្គការសហប្រជាជាតិ។
#៨ Louis Braille
អ្នកប្រហែលជាធ្លាប់បានដឹងអំពីប្រព័ន្ធ នៃការអាន និងសរសេរ សម្រាប់មនុស្សពិការភ្នែកហើយ។ វាត្រូវបានបង្កើតឡើងដោយ Louis Braille ដែលមានអាយុ ១៥ឆ្នាំ។
នៅពេល Louis មានអាយុ ៣ឆ្នាំ រូបគេបានពិការភ្នែក ដោយសារតែរបួសភ្នែក។ ទោះបីជាពិការភ្នែកក៏ដោយ ប៉ុន្តែ Louis បានពង្រីកចំណេះដឹងរបស់ខ្លួន ហើយទទួលបានអាហារូបករណ៍ ដើម្បីចូលរៀននៅក្នុងវិទ្យាស្ថាន Royal Institute for Blind Youth ទៀតផង។ នៅទីនោះ Louis បានចាប់ផ្ដើមធ្វើការលើប្រព័ន្ធ ដែលអាចជួយមនុស្សពិការភ្នែកឲ្យសរសេរ និងអានបានយ៉ាងឆាប់រហ័ស។
#៩ Easton LaChappelle
នៅវ័យ ១៤ឆ្នាំ ក្មេងជំទង់រូបនេះ បានបង្កើតដៃមនុស្សយន្តដំបូងបង្អស់របស់ខ្លួន ដោយប្រើប្រាស់ឧបករណ៍ Lego និងខ្សែសន្ទូចត្រី។ Easton មិនបានឈប់ត្រឹមនេះទេ ដោយគេបានប្រើប្រាស់បច្ចេកវិទ្យាបោះពុម្ព 3D និង ចំណេះដឹងនៃមនុស្សយន្ត ដែលរៀនចេះដោយខ្លួនឯង ដើម្បីបម្លែងគំរូដើមរបស់ខ្លួន ទៅជាឧបករណ៍ដែលមានប្រយោជន៍ និងតម្លៃសមរម្យ។
ជាលទ្ធផល អង្គការ NASA បានចាប់អារម្មណ៍យ៉ាងខ្លាំងលើការងាររបស់ Easton និងបានអញ្ជើញគេឲ្យចូលរួមក្នុងក្រុម Robonaut របស់ពួកគេទៀតផង។ បច្ចុប្បន្ន Easton មានអាយុ ១៧ឆ្នាំ ហើយកំពុងតែធ្វើការឲ្យអង្គការ NASA។
#១០ Philo Farnsworth
ក្មេងជំទង់អាយុ ១៧ឆ្នាំ ដែលពូកែខាងគីមីវិទ្យា និង រូបវិទ្យា ធ្លាប់បានពិគ្រោះជាមួយគ្រូបង្រៀនវិទ្យាល័យរបស់ខ្លួន អំពីគំនិតជាក់លាក់មួយ ដែលខ្លួនបានគិត។ គំនិតនោះមានភាពស្មុគស្មាញណាស់ ដោយ Philo ត្រូវគូរដ្យាក្រាមនៅលើក្ដារ ដើម្បីឲ្យគ្រូយកទៅសិក្សានៅពេលក្រោយ។
Philo ត្រូវបានគេលើកទឹកចិត្តឲ្យបន្តធ្វើការលើគំនិតរបស់ខ្លួន។ ៧ឆ្នាំក្រោយមក គឺនៅក្នុងឆ្នាំ១៩២៧ Philo បានបង្កើតឧបករណ៍ដ៏ពិសេសមួយ នោះគឺ ទូរទស្សន៍អេឡិចត្រូនិកដំបូងបង្អស់របស់ពិភពលោក៕
ចុចអាន៖