កុំព្យូទ័រ​ ​Mac​ ​គាំង​ ​Shutdown​ ​មិន​បាន​ ​នេះ​វិធី​ដោះស្រាយ

  • 2017-11-08 02:17:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុំព្យូទ័រ​ ​Mac​ ​ដែល​មាន​តម្លៃ​ខ្ទង់​ពាន់​ដុល្លារ​នោះ​ ​រមែង​ជួប​បញ្ហា​គាំង​ម្ដងម្កាល​អាស្រ័យ​ការ​ថែទាំ​របស់​អ្នក​ប្រើប្រាស់​ ​និង​អាយុ​កាល​របស់​វា។ បញ្ហា​ប្រឈម​ដែល​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​ប្រភេទ​នេះ​ជួប​ ​គឺ​ចូល​ចុច​ ​Shutdown​ ​(បិទ)​ ​តែ​ម៉ាស៊ីន​មិន​បិទ​នោះ​ឡើយ។ ដូច​នេះ​ ​ខាង​ក្រោម​ជា​គន្លឹះ​ដើម្បី​ដោះស្រាយ​បញ្ហា​ខាង​លើ៖

របៀប​បិទ​ម៉ាស៊ីន​ ​Mac

១. ចុច​លើ​ស្លាក​សញ្ញា​ផ្លែ​ប៉ោម​នៅ​ខាង​លើ​ផ្នែក​ឆ្វេង​អេក្រង់​ ​រួច​ជ្រើសរើស​ ​Shut Down។

២. អ្នក​នឹង​ឃើញ​ផ្ទាំង​មួយ​បញ្ជាក់​អ្នក​ក្នុង​ការ​ ​Shut down​ ​ជាមួយ​នឹង​រយៈពេល​រាប់​ថយ​ក្រោយ​ប្រមាណ​ ​១ នាទី។

៣. អ្នក​អាច​រំលង​ការ​រាប់​ថយក្រោយ​នេះ​បាន​ ​បើសិនជា​អ្នក​ចុច​ ​Command key​ ​ឲ្យ​ជាប់​ ​ខណៈ​ជ្រើសរើស​ ​Shut Down។

៤. អ្នក​ប្រហែល​ឃើញ​ផ្ទាំង​មួយ​បង្ហាញ​អ្នក​ថា​ ​គួរ​រក្សាទុក​ទិន្នន័យ​លើ​កម្មវិធី​ណាមួយ​អ្នក​កំពុង​ប្រើ។

៥. ពេល​បិទ​នូវ​កម្មវិធី​ទាំងអស់​ ​ម៉ាស៊ីន​ ​Mac​ ​នឹង​អាច​បិទ​បាន​។

ប៉ុន្តែ​ពេល​ខ្លះ​ ​វា​មិន​មាន​លក្ខណៈ​រលូន​នោះ​ទេ​ ដែល​មាន​ហេតុផល​មួយ​ចំនួន​ ​ដែល​តម្រូវ​ផ្ដល់​ពេលវេលា​បន្ថែម​ដល់​ម៉ាស៊ីន​ ​Mac។

ប្រសិនបើ​ម៉ាស៊ីន​មិន​បិទ​ដូច​ធម្មតា​ទេ​ ​ចំណុច​ដំបូង​គួរ​ធ្វើ​គឺ​ទុក​ពេល​ឲ្យ​វា​បន្តិច​។ ពេល​ខ្លះ​ដំណើរការ​ក្នុង​ការ​បិទ​ប្រព័ន្ធ​មាន​រយៈពេល​យូរ​បន្តិច​លើ​ ​MacOS​ ​ប៉ុន្តែ​មិន​លើស​ពី​ ​មួយ​នាទី​នោះ​ទេ​ ​ទៅ​តាម​កម្រិត​កម្មវិធី​ ​ឬ​ឯកសារ​បើក​ ​តិច​ឬ​ច្រើន​ ​ហើយ​ប្រព័ន្ធ​ព្យាយាម​បិទ​កម្មវិធី​ទាំងអស់​នោះ​។ ដូច្នេះ​ក្នុង​ករណី​នេះ​ ​អ្នក​ចុច​លើ​ស្លាក​សញ្ញា​ផ្លែ​ប៉ោម​ ​រួច​ជ្រើសរើស​ ​Shut Down បន្ទាប់​មក​ទុក​ម៉ាស៊ីន​ដំណើរការ​ខ្លួន​វា​ប្រហែល​ ​៥ នាទី​។

បិទ​កម្មវិធី​ ​ឬ​ឯកសារ​ទាំងអស់​មុន​ពេល​បិទ​ម៉ាស៊ីន

ប្រព័ន្ធ​ប្រតិបត្តិការ​ Mac ត្រូវការ​បិទ​នូវ​កម្មវិធី​ទាំងអស់​ មុន​វា​អាច​បិទ​បាន​។ បញ្ហា​ក្នុង​ដំណើរការ​បិទ​ប្រព័ន្ធ​ ពេល​ខ្លះ​ដោយសារ​កម្មវិធី​បរាជ័យ​ក្នុង​ការ​បិទ​ ដូចជា​កម្មវិធី​មាន​ឯកសារ​មិន​បាន​រក្សាទុក​ ឬ​កម្មវិធី​គាំង​។ អ្នក​អាច​ពិនិត្យ​មើល​នូវ​បញ្ហា​ទាំង​នេះ​ដូច​ខាងក្រោម៖

១. ត្រួត​ពិនិត្យ​មើល​លើ​ ​Dock​ ​សម្រាប់​កម្មវិធី​លោត​ចុះ​ឡើង​ ដែល​ទាញ​ចំណាប់​អារម្មណ៍​អ្នក​លើ​កម្មវិធី​ ​ឬ​ឯកសារ​នោះ។

២. ប្រសិនបើ​អ្នក​ត្រូវការ​រក្សាទុក​ ​File​ ​ជ្រើសរើស​ ​Save​ ​ពី​ផ្ទាំង​ ​Alert Window​ ​សម្រាប់​ឯកសារ​នីមួយៗ។ ប្រសិនបើ​អ្នក​ជ្រើសរើស​ ​Cancel​ ​វា​នឹង​បញ្ឈប់​ដំណើរការ​បិទ​ប្រព័ន្ធ។

៣. ប្រសិនបើ​មាន​កម្មវិធី​បរាជ័យ​ក្នុង​ការ​បិទ​ ​អ្នក​អាច​ ​Force Quit​ ​ដោយ​ចុច​ ​Mouse​ ​ស្ដាំ​លើ​កម្មវិធី​នោះ​អ្នក​នឹង​មាន​ជម្រើស​ ​Force Quit​ ​បាន​ ​(ប៉ុន្តែ​អាច​បាត់បង់​ទិន្នន័យ​ក្នុង​កម្មវិធី​នោះ)។ពេល​កម្មវិធី​បិទ​អស់​ហើយ​ ​ប្រព័ន្ធ​នឹង​អាច​បិទ​ដោយ​ជោគជ័យ។

ធ្វើ​យ៉ាងម៉េច​ពេល​ម៉ាស៊ីន​ Mac គាំង?

ពេល​ខ្លះ​ម៉ាស៊ីន​ ​Mac​ ​មិន​បិទ​ ដោយសារ​វា​គាំង​។ អ្នក​អាច​សាក​រំកិល​ ​Cursor​ ​ចុះ​ឡើង​ ​ប្រសិនបើ​មិន​អាច​រំកិល​បាន​នោះ​ទេ​ មាន​ន័យ​ថា​ប្រព័ន្ធ​ ​Mac​ ​គាំង​។ ដូច្នេះ​អ្នក​អាច​សាកល្បង​វិធី​ដូច​ខាងក្រោម៖

  • ចុច​ប៊ូតុង​ ​Power​ ​ឲ្យ​ជាប់​រយៈពេល​ ​១,៥ វិនាទី​ ​អ្នក​នឹង​ឃើញ​ផ្ទាំង​មួយ​សួរ​អ្នក​ចង់​ Sleep, Restart ឬ​ Shutdown។
  • អ្នក​អាច​ចុច​លើ​ ​Control​ ​ជាមួយ​នឹង​ប៊ូតុង​ ​Power​ ​ឲ្យ​ជាប់​ដែល​នឹង​បង្ខំ​ម៉ាស៊ីន​ ​Mac​ ​បិទ​បើក​ឡើង​វិញ។

ប្រសិនបើ​ម៉ាស៊ីន​ ​Mac​ ​នៅ​តែ​មិន​បិទ​ទៀត​ ​អ្នក​អាច​បង្ខំ​ឲ្យ​បិទ​តែ​ម្ដង

១. ចុច​ប៊ូតុង​ ​Power​ ​ឲ្យ​ជាប់​រហូត​ដល់​អេក្រង់​រលត់​ និង​ពន្លឺ​ថាមពល​បិទ។

២. ទុក​ម៉ាស៊ីន​ប្រហែល​ ​៣០ វិនាទី​ ​មុន​ចុច​ប៊ូតុង​ ​Power​ ​ម្ដង​ទៀត​ក្នុង​ការ​បើក​ប្រើប្រាស់។

វា​មិនមែន​ជា​ទម្លាប់​ល្អ​នោះ​ទេ​ក្នុង​ការ​បិទ​ម៉ាស៊ីន​ ​Mac​ ​ដោយ​វិធី​នេះ​ ​ប្រព័ន្ធ​ ​MacOS​ ​នឹង​អាច​ដំណើរការ​ល្អ​ ​ប្រសិនបើ​អ្នក​បិទ​តាម​ប្រក្រតី​។ ប្រសិនបើ​ម៉ាស៊ីន​ Mac បដិសេធ​មិន​បិទ​ ​ហើយ​អ្នក​បាន​បិទ​កម្មវិធី​អស់​ហើយ​ អ្នក​គួរ​ពិនិត្យ​មើល​បញ្ហា​របស់​វា​សិន​ ​ជៀស​ជាង​ពឹង​លើ​ការ​ចុច​លើ​ប៊ូតុង​ ​Power ឲ្យ​ជាប់​។

របៀប​ជួសជុល​ពេល​ប្រព័ន្ធ​ ​Mac​ ​មិន​អាច​បិទ​

ប្រសិនបើ​ប្រព័ន្ធ​ចេះ​តែ​មិន​អាច​បិទ​បាន​ជោគជ័យ​ អ្នក​អាច​សាកល្បង​វិធី​នេះ​បាន​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​លើ​ឧបករណ៍​ខ្លួន​អ្នក​ ជា​ពិសេស​ចំណុច​ទី​ ៧ និង​ ៨។

១. ព្យាយាម​កំណត់​នូវ​កម្មវិធី​ណាមួយ​ដែល​បង្កើត​បញ្ហា​ ដោយ​អាច​គាំង​ពេល​ដំណើរការ​បិទ​ប្រព័ន្ធ​ បន្ទាប់​មក​ធ្វើ​កំណែ​ទម្រង់​កម្មវិធី​នោះ​ ឬ​ដំឡើង​កម្មវិធី​នោះ​សារ​ជា​ថ្មី​។

២. ព្យាយាម​កំណែ​ទម្រង់​កម្មវិធី​ ដោយ​បើក​កម្មវិធី​ ​App Store រួច​ចុច​ Updates > Update All។

៣. កំណែ​ទម្រង់​កម្មវិធី​ អ្នក​បាន​ដំឡើង​ក្រៅ​ ​App Store​ ​ដោយ​បើក​កម្មវិធី​ ​រួច​ជ្រើសរើស​ ​Help > Update or App > Update Software។

៤. ត្រួត​ពិនិត្យ​ថា​អ្នក​បាន​បិទ​នូវ​ FileValut ដោយ​ចូល​ System Preferences > Security & Privacy > FileValut > Turn Off FileValut។

៥. បើក​កម្មវិធី​ Disk Utility ជ្រើសរើស​ Hard drive សំខាន់​ ហើយ​ចុច​ Verify Disk។ ប្រសិនបើ​មាន​បញ្ហា​ណាមួយ​ ​ចុច​លើ​ Repair Disk។

៦. ជ្រើសរើស​ ​Volume​ ​សំខាន់​ក្នុង​ Disk Utility រួច​ជ្រើសរើស​ Verify Disk Permissions > Repair Disk Permissions។

៧. Reset នូវ​ SMC។

៨. ធ្វើ​ការ​ ​Back up​ ​នូវ​ប្រព័ន្ធ​ ​Mac​ ​ហើយ​ដំឡើង​ ​MacOS​ ​សារ​ជា​ថ្មី​៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Macworld   ប្រែសម្រួល៖ ប៊ុន ធឿន