វង្ស​ ណយ​ ប្រាប់​មូលហេតុ​ដូរ​របៀប​វ៉ៃ​ថ្មី​ចាប់​ពី​ពេល​នេះ​តទៅ

  • 2017-11-07 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ជើង​ខ្លាំង​គុន​ខ្មែរ​ជួរ​មុខ​របស់​ប្រទេស​កម្ពុជា​ វង្ស​ ណយ​ ថា​ មួយ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​ដែល​មាន​លទ្ធផល​ល្អ​ទាំង​នេះ​គឺ​មក​ពី​គេ​ផ្លាស់ប្ដូរ​របៀប​វ៉ៃ​ រួម​ផ្សំ​ជំងឺ​ប្រចាំ​កាយ​ធូរស្រាល​ផង​ទើប​អាច​ហ្វឹកហាត់​និង​ប្រកួត​បាន​ឡើង​វិញ​នេះ។​

កីឡាករ វង្ស ណយ

វង្ស​ ណយ​ បាន​ឲ្យ​ដឹង​ថា​ ដោយ​មាន​ការ​ដាស់​តើន​ពី​មិត្តភ័ក្ដិ​ និង​អ្នក​ស្រឡាញ់​គាំទ្រ​ផង​នោះ​ ឲ្យ​ដូរ​របៀប​វ៉ៃ​ឡើង​វិញ​ អាច​ថា​ក្បាច់​វ៉ៃ​ដដែល​នា​ពេល​បច្ចុប្បន្ន​គេ​ដឹង​អស់​ហើយ​ វ៉ៃ​ក៏​លែង​សូវ​មាន​ប្រសិទ្ធភាព​ដែរ​ ដូច្នេះ​គួរ​តែ​ប្ដូរ​ស្នៀត​ថ្មី​ទើប​ល្អ។​ ការ​ប្ដូរ​របៀប​ប្រកួត​ថ្មី​នេះ​ពិតជា​មាន​ប្រសិទ្ធភាព​មែន​ ពោល​ប្រកួត​បាន​ល្អ​ជាង​មុន​ហើយ​លទ្ធផល​ក៏​ប្រសើរ​ទៀត​ផង។​

កីឡាករ វង្ស ណយ ពេលឈ្នះថៃ

អ្នក​លេង​កែង​ពិឃាដ​រូប​នេះ​បន្ថែម​ថា​ លទ្ធផល​ល្អ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ​ អាច​ថា​មក​ពី​ជំងឺ​ក្រពះ​ពោះវៀន​ និង​ជំងឺ​ដុះ​សាច់​ច្រមុះ​បាន​ធូរស្រាល​បន្តិច​មិន​សូវ​ធ្វើ​ទុក្ខ​ ហើយ​អាច​ហាត់​បាន​ពេញ។​ កីឡាករ​រូប​នេះ​ក៏​អរគុណ​ដល់​បង​ប្អូន​ដែល​គោរព​ស្រឡាញ់​នៅ​សហរដ្ឋអាមេរិក​ដែល​បាន​ផ្ញើ​ថ្នាំ​មក​ឲ្យ​ និង​អ្នក​គាំទ្រ​ដែល​តែងតែ​រិះគន់​អំពី​ការ​ប្រកួត​នានា​ ជា​ហេតុ​ធ្វើ​ឲ្យ​រូប​គេ​រឹតតែ​ខំប្រឹង​ប្រែង​កែលំអ​ពង្រឹង​សមត្ថភាព​ឡើង​វិញ។​

កីឡាករ​ វង្ស ណយ ថតជា​មួយអ្នកគាំទ្រ

វង្ស​ ណយ​ ហាក់​ដូច​ជា​កាក​កប​ប៉ុន្មាន​ខែ​នេះ​ ដោយ​ឃើញ​ឡើង​សង្វៀន​មិត្តភាព​អន្តរជាតិ​ជា​ហូរហែ​នៅ​សង្វៀន​បាយ័ន​ ហើយ​ប្រកួត​ចុងក្រោយ​របស់​គេ​ផ្ដួល​ជើង​ខ្លាំង​ថៃ​ Yodkaowang​ ឲ្យ​សន្លប់​នៅ​ទឹក​ទី២៕​

អត្ថបទ៖ នួន ស៊ីណា​